Fabregas និងក្លិប Como ត្រៀមបង្កើតប្រវត្តិសាស្រ្តជាមួយគ្នា ពេលប៉ះ Man Utd រាត្រីនេះ
21-10-2026 15:14
(បរទេស)៖ «វាជាក្រុម Manchester United ដែលពួកយើងបានចាត់ទុកថា លេងទល់នឹង Inter, Milan និង Juventus នាពេលកន្លងមកតែប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់លោក Cesc Frabregas អ្នកចាត់ការទូទៅក្លិប Como ក្នុងសន្និសីទសារព័ត៌មាន។
ក្រុមនៅលីគកំពូលអ៉ីតាលី Serie A ខាងលើនេះ នឹងបើកទ្វារកីឡដ្ឋាន Giuseppe Sinigaglia របស់ខ្លួន ដើម្បីតតាំងនឹងអតីតក្រុមខ្លាំងមកពីអង់គ្លេស បិសាចក្រហម Man Utd នាម៉ោង ១១៖៤៥នាទីថ្ងៃពុធ ទី២១ ខែតុលានេះ (ម៉ោងនៅកម្ពុជា) ក្នុងប្រកួតទី៣ នៅពានអឺរ៉ុប UEFA Champions League 2026-27។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញដែលបានដឹកនាំ Como រហូតឡើងមកលេងក្នុងលីគកំពូល Serie A បានថ្លែងថា «វាគ្មានការសង្ស័យអ្វីឡើយ នេះជារាត្រីដ៏ធំបំផុតនៃប្រវត្តិសាស្រ្តក្លិបតែម្តង។ គ្រប់យ៉ាងវានឹងរលូនទៅមុខ»។
United បានបង្ខំចិត្តធ្វើដំណើរទៅកាន់ប្រទេសអ៉ីតាលី ពោរពេញដោយការវិះគន់ និងវិបត្តិផ្សេងៗ ក្រោយលេង ៦ប្រកួតកន្លងមកមិនឈ្នះសោះ ដែលជាកំណត់ត្រាដ៏អន់បំផុតគិតចាប់ពីរដូវកាលឆ្នាំ២០១៨-១៩។
ទោះជាយ៉ាងណា ពួកគេជាអតីតជើងឯកអឺរ៉ុប UCL ៣សម័យកាលផងដែរ និងឈ្នះចុងក្រោយកាលឆ្នាំ២០០៨ គ្រាដែល Como ជាក្រុមលេងតាំងពីលីគ Serie D មកម្ល៉េះ ដោយមានអតីតកីឡាករជើងខ្លាំងបារាំង Raphael Varane និង Thierry Henry សុទ្ធតែបានវិនិយោគក្នុងក្លិប Como បច្ចុប្បន្នដូចគ្នា៕





