* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ព្រះនាងម្ចាស់ Raja Saidatul Mardiah បង្ហាញភាពកក់ក្ដៅ ក្នុងការប្រកួតតេក្វាន់ដូនិម្មិតនៅកម្ពុជា ដែលជាប្រទេសមានសន្ដិភាពពេញលេញ

19-10-2026 14:25

(ភ្នំពេញ)៖ ព្រះនាងម្ចាស់ Raja Saidatul Mardiah សមាជិករាជវង្សព្រះចៅស៊ុលតង់ នៃរដ្ឋ Perak ប្រទេសម៉ាឡេស៊ី បានបង្ហាញភាពកក់ក្ដៅ ក្នុងបេសកកម្មចូលរួមព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូនិម្មិតអាស៊ីអាគ្នេយ៍ SEA Virtual Taekwondo Choi Yongsok VTKD International Cup 2026 នៅប្រទេសកម្ពុជា ហើយបានសរសើរចំៗថា កម្ពុជាជាប្រទេសមានការអភិវឌ្ឍខ្ពស់ និងមានសន្ដិភាពពេញលេញ។

ការលើកឡើងនេះ បន្ទាប់ពីការប្រកួតកីឡាតេក្វាន់ដូនិម្មិត ដែលជាការប្រកួតបែបឌីជីថលខាងលើ ត្រូវបានរៀបចំលើកដំបូងនៅកម្ពុជានាថ្ងៃទី១៧-១៨ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ នៅសាលាអន្ដរជាតិមួយ ក្នុងរាជធានីភ្នំពេញ ដោយមានប្រតិភូ និងអត្តពលិកជិត ១០០នាក់ ស្មើនឹង ១៥ក្លិប មកពី ៥ប្រទេសចូលរួម រួមមានម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី និងម្ចាស់ផ្ទះកម្ពុជា។

ឆ្លងកាត់ការចូលរួមព្រឹត្តិការណ៍ខាងលើ ព្រះនាងម្ចាស់ Raja Saidatul Mardiah បានគូសរំលេចថា «ខ្ញុំមើលឃើញកម្ពុជា គឺជាប្រទេសមានសន្ដិភាព ហើយអ្វីៗគ្រប់យ៉ាង គឺមានការរៀបចំបានយ៉ាងល្អតាមផែនការ។ ខ្ញុំសូមសរសើរ និងអរគុណចំពោះការរៀបចំរបស់គណៈកម្មការក្នុងការរៀបចំស្វាគមន៍ប្រតិភូកីឡារបស់យើង ដូចការស្នាក់នៅ ធ្វើដំណើរ ព្រមទាំងម្ហូបអាហារ ពិសេសម្ហូបហាឡាល់ គឺគណៈកម្មការបានរៀបចំយ៉ាងលម្អិតទៅលើការងារបដិសណ្ឋារកិច្ច»។

អតីតកីឡាការិនីតេក្វាន់ដូឆ្នើមរបស់ម៉ាឡេស៊ីដដែលបន្ដថា «ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយ ដែលបានមកចូលរួមក្នុងការប្រកួតនេះ ក៏ដូចជាបានមើលឃើញពីភាពស្រស់ស្អាតនៃរាជធានីភ្នំពេញ។ នេះជាលើកដំបូងដែលខ្ញុំបានមកកម្ពុជា ហើយឃើញថា កម្ពុជាពិតជាមានការអភិវឌ្ឍន៍ខ្ពស់ ក៏ដូចជាមានការសម្របសម្រួលយ៉ាងកក់ក្ដៅពីក្រុមការងារបច្ចេកទេស និងអ្នករៀបចំកម្មវិធី ជាពិសេសគឺខ្ញុំបានភ្លក្សរសជាតិ និងស្នាដៃអាហារហាឡាល់ ដែលចម្អិនដោយចុងភៅកម្ពុជាផ្ទាល់តែម្ដង»។

ទន្ទឹមជាមួយគ្នា ព្រះនាងម្ចាស់ក៏ចាត់ទុកព្រឹត្តិការណ៍ប្រកួតេក្វាន់ដូនិម្មិតនៅកម្ពូជា គឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេស និងជាការត្រៀមខ្លួនមួយសម្រាប់បណ្ដាប្រទេសចូលរួម ក្នុងការត្រៀមលក្ខណៈចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៤ ឆ្នាំ២០២៧ នៅប្រទេសម៉ាឡេស៊ី ហើយព្រះនាងម្ចាស់ ក៏រំពឹងសហព័ន្ធតេក្វាន់ដូជាតិ និងរាជរដ្ឋាភិបាលរបស់ខ្លួន នឹងសម្របសម្រួលឲ្យមានការចូលរួមឲ្យបានច្រើនលើវិញ្ញាសាតេក្វាន់ដូនិម្មិត ដែលត្រូវបានដាក់ឲ្យក្នុងការប្រកួតស៊ីហ្គេមនាឆ្នាំក្រោយនេះផងដែរ។

គួរដឹងថា ការប្រកួតតេក្វាន់ដូនិម្មិតអាស៊ីអាគ្នេយ៍ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះខាងលើ គឺមានអត្តពលិកចូលរួមសរុបចំនួន ៩៦នាក់ ដោយប្រកួតលើ ១២វិញ្ញាសា និងបែងចែកជា ៤កម្រិតអាយុ ចាប់ពីកម្រិតក្រោមអាយុ ១៤ឆ្នាំ រហូតអាយុ ៣៥ឆ្នាំឡើង។ ជាលទ្ធផលក្រុមម៉ាឡេស៊ី ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៦ ប្រាក់ ៣ និងសំរឹទ្ធ ១), សិង្ហបុរី ឈ្នះមេដាយសរុប ១៤គ្រឿង (មាស ៥ ប្រាក់ ៥ និងសំរឹទ្ធ ៤), វៀតណាម ឈ្នះមេដាយ ៥គ្រឿង (មាស ១ ប្រាក់ ២ និងសំរឹទ្ធ ២) និងកម្ពុជា ឈ្នះមេដាយ ១៦គ្រឿង ប្រាក់ ២ និងសំរឹទ្ធ ១៤គ្រឿង៕