Elon Musk កំណត់គោលដៅផលិតបន្ទះឈីប Terafab ទ្រង់ទ្រាយធំនៅឆ្នាំ២០២៨ តែទទួលស្គាល់ថាជាផែនការប្រថុយប្រថាន
21-10-2026 09:56
(បរទេស)៖ គម្រោងផលិតបន្ទះឈីប Terafab របស់ក្រុមហ៊ុន SpaceX និង Tesla មានគោលដៅចាប់ផ្តើមផលិតក្នុងទ្រង់ទ្រាយធំនៅត្រីមាសទី៣ ឆ្នាំ២០២៨ ដើម្បីគាំទ្រដល់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត។ លោក Elon Musk បានបញ្ជាក់ដូច្នេះនៅក្នុងសន្និសីទតាមទូរស័ព្ទរបស់ SpaceX នៅថ្ងៃអង្គារ ដោយលើកឡើងថា គម្រោងនេះមានកាលវិភាគមហិច្ឆតាខ្ពស់ ខណៈការសាងសង់រោងចក្រផលិតបន្ទះឈីបទំនើបនៅសហរដ្ឋអាមេរិកជាទូទៅអាចចំណាយពេល៣ឆ្នាំ ឬយូរជាងនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
លោក Musk បានព្រមានថា៖ «ខ្ញុំសូមបញ្ជាក់ថា កាលវិភាគនេះអាចមានកំហុសឆ្គងច្រើន ពីព្រោះយើងមិនទាន់ដឹងថា តើយើងអាចសម្រេចបានតាមផែនការនេះឬអត់នោះទេ»។ គម្រោង Terafab មានគោលដៅផលិតសមត្ថភាពគណនាសរុប ១ តេរ៉ាវ៉ាត់ក្នុងមួយឆ្នាំ ហើយនឹងរួមបញ្ចូលការផលិត ការវេចខ្ចប់ និងការធ្វើតេស្តបន្ទះឈីបដំណើរការទិន្នន័យ និងបន្ទះឈីបអង្គចងចាំនៅក្នុងរោងចក្រតែមួយក្នុងរដ្ឋតិចសាស់។ តាមផែនការផ្ទៃក្នុង ក្រុមហ៊ុនចង់ឱ្យបន្ទះឈីបសាកល្បងដំបូងដែលប្រើសៀគ្វីអង្គចងចាំ SRAM ដំណើរការបាននៅប្រហែលខែឧសភា ឬមិថុនា ឆ្នាំ២០២៧។
បញ្ហាប្រឈមសំខាន់មួយគឺការទទួលបានឧបករណ៍ផលិតបន្ទះឈីបដែលមានភាពស្មុគស្មាញ និងមានតម្លៃថ្លៃក្នុងបរិមាណគ្រប់គ្រាន់។ ក្នុងនោះ ម៉ាស៊ីន EUV របស់ក្រុមហ៊ុន ASML ប្រទេសហូឡង់ គឺជាឧបករណ៍ចាំបាច់សម្រាប់ផលិតបន្ទះឈីបទំនើបបំផុត។ នៅពេលត្រូវបានសួរថា តើ SpaceX បានបញ្ជាទិញម៉ាស៊ីនទាំងនេះហើយឬនៅ លោក Musk មិនបានឆ្លើយដោយផ្ទាល់ទេ ប៉ុន្តែបានថ្លែងថា៖ «កាលបរិច្ឆេទទាំងនេះមានមហិច្ឆតាខ្ពស់ខ្លាំង ហើយយើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ASML និងអ្នកផ្គត់ផ្គង់ទាំងអស់របស់យើង ដែលកំពុងពន្លឿនការប្រគល់ឧបករណ៍ ដើម្បីឱ្យយើងអាចសម្រេចបានលទ្ធផលនេះ»។
គួរជម្រាបថា កាលពីខែមេសា ក្រុមហ៊ុន Intel បានប្រកាសចូលរួមគម្រោង Terafab ដើម្បីជួយពន្លឿនការសម្រេចគោលដៅ ប៉ុន្តែមិនទាន់បង្ហាញព័ត៌មានលម្អិតអំពីកិច្ចសហការនេះទេ។ លោក Musk ក៏បានឱ្យដឹងថា មានការពិភាក្សាអំពីលទ្ធភាពសហការជាមួយក្រុមហ៊ុន TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបទំនើបធំបំផុតនៅលើពិភពលោក ប៉ុន្តែក្រោយមកលោកបានបញ្ជាក់ថា Terafab ប្តេជ្ញាដំណើរការរោងចក្រដោយខ្លួនឯង។ ទោះជាយ៉ាងណា លោក Musk បានទទួលស្គាល់ថា ការចាប់ផ្តើមផលិតក្នុងទ្រង់ទ្រាយធំនៅចុងឆ្នាំ២០២៨ គឺជាគោលដៅដ៏លំបាក និងមិនទាន់អាចធានាបាននៅឡើយទេ៕











