Tesla គ្រោងលក់តាក់ស៊ីគ្មានចង្កូត Cybercab នៅចុងឆ្នាំនេះ ខណៈអាមេរិកកំពុងស៊ើបអង្កេត
22-10-2026 11:12
(បរទេស)៖ ក្រុមហ៊ុន Tesla គ្រោងចាប់ផ្តើមលក់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ Cybercab ដល់អតិថិជននៅចុងឆ្នាំ២០២៦នេះ ទោះបីជាអាជ្ញាធរសុវត្ថិភាពចរាចរណ៍អាមេរិកកំពុងស៊ើបអង្កេតលើការអនុលោមតាមបទប្បញ្ញត្តិសុវត្ថិភាពរបស់រថយន្តនេះក៏ដោយ។ Cybercab ជារថយន្តមានកៅអីពីរ ពណ៌មាស មានទ្វារបើកឡើងលើដូចស្លាបមេអំបៅ និងអាចបើកបរដោយស្វ័យប្រវត្តិ ដោយគ្មានចង្កូត ឈ្នាន់បញ្ជា ឬកញ្ចក់មើលក្រោយឡើយ។ រថយន្តនេះជាផ្នែកសំខាន់នៃផែនការរបស់លោក Elon Musk ក្នុងការប្រែក្លាយ Tesla ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីទៅជាក្រុមហ៊ុនផ្តោតលើបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
លោក Lars Moravy អនុប្រធានផ្នែកវិស្វកម្មរថយន្តរបស់ Tesla បានថ្លែងថា៖ «យើងកំពុងព្យាយាមប្រគល់ Cybercab ជូនអតិថិជនឱ្យបានមុនដំណាច់ឆ្នាំ២០២៦នេះ»។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងចាប់ផ្តើមក្នុងចំនួនតិចតួច ដើម្បីសិក្សាពីការប្រគល់រថយន្ត ការប្រើប្រាស់ និងការរៀបចំគ្រប់គ្រងប្រតិបត្តិការរបស់រថយន្តស្វ័យប្រវត្តិជាច្រើនគ្រឿង មុននឹងពង្រីកសេវានេះបន្ថែម។ កាលពីដើមខែកញ្ញា Tesla បានចាប់ផ្តើមផ្តល់សេវាជិះ Cybercab ដោយបង់ប្រាក់ក្នុងចំនួនកំណត់នៅទីក្រុងអូស្ទីន រដ្ឋតិចសាស់ ហើយគ្រោងពង្រីកសេវានេះទៅទីក្រុងដាឡាសនៅខែវិច្ឆិកាខាងមុខ។
ទន្ទឹមនឹងនេះ រដ្ឋបាលជាតិសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេអាមេរិក (NHTSA) កំពុងពិនិត្យមើលថា តើ Tesla បានប្រើមូលដ្ឋាន និងទិន្នន័យអ្វីខ្លះ ដើម្បីបញ្ជាក់ថា Cybercab អនុលោមតាមស្តង់ដារសុវត្ថិភាពយានយន្តសហព័ន្ធ។ បទប្បញ្ញត្តិដែលមានស្រាប់ត្រូវបានបង្កើតឡើងសម្រាប់រថយន្តដែលបើកបរដោយមនុស្ស និងជាទូទៅតម្រូវឱ្យមានប្រព័ន្ធបញ្ជាដោយដៃ។ Tesla មានពេលរហូតដល់ថ្ងៃទី៣០ ខែតុលា ដើម្បីឆ្លើយតបនឹងអាជ្ញាធរ ខណៈ NHTSA កំពុងស្នើកែប្រែបទប្បញ្ញត្តិដើម្បីសម្របទៅនឹងរថយន្តស្វ័យប្រវត្តិដែលគ្មានប្រព័ន្ធបញ្ជាដោយមនុស្ស។ រហូតដល់ការកែប្រែនេះត្រូវបានបញ្ចប់ ស្តង់ដារសុវត្ថិភាពដែលមានស្រាប់នៅតែមានសុពលភាព។
គួរជម្រាបថា លោក Ashok Elluswamy ប្រធានផ្នែក AI របស់ Tesla បានលើកឡើងថា អាទិភាពសំខាន់របស់ក្រុមហ៊ុនគឺការទទួលបានការអនុម័តចាំបាច់ពីអាជ្ញាធរ ដើម្បីអាចដាក់ Cybercab ឱ្យដំណើរការបានលឿនតាមសមត្ថភាពផលិត។ លោកក៏យល់ថា ការបង្កើនសមត្ថភាពផលិតរថយន្តនេះមិនមែនជាបញ្ហាប្រឈមធំដុំទេ។ ក្នុងរយៈពេលវែង Tesla ចង់ឱ្យ Cybercab ក្លាយជារថយន្តសំខាន់ក្នុងបណ្តាញតាក់ស៊ីស្វ័យប្រវត្តិរបស់ខ្លួន ដោយរថយន្តភាគច្រើននឹងជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្ទាល់ និងប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកដំណើរ៕
















