Microsoft ដកខ្លួនចេញពីមជ្ឈមណ្ឌលទិន្នន័យនៅអង់គ្លេស ខណៈគម្រោងជួបបញ្ហាអគ្គិសនី
20-10-2026 09:43
(បរទេស)៖ ក្រុមហ៊ុន Microsoft បានដកខ្លួនចេញពីកិច្ចព្រមព្រៀងមជ្ឈមណ្ឌលទិន្នន័យជាមួយក្រុមហ៊ុន Nscale នៅទីក្រុង Loughton តំបន់ Essex ប្រទេសអង់គ្លេស។ ទោះជាយ៉ាងណា មូលហេតុនៃការដកខ្លួននេះមិនត្រូវបានបញ្ជាក់ឡើយ ខណៈ Microsoft បានបដិសេធមិនធ្វើអត្ថាធិប្បាយលើករណីនេះ។ នេះបើយោងតាមសារព័ត៌មាន The Telegraph របស់អង់គ្លេស ដែល Reuters បានរាយការណ៍បន្តនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
តាម The Telegraph គម្រោងនេះបានជួបការពន្យារពេលជាច្រើនលើក ដោយសារបញ្ហាផ្គត់ផ្គង់អគ្គិសនី។ មន្ត្រីបណ្តាញអគ្គិសនីជាតិរបស់អង់គ្លេសបានប្រាប់ Nscale ថា ការផ្គត់ផ្គង់អគ្គិសនីសម្រាប់មជ្ឈមណ្ឌលទិន្នន័យនេះអាចមិនមានរហូតដល់ទសវត្សរ៍ឆ្នាំ២០៣០។
ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យ Nscale បានប្រាប់ Reuters ថា «ទំនាក់ទំនងរបស់យើងជាមួយ Microsoft នៅតែរឹងមាំ និងមានរយៈពេលវែង ហើយបញ្ហាបណ្តាញអគ្គិសនីទូទាំងទីក្រុងឡុងដ៍នេះ មិនប៉ះពាល់ដល់កិច្ចសន្យាផ្សេងទៀតរបស់យើងទេ»។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា Nscale នៅតែប្តេជ្ញាចិត្តចំពោះគម្រោង Loughton និងទីផ្សារអង់គ្លេស ហើយកំពុងស្វែងរកប្រភពថាមពលជំនួសសម្រាប់គម្រោងនេះ។
Nscale ដែលទទួលបានការគាំទ្រពីក្រុមហ៊ុន Nvidia បានដាក់ពាក្យស្នើសុំបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈលើកដំបូង (IPO) នៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ដោយរំពឹងថា Microsoft និង Anthropic នឹងក្លាយជាអតិថិជនសំខាន់ៗ។ ក្រុមហ៊ុននេះផ្តល់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ញាសិប្បនិម្មិត (AI) រួមមានសមត្ថភាពគណនា ថាមពល និងមជ្ឈមណ្ឌលទិន្នន័យ។ តាម Reuters តម្លៃកិច្ចសន្យាសរុបរបស់ Nscale បានកើនពី ១០០ លានដុល្លារ ដល់ជាង ១០៣ ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ ២ឆ្នាំកន្លះ៕








