ចិនគ្រោងរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតសូឡា ដើម្បីរក្សាឥទ្ធិពលក្នុងទីផ្សារពិភពលោក
19-10-2026 12:46
(បរទេស)៖ ប្រទេសចិនបានស្នើដាក់ការរឹតត្បិតការនាំចេញលើបច្ចេកវិទ្យាចំនួន ១២ ប្រភេទ ដែលប្រើក្នុងការផលិតឧបករណ៍សូឡា ដោយលើកឡើងពីក្តីបារម្ភអំពីសន្តិសុខជាតិ។ សំណើនេះជាផ្នែកមួយនៃការកែសម្រួលបញ្ជីគ្រប់គ្រងការនាំចេញរបស់ចិន ដែលរួមមានបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាជីវសាស្រ្តផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់ថា បច្ចេកវិទ្យាផលិតថាមពលពន្លឺព្រះអាទិត្យកំពុងត្រូវបានប្រើប្រាស់កាន់តែច្រើនក្នុងវិស័យរសើប ដូចជា អវកាស និងការពារជាតិ។ កាលពីខែមេសា Reuters បានរាយការណ៍ថា មន្ត្រីចិនបានចាប់ផ្តើមពិភាក្សាជាមួយក្រុមហ៊ុនផលិតអំពីការរឹតត្បិតការនាំចេញបច្ចេកវិទ្យាទំនើបសម្រាប់ផលិតបន្ទះសូឡា ដែលអាចប៉ះពាល់ដល់ផែនការរបស់ក្រុមហ៊ុនអាមេរិកដូចជា Tesla ក្នុងការពង្រីកការផលិតនៅសហរដ្ឋអាមេរិក។
ចិនក៏បានរឹតត្បិតការនាំចេញបច្ចេកវិទ្យាផលិតសូឡាទៅកាន់ប្រទេសឥណ្ឌាផងដែរ។ អ្នកវិភាគយល់ថា ចិនកំពុងព្យាយាមរក្សាភាពលេចធ្លោរបស់ខ្លួនក្នុងឧស្សាហកម្មនេះ ខណៈឥណ្ឌាកំពុងពង្រឹងការផលិតក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើចិន។ ក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា វិធានការនេះមានគោលបំណង «ការពារហានិភ័យដែលអាចកើតឡើងពីបច្ចេកវិទ្យាដែលបាត់បង់ការគ្រប់គ្រង ឬត្រូវបានផ្សព្វផ្សាយដោយមិនត្រឹមត្រូវ ព្រមទាំងការពារការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការអន្តរជាតិធម្មតាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា»។ ការប្រមូលមតិយោបល់សាធារណៈលើសំណើនេះនឹងបិទនៅថ្ងៃទី១៥ ខែវិច្ឆិកា។
គួរជម្រាបថា បច្ចេកវិទ្យាដែលចិនស្នើហាមឃាត់ការនាំចេញ រួមមានបច្ចេកវិទ្យាផលិតកោសិកាសូឡាប្រភេទ Perovskite និង Tandem ព្រមទាំងបច្ចេកវិទ្យាផលិត Polysilicon មួយចំនួន ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ផលិតបន្ទះសូឡា។ ចំណែកបច្ចេកវិទ្យាផលិតកោសិកាសូឡាទំនើបដូចជា TOPCon, HJT និង XBC នឹងត្រូវរឹតត្បិត ប៉ុន្តែមិនហាមឃាត់ទាំងស្រុងនោះទេ៕










