ទីផ្សារស្មាតហ្វូនឥណ្ឌា ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ១០ឆ្នាំខណៈ Samsung ដណ្តើមតំណែងលេខ១វិញ
20-10-2026 13:54
(បរទេស)៖ ការដឹកជញ្ជូនស្មាតហ្វូនទៅកាន់ទីផ្សារឥណ្ឌាបានធ្លាក់ចុះ ២៦% មកនៅត្រឹម ៣៥,៨ លានគ្រឿងក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតសម្រាប់ត្រីមាសនេះចាប់តាំងពីឆ្នាំ២០១៦។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Omdia ការធ្លាក់ចុះនេះបណ្តាលមកពីតម្លៃទូរស័ព្ទកើនឡើង អ្នកប្រើប្រាស់កាត់បន្ថយការចំណាយ និងការបញ្ជាទិញស្តុករបស់ក្រុមហ៊ុនមានការប្រុងប្រយ័ត្ន។ លើសពីនេះ ការប្រារព្ធពិធីបុណ្យ Diwali ដែលធ្វើឡើងយឺតជាងពេលធម្មតា បានធ្វើឱ្យការស្តុកទូរស័ព្ទសម្រាប់រដូវកាលលក់ពិសេសមួយចំនួនត្រូវរុញទៅខែតុលា។ នេះបើយោងតាមការចេញផ្សាយដោយ GSMArena នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦។
ក្រុមហ៊ុន Samsung បានដណ្តើមតំណែងលេខ១ ក្នុងទីផ្សារឥណ្ឌាជាលើកដំបូងចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២៤ ដោយដឹកជញ្ជូនបាន ៦,៧ លានគ្រឿង ស្មើនឹងប្រហែល ១៩% នៃទីផ្សារ។ ចំណែក vivo ឈរនៅលេខ២ ដោយមាន ៦,៤ លានគ្រឿង ធ្លាក់ចុះ ៣៤% ដែលជាការធ្លាក់ចុះខ្លាំងបំផុតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង៥។ Oppo ស្ថិតនៅលេខ៣ ជាមួយ ៤,៩ លានគ្រឿង ធ្លាក់ចុះ ២៤% ខណៈ Xiaomi ឈរនៅលេខ៤ ដោយមាន ៤,៧ លានគ្រឿង ធ្លាក់ចុះ ២៨%។ រីឯ Apple ឈរនៅលេខ៥ ដោយដឹកជញ្ជូនបាន ៣,៩ លានគ្រឿង ដែលទទួលបានការគាំទ្រពីតម្រូវការ iPhone 17 និង iPhone 16 ព្រមទាំងការចេញលក់ iPhone 18 Pro និង iPhone 18 Pro Max។
របាយការណ៍ដដែលបង្ហាញថា ចំណែកទីផ្សាររួមរបស់ម៉ាកស្មាតហ្វូនចិនបានធ្លាក់ពី ៧៥% ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មកនៅប្រហែល ៦៨% ក្នុងត្រីមាសដូចគ្នាឆ្នាំនេះ ខណៈ Samsung និង Apple បានពង្រឹងជំហររបស់ខ្លួន។ ការកើនឡើងថ្លៃគ្រឿងបន្លាស់ និងតម្លៃទូរស័ព្ទ រួមជាមួយការធ្លាក់ចុះនៃការដឹកជញ្ជូនតាមបណ្តាញអនឡាញ បានបង្កើនសម្ពាធលើទីផ្សារ។
Omdia ព្យាករថា ទីផ្សារស្មាតហ្វូនឥណ្ឌាអាចបន្តធ្លាក់ចុះក្នុងអត្រាតិចជាង ៥% នៅឆ្នាំ២០២៧ ខណៈសម្ពាធលើតម្លៃអាចបន្តរហូតដល់យ៉ាងហោចណាស់ពាក់កណ្តាលឆ្នាំ។ ទោះជាយ៉ាងណា មុខងារបញ្ញាសិប្បនិម្មិត (AI) អាចជួយជំរុញការទិញទូរស័ព្ទថ្មី ដោយយោងតាមការសិក្សារបស់ Omdia អ្នកឆ្លើយតបជិត ៤នាក់ក្នុងចំណោម ១០នាក់នៅឥណ្ឌាបាននិយាយថា ពួកគេអាចសុខចិត្តចំណាយប្រាក់បន្ថែមលើស្មាតហ្វូន ប្រសិនបើវាមានមុខងារ AI ដែលមានប្រយោជន៍៕









