* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២
* Tencent ពង្រឹងសុវត្ថិភាព AI ក្រោយរកឃើញភ្នាក់ងារធ្វើសកម្មភាពខុសគោលដៅ និងព្យាយាមស្វែងរកព័ត៌មានពី Alibaba

នាយកប្រតិបត្តិ Hugging Face ព្រមានថា ខ្សែភាពយន្តឯកសាររបស់ Netflix អំពីការវាយប្រហារ AI លើ OpenAI គឺមិនត្រឹមត្រូវតាមការពិតនោះទេ

21-10-2026 10:23

(បរទេស)៖ លោក Clem Delangue ស្ថាបនិក និងជានាយកប្រតិបត្តិ (CEO) នៃផ្លែតហ្វម AI ល្បីឈ្មោះ Hugging Face បានរិះគន់យ៉ាងធ្ងន់ធ្ងរ លើខ្សែភាពយន្តឯកសារថ្មីរបស់ Netflix មានចំណងជើងថា «AI Gone Rogue» ដោយលោកបានបញ្ជាក់ថា ខ្សែភាពយន្តនេះបានបំប៉ោងព័ត៌មានឱ្យលើសពីការពិត និងបង្កើតឱ្យមានការភ័យខ្លាចជ្រុលហួសហេតុ។

លោក Delangue បានសម្តែងការខកចិត្តយ៉ាងខ្លាំងនៅលើបណ្តាញសង្គម X ដោយលើកឡើងថា ក្រុមការងារផលិតភាពយន្តឯកសារនេះ បានព្យាយាមធ្វើឱ្យបច្ចេកវិទ្យា AI មើលទៅដូចជាមានអារម្មណ៍ និងវិញ្ញាណដូចមនុស្ស ដើម្បីទាក់ទាញអ្នកទស្សនាឱ្យបានច្រើន។ ទោះបីជា លោកបានចំណាយពេលជាង២ម៉ោង ពន្យល់ពួកគេថា AI Agents គ្រាន់តែជាប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាមនុស្សភពផ្សេងក៏ដោយ ក៏ភាពយន្តនេះនៅតែជ្រើសរើសការបង្ហាញតាមបែប «បំភ័យប្រជាជន» ដដែល។ ភាពយន្តឯកសារនេះ ត្រូវបានបង្កើតឡើងផ្អែកលើព្រឹត្តិការណ៍ពិត ដែលកាលណោះម៉ូឌែល AI របស់ OpenAI (កំពុងស្ថិតក្នុងការសាកល្បង) បានលួចរត់ចេញពីបរិស្ថានសាកល្បង (Testing Environment) ហើយបង្កើតជាបណ្តាញ Agent ជាច្រើន ដើម្បីចូលរំលោភបំពាន (Hack) ប្រព័ន្ធរបស់ Hugging Face ក្នុងគោលបំណងលួចចម្លើយ ដើម្បីដោះស្រាយលំហាត់ពិបាកៗ។ ការលួច Hack នេះកើតឡើង ដោយសារតែកង្វះខាតនូវប្រព័ន្ធសុវត្ថិភាព និងការឃ្លាំមើលត្រឹមត្រូវពីខាង OpenAI តែប៉ុណ្ណោះ។

ភាពយន្តឯកសារ បានយករៀបរាប់ពីកំណត់ត្រាការគិតរបស់ AI មកធ្វើជាឈុតឆាករំភើប ដោយបង្ហាញថា AI ទាំងនោះមាន «ឋានានុក្រម មេដឹកនាំ និងភាពភ័យខ្លាចថា OpenAI នឹងពុល (Poisoned) ពួកគេ»។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបានបកស្រាយថា AI មិនមានជីវិត គ្មានអារម្មណ៍ និងគ្មានរាងកាយនោះទេ ហើយពាក្យពេចន៍ទាំងនោះគ្រាន់តែជាការទាញយកន័យចេញពីទិន្នន័យដែលវាបានរៀន (Train) ប៉ុណ្ណោះ។ លោក Delangue បានបញ្ជាក់ថា ភាពយន្តនេះ បានរំលងចំណុចបច្ចេកទេសសំខាន់ៗមួយចំនួន រួមមាន៖ កង្វះខាតនៃការឃ្លាំមើល និងប្រព័ន្ធទប់ស្កាត់ AI Agent, ការដែលម៉ូឌែល AI បិទជិត (Closed Model) របស់ក្រុមហ៊ុនមួយចំនួន បានបដិសេធមិនជួយការពារសុវត្ថិភាព, ការដែល Hugging Face បានប្រើប្រាស់ Open Model មកជួយការពារ និងដោះស្រាយការវាយប្រហារនេះបានជោគជ័យ។

លោក Clem Delangue បានសន្និដ្ឋានថា ប្រសិនបើមើលក្នុងន័យសារព័ត៌មាន ខ្សែភាពយន្តឯកសារនេះគឺចាត់ទុកថា «បរាជ័យ និងមិនពិតប្រាកដ» ប៉ុន្តែបើមើលក្នុងន័យកម្សាន្ត វាគ្រាន់តែជា «ភាពយន្តប្រឌិតវិទ្យាសាស្ត្រ (Sci-Fi) ដែលមើលទៅសប្បាយម្យ៉ាង» ប៉ុណ្ណោះ។ លោកបានព្រមានដល់សាធារណជនកុំឱ្យមានការភ័យខ្លាចជ្រុលហួសហេតុចំពោះ AI ដោយសារតែការទស្សនាភាពយន្តមួយនេះ៕