កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួត «Miss Teen Universe International 2026»
20-10-2026 12:56
(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំកម្មវិធីប្រកួតសម្រស់លំដាប់ថ្នាក់អន្តរជាតិ «Miss Teen Universe International 2026» ដោយមានបេក្ខភាពមកពីបណ្ដាប្រទេសនានាចំនួន ៣៥ ដើម្បីចូលរួមប្រកួតប្រជែងសម្រស់ សមត្ថភាព បង្ហាញនូវវប្បធម៌របស់ពួកគេរៀងៗខ្លួន និងស្វែងរកម្ចាស់ជយលាភីគ្រងមកុដប្រចាំឆ្នាំ២០២៦ ខណៈអ្នកទទួលបានជយលាភី ក្នុងឆ្នាំ២០២៥ គឺបានទៅលើកញ្ញាឯកមកពីប្រទេសវេណេហ្ស៊ូអេឡា។ កម្មវិធីប្រកាសជាផ្លូវការ អមដោយការបំពាក់ឈៀងជូនដល់កញ្ញាឯកទាំង ៣៥ប្រទេស បានប្រព្រឹត្តិទៅដោយរលូន នាយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ នៅអគារ Morgon កោះពេជ្រ រាជធានីភ្នំពេញ។
លោក អ៉ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី «Miss Teen Universe» ប្រចាំនៅកម្ពុជាបានថ្លែងថា ដោយសារតែលោកស្រឡាញ់វិស័យកញ្ញាឯក និងធ្លាប់ទទួលធ្វើកម្មវិធីប្រកួតនេះជោគជ័យច្រើនលើកមកហើយ ទើបលោកសម្រេចចិត្តទទួលយកការរៀបចំកម្មវិធីប្រកួត «Miss Teen Universe International 2026» នៅក្នុងប្រទេសកម្ពុជាបន្តក្នុងឆ្នាំ ២០២៦នេះ ព្រោះនេះគឺជាមុខមាត់កិត្តិយស របស់ប្រទេសកម្ពុជាយើងទាំងមូលតែម្ដង ខណៈដែលកញ្ញាឯកបានអញ្ជើញមក ពីបណ្ដាប្រទេសជាច្រើនលើសកលលោក ចូលរួមប្រកួតប្រជែង ហើយក៏ជាឱកាសដ៏ល្អមួយជួយផ្សព្វផ្សាយ ដល់វិស័យទេសចរណ៍របស់យើងផងដែរ។
លោកបានបន្តថា ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតនេះ គឺយើងទទួលបាននូវអត្ថប្រយោជន៍ច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទេសចរណ៍ ខណៈដែលកញ្ញាឯក ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា គឺពួកគេម្នាក់ៗបានជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌របស់ខ្មែរ ទៅកាន់ពិភពលោក ធ្វើឲ្យមានភាពទាក់ទាញ និងប្រកបដោយទំនុកចិត្ត។ ស្ទើរតែគ្រប់បេក្ខភាពដែលមកកាន់ប្រទេសកម្ពុជា គឺពួកគេនាំទាំងគ្រួសារ និងអ្នកគាំទ្រមកជាមួយ ដើម្បីបានទស្សនាស្វែងយល់ពីកម្ពុជាដោយផ្ទាល់ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់យើងកាន់តែល្បីសុះសាយ តាមរយៈការរៀបចំព្រឹត្តិការណ៍ខ្នាតអន្តរជាតិ និងការធ្វើដំណើរទៅកាន់តំបន់ដ៏ស្រស់បំព្រងនានារបស់ប្រទេសយើង។
អ្នកគ្រប់គ្រងកម្មវិធី «Miss Teen Universe» ប្រចាំនៅកម្ពុជារូបនេះបន្តថា សម្រាប់ឆ្នាំនេះយើងបានជ្រើសរើសកញ្ញាឯក តំណាងប្រទេសរួចហើយ គឺបានទៅលើកញ្ញា លីម ឡរ៉ា ដែលជាបេក្ខភាពមានសមត្ថភាពខ្ពស់ទាំងការនិយាយ រូបសម្រស់ ការទំនាក់ទំនង ភាសា និងការតស៊ូប្រកួតដ៏ស្វិតស្វាញ។ ជាមួយគ្នាជានេះឈុតតំណាងជាតិ គឺកម្ពុជាបានជ្រើសរើសយកឈុត «ឆៃយ៉ាំ» សម្រាប់ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកគាំទ្រ។
ដោយឡែកបេក្ខភាពតំណាងកម្ពុជាកញ្ញា លីម ឡរ៉ា បានថ្លែងថា រូបនាងពិតជាមានក្ដីរំភើបរីករាយ ដែលទទួលបានតំណែងជាកញ្ញាឯកតំណាងប្រទេសកម្ពុជា ចូលរួមប្រកួតលក្ខណៈអន្តរជាតិក្នុងឆ្នាំនេះ។ នាងបានតាំងចិត្តហើយថា នឹងធ្វើឲ្យបានល្អដើម្បីមុខមាត់របស់ប្រទេស និងតំណាងបងប្អូនខ្មែរទាំងមូល។ អ្វីដែលនាងទទូចសុំពីមហាជននោះ គឺសុំឲ្យជួយបន្តគាំទ្រដល់រូបនាងឲ្យបានច្រើនកុះករ ព្រោះដើម្បីជាកម្លាំងចិត្ត និងជាចលករស្រុះស្រួលគ្នាជាធ្លុងមួយ រុញច្រានរូបនាងឲ្យទទួលបានជោគជ័យ ក្នុងព្រឹត្តិការណ៍ប្រកួតនេះ។
សូមបញ្ជាក់ថា Miss Teen Universe គឺជាកម្មវិធីប្រកួតបវរកញ្ញាសម្រាប់យុវតី ដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ (Miss Universe) ដែរ ប៉ុន្តែផ្តោតលើក្រុមអាយុវ័យជំទង់។
ជាទូទៅកម្មវិធី Miss Teen Universe គឺជាវេទិកាមួយសម្រាប់យុវតីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីទេពកោសល្យ ភាពស្រស់ស្អាត និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ កម្មវិធីទាំងនេះមានគោលបំណង លើកកម្ពស់ទំនុកចិត្តលើខ្លួនឯង ការអប់រំ និងការចូលរួមក្នុងសកម្មភាពសង្គមក្នុងចំណោមយុវតី៕















