ទេសរដ្ឋមន្ត្រី ថោង ខុន៖ មហាព្រឹត្តិការណ៍គុនខ្មែរ នៅមុខព្រះលានជល់ដំរី ផ្សព្វផ្សាយទៅកាន់ជាង ២០០ប្រទេស ខណៈកីឡាករកម្ពុជា ៣រូបឈ្នះខ្សែក្រវាត់
19-10-2026 11:30
(ភ្នំពេញ)៖ លោកបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានកោតសរសើរ ចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer x Fight Clubbing» ឆ្នាំ២០២៦ នៅមុខព្រះលានជល់ដំរី ដែលនឹងត្រូវផ្សព្វផ្សាយទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក ស្របពេលកីឡាករកម្ពុជា ៣រូបឈ្នះខ្សែក្រវាត់។
ការគូសបញ្ជាក់នេះ ស្របពេលលោកទេសរដ្ឋមន្ដ្រី បានអញ្ជើញជាអធិបតីក្នុងមហាព្រឹត្តិការណ៍គុនខ្មែរខាងលើ ដែលបានចាប់ផ្ដើមការប្រកួត កាលពីរាត្រីថ្ងៃទី១៨ ខែតុលានេះ ដោយមានកីឡាករឆ្នើមៗរបស់កម្ពុជា ៧រូប ត្រូវជួបប្រកួតជាមួយកីឡាករល្បីៗមកពីស្ថាប័ន Fight Clubbing របស់ប្រទេសអ៉ីតាលី ហើយមានការផ្សាយបន្ដផ្ទាល់ទៅកាន់ទូរទស្សន៍ DAZN ដែលមានបណ្ដាញផ្សព្វផ្សាយជាង ២០០ប្រទេសជុំវិញពិភពលោក។
ឆ្លៀតឱកាសនោះ លោកបណ្ឌិត ថោង ខុន បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះប្រតិភូ អត្តពលិក និងភ្ញៀវជាតិ-អន្ដរជាតិយ៉ាងច្រើនកុះករ ដែលបានចូលរួមទស្សនា និងអបអរសាទរព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ពិសេសលោកបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយជវភាព និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានឯកភាពជាគោលការណ៍អនុញ្ញាតឲ្យ NOCC សហការជាមួយស្ថានីយទូរទស្សន៍ថោន រៀបចំព្រឹត្តិការណ៍ប្រដាល់អន្ដរជាតិដ៏ធំនេះឡើង។
បន្ថែមលើនេះ លោកទេសរដ្ឋមន្ដ្រី បានកោតសរសើរដល់ស្ថានីយទូរទស្សន៍ថោន ដែលបានសហការជាមួយស្ថាប័ន Fight Clubbing រៀបចំមហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរនេះ នៅទីតាំងសៀមរាប-អង្គរ ដែលជាទឹកដីកំណើតនៃគុនខ្មែរ មានអាយុកាលរាប់ពាន់ឆ្នាំ ក្រោមកិច្ចសហការដ៏ល្អពីរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការរួមគ្នាគាំទ្រ និងលើកស្ទួយក្បាច់គុនអត្តសញ្ញាណជាតិខ្មែរ ជាមួយការផ្សាយបន្ដផ្ទាល់ទៅកាន់ជាង ២០០ប្រទេសជុំវិញពិភពលោក តាមរយៈទូរទស្សន៍ DAZN ពីមុខព្រះលានជល់រី។
លោកបណ្ឌិត ថោង ខុន មានសុទិដ្ឋិនិយមព្រឹត្តិការណ៍នេះ មិនត្រឹមតែលើកកម្ពស់ការអភិវឌ្ឍមរតកយុទ្ធគុនដូនតាខ្មែរទៅកាន់ពិភពលោក និងបង្ហាញពីសមត្ថភាពកម្ពុជាលើការរៀបចំព្រឹត្តិការណ៍ប្រដាល់អាជីពកម្រិតអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ អរយិធម៌ នៅតំបន់បេតិកភណ្ឌនៃសៀមរាបអង្គរ ពិសេសជាឱកាសដ៏សំខាន់ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍វប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ ដែលនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយកម្ពុជា ជាគោលដៅទេសចរណ៍មានសុវត្ថិភាព សន្តិសុខ និងស្ថិរភាពពេញលេញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។
សម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ «ភិមានអាកាស Kun Khmer x Fight Clubbing» លើទឹកដីអច្ឆរិយអង្គរនេះ គឺមានការប្រកួតដណ្ដើមខ្សែក្រវាត់ Fight Clubbing World Championship ២គូ ហើយអ្នកលេងគុនខ្មែរ សុទ្ធតែឈ្នះ ពោលគឺកីឡាករ ធឿន ធារ៉ា ឈ្នះកីឡាករសេណេហ្គាល់ Abdoulaye Diallo ដោយពិន្ទុ និងកីឡាករ អេ អាំម៉ារីនភូថង បានយកឈ្នះកីឡាករអ៉ីតាលី Thristan Massobrio ដោយពិន្ទុដូចគ្នា។ ជ័យជម្នះនេះនាំឲ្យកូនសិស្សលោក អេ ភូថង ទាំង ២ ទទួលបានកុងត្រា ៣ប្រកួតបន្ដដោយស្វ័យប្រវត្តិ ជាមួយស្ថាប័ន Fight Clubbing ក្នុងការប្រកួតជុំវិញពិភពលោក។
ជាមួយគ្នាក៏មានការប្រកួតដណ្តើមខ្សែក្រវាត់ IPCC World Championship Kickboxing ២គូផងដែរ ក្នុងនោះកីឡាករ ម៉ឺន មេឃា បានផ្ដួលកីឡាករទួកគី Suayb Acar ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ គ្រាដែលកីឡាករ សោម វិច្ឆ័យ ចាញ់កីឡាករអ៉ីរ៉ង់ Ali Zarinfar ដោយពិន្ទុ។ រីឯការប្រកួតមិត្តភាពអន្ដរជាតិ ៣គូផ្សេងទៀត គឺមានកីឡាករ ពេជ្រ សម្បត្តិ បានផ្ដួលកីឡាករទុយនេស៊ី Ragheb Dkhili ឲ្យសន្លប់បោះបង់ការប្រកួតត្រឹមទឹកទី៣ ស្របពេល ផានិត គុនខ្មែរ បានផ្ដួលកីឡាករអ៊ីតាលី Pasquale Rubino ឲ្យបោះបង់ការប្រកួតត្រឹមទឹកទី២ តែកីឡាករ ឈឿង ល្វៃ បានរងបរាជ័យត្រឹមទឹកទី២ បន្ទាប់ពីមានបញ្ហាជើង មិនអាចបន្ដការប្រកួតទល់កីឡាករអាល់ហ្សេរី Bahri Ayoub៕

















