* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

ជប៉ុន បង្ខំចិត្តជួយពង្រឹងឧស្សាហកម្មឈីបអាមេរិក ស្របពេលប្រឹងស្តារវិស័យខ្លួនឯង

21-10-2026 09:05

(បរទេស)៖ ខណៈពេលដែលប្រទេសជប៉ុន កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីស្តារវិស័យបន្ទះឈីប (Semiconductor) របស់ខ្លួនឡើងវិញ ការវិនិយោគចុងក្រោយបង្អស់បានបង្ហាញថា ទីក្រុងតូក្យូកំពុងត្រូវរងសម្ពាធក្នុងការជួយសហរដ្ឋអាមេរិកពង្រឹងឧស្សាហកម្មឈីបរបស់អាមេរិកទៅវិញ។

ប្រទេសជប៉ុននឹងវិនិយោគទឹកប្រាក់រហូតដល់ ២១ប៊ីលានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតឈីបចំនួនពីរនៅក្នុងរដ្ឋញូវយ៉ក ក្រោមហត្ថលេខានៃកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន GlobalFoundries (GFS.O)។ ការវិនិយោគនេះ ជាផ្នែកមួយនៃកិច្ចសន្យាសរុប ៥៥០ពាន់លានដុល្លារ ដែលជប៉ុនបានសន្យាជាមួយរដ្ឋបាលប្រធានាធិបតីអាមេរិក Donald Trump កាលពីខែកក្កដា ឆ្នាំ២០២៥ ដើម្បីផ្លាស់ប្តូរជាមួយការកាត់បន្ថយពន្ធគយលើទំនិញជប៉ុន។ ក្រោមរចនាសម្ព័ន្ធនេះ ប្រធានាធិបតីអាមេរិកជាអ្នកជ្រើសរើសគម្រោងវិនិយោគ ដោយជប៉ុនពុំមានសិទ្ធិជ្រើសរើសឡើយ។

អ្នកជំនាញមើលឃើញថា ការចំណាយថវិកាយ៉ាងច្រើននេះ មិនបានជួយស្តារឧស្សាហកម្មឈីបក្នុងស្រុករបស់ជប៉ុនខ្លាំងក្លានោះទេ ហើយក៏មិនបានជួយបង្កើនបច្ចេកវិទ្យាឈីបកម្រិតខ្ពស់មកក្នុងស្រុកជប៉ុនច្រើនដែរ។ មន្ត្រីជប៉ុន និងអ្នកវិភាគបានលើកឡើងថា ការវិនិយោគនេះគឺជាវិធានការដោះស្រាយបញ្ហានយោបាយជាមួយលោក Trump ដើម្បីទិញពេលវេលារក្សាទំនាក់ទំនងពាណិជ្ជកម្ម និងសុវត្ថិភាព។ លោក Atsushi Osanai សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Waseda បានកត់សម្គាល់ថា ជប៉ុនត្រូវតែចាត់ទុកការវិនិយោគនេះដូចជា «ការបង់ពន្ធ» ដូច្នោះដែរ។ ធនាគារជប៉ុនប្រឈមមុខនឹងការលំបាកក្នុងការផ្គត់ផ្គង់ប្រាក់ដុល្លារអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់ ដោយជប៉ុនត្រូវស្វែងរកកម្ចី និងជំនួយពីធនាគារអាមេរិកដូចជា JPMorgan ព្រមទាំងធនាគាររដ្ឋ JBIC និងការធានាពី Nippon Export and Investment Insurance។

គួរជម្រាបថា ជប៉ុនបានផ្តល់ប្រាក់ឧបត្ថម្ភធនដល់ក្រុមហ៊ុនយក្សដូចជា TSMC, Micron, Kioxia, និងក្រុមហ៊ុន AI Noetra ដើម្បីបង្កើតសមត្ថភាពផលិតឈីបនៅក្នុងប្រទេសជប៉ុនផ្ទាល់។ ទោះជាយ៉ាងណា ការវិនិយោគរោងចក្រនៅអាមេរិកនេះ ក៏អាចផ្តល់ផលចំណេញខ្លះៗដល់ក្រុមហ៊ុនផលិតឧបករណ៍ឈីបជប៉ុនដូចជា Tokyo Electron និងក្រុមហ៊ុន Renesas Electronics ដែលជាអតិថិជនប្រើប្រាស់ផងដែរ៕