លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន៖ «សម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែគិតគូរជាប់ជានិច្ចក្នុងការជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំពារអ្នកសិល្បៈ ពិសេសសិល្បករចាស់ៗ»
19-10-2026 14:37
(ភ្នំពេញ)៖ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានគូសរំលេចថា នៅក្នុងវិស័យសិល្បៈវប្បធម៌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានដាក់ចេញនូវគោលនយោបាយអាទិភាពក្នុងការថែរក្សា ការពារ អភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងអត្តសញ្ញាណជាតិ។ ពិសេសសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែគិតគូរជាប់ជានិច្ចក្នុងការជួយសម្រាលទុក្ខលំបាក ផ្តល់ក្តីសង្ឃឹម និងការគាំពារសិល្បករសិល្បការិនី ពិសេសសិល្បករចាស់ៗដែលបាត់បង់លទ្ធភាពសម្តែង ឬបម្រើវិស័យសិល្បៈ។
លោកជំទាវអ្នកឧកញ៉ា ពិតជាមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយឧត្តមគតិស្នេហាជាតិ របស់សម្តេចពិតជានឹងនាំកម្ពុជា ឱ្យសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ជាប្រវត្តិសាស្ត្រជាច្រើន អាចជម្នះបាននូវរាល់ឧបសគ្គតូចធំ ពិសេសនឹងរឹងរឹតធ្វើឱ្យប្រទេសកម្ពុជាកាន់តែមានវឌ្ឍនភាព កិត្យានុភាពខ្ពង់ខ្ពស់ ប្រជាជនសម្បូរសប្បាយ រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរសុភមង្គល និងវិបុលភាព។
ក្នុងឱកាសដ៏វិសេសវិសាល និងមហានក្ខត្តឫក្សប្រកបដោយសិរីមង្គល នៃពិធីចម្រើនជន្មាយុគម្រប់៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នាងខ្ញុំ និងស្វាមី ព្រមទាំងសមាជិកសមាជិកាទាំងអស់នៃសមាគមសិល្បករខ្មែរ សូមសម្តែងនូវមនោសញ្ចេតនាអបអរសាទរ និងគារវៈគោរពជូនពរដ៏ស្មោះស្ម័គ្របំផុត ជូនចំពោះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាទីគោរពដ៏ខ្ពង់ខ្ពស់។
«ក្នុងនាមសមាគមសិល្បករខ្មែរ រូបនាងខ្ញុំផ្ទាល់ និងស្វាមី សូមសម្តែងនូវការគោរពកោតស្ញប់ស្ញែង ចំពោះការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងកិច្ចខិតខំប្រឹងប្រែងឥតងាករេរបស់ សម្តេចមហាបវរធិបតី ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងការបន្តជំរុញកំណែទម្រង់ ការពង្រឹង និងពង្រីកចំណងការទូត ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងពង្រឹងសមត្ថភាពប្រកួតប្រជែងលើឆាកអន្តរជាតិ»។
លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែងបន្តថា «ក្នុងទិវាប្រកបដោយក្តីសោមនស្សប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នាសូមគោរពបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមតាមជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី សូមជួបប្រទះតែនឹងសេចក្តីសុខ សុភមង្គល ភាពកក់ក្តៅក្នុងក្រុមគ្រួសារ និងសម្រេចបានជោគជ័យត្រចះត្រចង់ ក្នុងគ្រប់ភារកិច្ចដ៏ឧត្តុង្គឧត្តម ពិសេសសូមជួបប្រទះនូវពុទ្ធពរទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចមហាបវរធិបតី ទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងសេចក្តីជូនពរដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំ»៕







