* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

អតីតវិស្វករ OpenAI រងការចោទប្រកាន់ថា លួចថតកិច្ចប្រជុំសម្ងាត់ និងមានការគាំទ្រពីអារ៉ាប៊ីសាអូឌីត

20-10-2026 10:48

(បរទេស)៖ រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានអះអាងថា អតីតវិស្វកររបស់ក្រុមហ៊ុន OpenAI ឈ្មោះ Abdulrahman Alfozan អាយុ ៣៥ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទលួចដំឡើងឧបករណ៍ថតសំឡេងនៅក្នុងបន្ទប់ប្រជុំរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន ហាក់ដូចជាទទួលបានការគាំទ្រយ៉ាងច្រើនពីរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត។ យោងតាមឯកសារតុលាការ លោក Alfozan បានទាក់ទងជាញឹកញាប់ជាមួយសមាជិកម្នាក់នៃរាជវង្សអារ៉ាប៊ីសាអូឌីត ខណៈមន្ត្រីយោធាអារ៉ាប៊ីសាអូឌីតម្នាក់ត្រូវបានចោទថា បានចេញថ្លៃសំបុត្រយន្តហោះឱ្យភរិយា និងកូនប្រុសរបស់លោកធ្វើដំណើរត្រឡប់ទៅប្រទេសអារ៉ាប៊ីសាអូឌីត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន។

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា រដ្ឋអាជ្ញាបានស្នើឱ្យតុលាការបន្តឃុំខ្លួនលោក Alfozan ដោយអះអាងថា លោកអាចរត់គេចខ្លួន។ ពួកគេបានចោទថា លោកបានបង្កើតឧបករណ៍ថតសំឡេងដែលមានប្រព័ន្ធអ៊ិនគ្រីប ដើម្បីលួចថតកិច្ចប្រជុំសម្ងាត់ដែលមានការចូលរួមពីថ្នាក់ដឹកនាំ OpenAI ដៃគូពាណិជ្ជកម្ម និងមន្ត្រីរដ្ឋាភិបាល។ តាមពាក្យបណ្តឹងព្រហ្មទណ្ឌ លោកបានភ្ជាប់ឧបករណ៍ថតសំឡេងទៅផ្នែកខាងក្រោយទូរទស្សន៍នៅក្នុងបន្ទប់ប្រជុំមួយរបស់ OpenAI ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ ក្រុមហ៊ុនបានរកឃើញឧបករណ៍នេះនៅថ្ងៃទី៣០ ខែកញ្ញា និងបានរាយការណ៍ទៅការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI)។

ឯកសារតុលាការបានបង្ហាញថា សមាជិកម្នាក់នៃរាជវង្សអារ៉ាប៊ីសាអូឌីតធ្លាប់ព្យាយាមជ្រើសរើសលោក Alfozan ឱ្យទៅបំពេញការងារពាក់ព័ន្ធនឹង AI នៅប្រទេសនេះ ដោយសរសេរក្នុងសារមួយថា «អារ៉ាប៊ីសាអូឌីតត្រូវការអ្នកជាងសហរដ្ឋអាមេរិក!»។ មុនពេលត្រូវបានចាប់ខ្លួន លោកក៏មានគម្រោងធ្វើដំណើរទៅទីក្រុងរីយ៉ាដ និងមានបំណងទៅរស់នៅជាមួយភរិយា និងកូនប្រុស ដែលគ្រោងផ្លាស់ទៅប្រទេសនេះជាអចិន្ត្រៃយ៍។ រដ្ឋអាជ្ញាបញ្ជាក់ថា ការស៊ើបអង្កេតនៅតែបន្ត ហើយលោកអាចប្រឈមនឹងការចោទប្រកាន់បន្ថែមទៀត។

ចំណែកមេធាវីរបស់លោក Alfozan បានស្នើឱ្យដោះលែងកូនក្តីរបស់ខ្លួន ដោយដាក់លក្ខខណ្ឌតាមដានទីតាំង និងប្រគល់លិខិតឆ្លងដែន។ មេធាវីបានលើកឡើងថា លោក Alfozan បានរស់នៅសហរដ្ឋអាមេរិកអស់រយៈពេល១៥ឆ្នាំ និងបានដាក់ពាក្យសុំចូលសញ្ជាតិអាមេរិករួចហើយ។ ករណីនេះក៏បានបង្ហាញពីបញ្ហាប្រឈមផ្នែកសន្តិសុខជុំវិញការស្រាវជ្រាវ AI ដែលមានភាពរសើប ខណៈក្រុមហ៊ុន និងរដ្ឋាភិបាលនានាកំពុងប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យបច្ចេកវិទ្យានេះ៕