Martinez បាក់ថ្គាម នៅអំឡុងជួយ Chelsea យកឈ្នះម្ចាស់ផ្ទះ Everton ២-០ នៅ Premier League
19-10-2026 13:32
(បរទេស)៖ កីឡាករចាំទី Emiliano Martinez របស់ក្លិបតោខៀវ Chelsea បានថ្លែងថា រូបលោកនឹងត្រឡប់មកវិញ «ក្នុងរយៈពេល ២-៣សប្តាហ៍ខាងមុខ» ក្រោយរងរបួសបាក់ថ្គាម នៅក្នុងជ័យជម្នះ ២ទល់នឹង០ របស់ Chelsea ទៅលើម្ចាស់ផ្ទះ Everton នៅ Premier League កាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ។
ពីគេហទំព័រកីឡា BBC បានចេញផ្សាយថា កីឡាករវ័យ ៣៤ឆ្នាំសញ្ជាតិអាហ្សង់ទីនរូបនេះ បានប៉ះទង្គិចគ្នាយ៉ាងដំណំជាមួយខ្សែការពារ Jarrad Branthwaite នៃការប្រកួតតង់ទី២ នៅកីឡដ្ឋាន Hill Dickinson Stadium នៅពេលដែល Martinez ត្រូវបានក្រុមគ្រូពេទ្យជួយសង្រ្គោះលើទីលានអស់ ៨នាទី មុនពេលសែងចេញ។
អ្នកចាំទីដែលបានរួមចំណែកជួយអាហ្សង់ទីនឈ្នះជើងឯក World Cup 2022 ត្រូវបញ្ជូនទៅមន្ទីរពេទ្យ គ្រាដែល Chelsea បានឱ្យដឹងថា «ការវះកាត់ទទួលបានជោគជ័យហើយ»។
រូបគេបានសរសេរបង្ហោះនៅលើបណ្តាញសង្គមដោយមានពាក់ឧបករណ៍ពេទ្យផងនោះបានឱ្យដឹងថា «អរគុណគ្រប់គ្នាចំពោះសារជូនពរ។ គ្រប់យ៉ាងមានភាពល្អប្រសើរច្រើន។ អ្ចីដែលសំខាន់ពួកយើងបានឈ្នះ និងបន្តមិនរបូតគ្រាប់បាល់។ ២-៣សប្តាហ៍ទៀត ពួកយើងនឹងជួបគ្នា»។
Martinez ដែលបានមកចូលរួមជាមួយ Chelsea នារដូវក្តៅនេះ ក្រោយចំណាយពេល ៦រដូវកាលជាមួយ Aston Villa ត្រូវបានជំនួសដោយ Mike Penders ដែលជាឱកាសបង្ហាញខ្លួនលើកដំបូងនៅ PL ទៀតផង និងត្រៀមបង្ហាញខ្លួនជាមួយ Chelsea ៣ប្រកួតបន្ទាប់។
ពួកគេត្រូវប្រឈមមុខនឹង Tottenham Hotspur និង Manchester United ក្នុងលីគ និងប៉ះ Liverpool ក្នុងពាន League Cup ទៀតផង៕



