ភ្នំពេញក្រោន ជោគជ័យក្នុងពាន AFC តែមិនសូវកាក់កបក្នុងលីគ ក្រោយស្មើ ៣ប្រកួតជាប់គ្នា
20-10-2026 10:41
(ភ្នំពេញ)៖ អ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍ ចំពោះការទទួលលទ្ធផលផ្ទុយគ្នារបស់ក្រុមភ្នំពេញក្រោន រវាងការប្រកួតលើឆាកអន្ដរជាតិ និងលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ ដ្បិតពួកគេធ្វើបានយ៉ាងល្អ ដោយឈ្នះ ២ប្រកួតជាប់គ្នា ដើម្បីឈរកំពូលតារាងប្រចាំពូល H នៃពានរង្វាន់ AFC Champions League Two 2026/27 តែបែរជាមិនទាន់ស្គាល់ជ័យជម្នះ ក្នុងការប្រកួតលីគក្នុងស្រុកទៅវិញ។
រឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍នេះ បន្ទាប់ពីអតីតក្រុមជើងឯកលីគ ៨សម័យខាងលើ បានបន្ដប្រកួតស្មើក្រុមឡាយហ្វខេត្ដព្រះសីហនុ ១-១ ក្នុងសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា កាលពីរាត្រីថ្ងៃចន្ទកន្លងទៅ។ នេះជាស្ថានភាពមិនគាប់ប្រសើរមួយ ដែលធ្វើឲ្យគម្លាតពិន្ទុពីក្រុមកំពូលតារាងកាន់តែដាច់ឆ្ងាយ ទោះបីក្រុមមិនទាន់ស្គាល់បរាជ័យ ហើយសល់ការប្រកួតជាច្រើនទៀតក៏ដោយ។
សម្រាប់ជំនួបដ៏តានតឹងនាដើមសប្ដាហ៍នេះ វគ្គទី១ គ្មានក្រុមណាអាចបញ្ចប់ទីបានឡើយ តែភ្នំពេញក្រោន មានសមាជិកម្នាក់ Callum Michael បានរងពិន័យកាតក្រហមនៅចុងម៉ោង។ ចូលវគ្គទី២ ឡាយហ្វ ដែលមានប្រៀបកីឡាករ ១១នាក់ពេញ បានបើកការនាំមុខ ១គ្រាប់មុន ដែលរកបានដោយកីឡាករ Bruno Ernandes នៅនាទី៧៧ តែឱកាសស្គាល់ជ័យជម្នះលើកដំបូងនេះបានបាត់បង់វិញ ក្រោយកីឡាករ Daniel Bares រកបានគ្រាប់តាមស្មើឲ្យក្រុមម្ចាស់ផ្ទះ នៅនាទី៩០+៩។
នេះគឺជាលទ្ធផលស្មើលើកទី៣ របស់ភ្នំពេញក្រោន បន្ទាប់ពីស្មើក្រុមណាហ្គាវើលដ៏ និងអង្គរថាយហ្គឺរ ដោយលទ្ធផល ២-២ ដូចគ្នា នៅដើមរដូវកាល ហើយបាននឹងកំពុងឈរលេខរៀងទី៧ បណ្ដោះអាសន្ន ដោយមាន ៣ពិន្ទុក្នុងដៃ បើធៀបនឹងវិសាខា ដែលឆ្លងកាត់ ៤ប្រកួត ឈ្នះទាំង៤ រកបាន ១២ពិន្ទុពេញ គឺមានគម្លាតរហូតដល់ ៩ពិន្ទុ និងចាញ់ប្រៀប ៧ពិន្ទុ បើធៀបក្រុមព្រះខ័នរាជស្វាយរៀង និងណាហ្គា ដែលឆ្លងកាត់ ៤ប្រកួត ឈ្នះ ៣ និងស្មើ ១។
ទន្ទឹមជាមួយភាពជោគជ័យក្នុងពានរង្វាន់ AFC Champions League Two 2026/27 ដែលភ្នំពេញក្រោន បានយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី និងក្រុមខ្លាំង Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ដូចគ្នា បើធៀបនឹងលទ្ធផលក្នុងការប្រកួតលីគពេលនេះ ហាក់ផ្ទុយស្រលះពីគ្នា តែបើនិយាយពីចំណុចវិជ្ជមាន ក៏បង្ហាញឲ្យឃើញថា គុណភាពក្រុមក្នុងលីគកំពូលកម្ពុជាឆ្នាំនេះ គឺពិតជាមានការកើនឡើងគួរឲ្យកត់សម្គាល់ និងមានការប្រកួតប្រជែងកាន់តែខ្លាំងផងដែរ៕








