ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ៣ បញ្ជាទិញបន្ទះឈីប Nvidia តម្លៃជាង ៣៥ ពាន់លានដុល្លារ តែប្រឈមកង្វះការផ្គត់ផ្គង់
21-10-2026 13:02
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនចំនួន៣ រួមមាន ByteDance, Alibaba និង Tencent បានបញ្ជាទិញកាតក្រាហ្វិក RTX PRO 5500 របស់ក្រុមហ៊ុន Nvidia ច្រើនជាង ៣ លានគ្រឿង ដែលមានតម្លៃសរុបតាមតម្លៃលក់រាយលើសពី ៣៥ ពាន់លានដុល្លារ។ ការបញ្ជាទិញនេះបង្ហាញពីតម្រូវការខ្ពស់របស់ក្រុមហ៊ុនចិនចំពោះបន្ទះឈីប AI របស់អាមេរិក ទោះបីជាក្រុងវ៉ាស៊ីនតោនបានរឹតត្បិតការនាំចេញបច្ចេកវិទ្យាទំនើបទៅកាន់ប្រទេសចិនក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នា្កក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។
ប្រភពដែលដឹងអំពីបញ្ហានេះបានឱ្យដឹងថា Nvidia មិនអាចធានាថានឹងផ្គត់ផ្គង់បានតាមចំនួនដែលអតិថិជនបញ្ជាទិញនោះទេ ដោយសារតម្រូវការលើសពីសមត្ថភាពផលិត។ ប្រភពមួយបាននិយាយថា អតិថិជនអាចទទួលបានត្រឹម ៥% ទៅ ១០% នៃចំនួនដែលបានស្នើសុំ ខណៈការបញ្ជាទិញសរុបពីអតិថិជនចិនបានលើសពី ៦ លានគ្រឿង។ កាត RTX PRO 5500 មានតម្លៃប្រហែល ១១,៤០០ ដុល្លារក្នុងមួយគ្រឿង ហើយជាបន្ទះឈីបមួយក្នុងចំណោមផលិតផលដែលមានសមត្ថភាពខ្ពស់បំផុតរបស់ Nvidia ដែលនៅតែអាចផ្គត់ផ្គង់ដល់ទីផ្សារចិនបានក្រោមការរឹតត្បិតរបស់អាមេរិក។
ក្រុមហ៊ុនចិនមានបំណងប្រើកាតទាំងនេះជាចម្បងសម្រាប់ដំណើរការម៉ូដែល AI ដែលបានបណ្តុះបណ្តាលរួច ដើម្បីបង្កើតចម្លើយសម្រាប់ chatbot ដែលត្រូវការថាមពលគណនាតិចជាងការបណ្តុះបណ្តាលម៉ូដែល AI ថ្មីៗ។ បច្ចុប្បន្ន បន្ទះឈីប B300 កម្រិតខ្ពស់របស់ Nvidia មិនអាចនាំចេញទៅចិនបានទេ ខណៈការនាំចេញបន្ទះឈីប H200 ត្រូវឆ្លងកាត់ការពិនិត្យ និងទទួលបានអាជ្ញាបណ្ណ។ ការរឹតត្បិតទាំងនេះបានជំរុញឱ្យក្រុមហ៊ុនចិនងាកទៅរកអ្នកផលិតក្នុងស្រុក ដូចជា Huawei ទោះបីជាក្រុមហ៊ុនចិននៅតែពិបាកប្រកួតប្រជែងជាមួយផលិតផលទំនើបរបស់អាមេរិកក៏ដោយ។
ទន្ទឹមនឹងនេះ Nvidia ក៏កំពុងប្រឈមបញ្ហាក្នុងការបែងចែកសមត្ថភាពផលិត ដោយចាប់ពីឆ្នាំ២០២៧ ក្រុមហ៊ុនរំពឹងថានឹងប្រើសមត្ថភាពផលិតនៅ TSMC មួយផ្នែកធំសម្រាប់វេទិកា Rubin ជំនាន់ថ្មី សម្រាប់មជ្ឈមណ្ឌលទិន្នន័យខ្នាតធំ។ Nvidia បានប្រាប់អតិថិជនថា គំរូបន្ទះឈីប RTX PRO 5500 ដំបូងនឹងមាននៅខែធ្នូ ហើយការដឹកជញ្ជូនជាលក្ខណៈពាណិជ្ជកម្មគ្រោងចាប់ផ្តើមនៅត្រីមាសទី១ ឆ្នាំ២០២៧។ ស្ថានភាពនេះបង្ហាញថា ការរឹតត្បិតពាណិជ្ជកម្ម និងកង្វះខាតបន្ទះឈីបកំពុងបង្កើនការប្រកួតប្រជែងដើម្បីទទួលបានសមត្ថភាពគណនាសម្រាប់ការអភិវឌ្ឍ AI នៅចិន៕














