TSMC ស្វែងរកជម្រើសជំនួសរ៉ែកម្ររបស់ចិន ដើម្បីការពារការផលិតបន្ទះឈីបពីការរំខាន
23-10-2026 10:27
(បរទេស)៖ ក្រុមហ៊ុនផលិតបន្ទះឈីប TSMC របស់តៃវ៉ាន់ កំពុងស្វែងរកជម្រើសជំនួសគ្រឿងបន្លាស់ដែលប្រើប្រាស់រ៉ែកម្រនៅក្នុងឧបករណ៍រោងចក្រ ដើម្បីកាត់បន្ថយហានិភ័យនៃការរំខានដល់ការផលិត ប្រសិនបើចិនរឹតបន្តឹងការនាំចេញសម្ភារៈទាំងនេះ។ នេះបើតាមប្រភពចំនួនបីដែលដឹងអំពីផែនការនេះ និងត្រូវបានសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។
មេដែកដែលផលិតពីរ៉ែកម្រត្រូវបានប្រើប្រាស់ក្នុងម៉ូទ័ររបស់ម៉ាស៊ីនឧស្សាហកម្ម រួមទាំងឧបករណ៍ស្វ័យប្រវត្តិកម្មក្នុងរោងចក្ររបស់ TSMC ផងដែរ។ កាលពីឆ្នាំមុន ចិនបានដាក់រ៉ែកម្រមួយចំនួន មេដែក និងបច្ចេកវិទ្យាកែច្នៃពាក់ព័ន្ធ ក្រោមការគ្រប់គ្រងការនាំចេញ ដោយតម្រូវឱ្យមានអាជ្ញាបណ្ណ។ TSMC បានស្ទង់មតិអ្នកផ្គត់ផ្គង់អំពីលទ្ធភាពប្រើប្រាស់ម៉ូទ័រដែលមិនពឹងផ្អែកលើរ៉ែកម្រ ប៉ុន្តែផែនការនេះនៅដំណាក់កាលដំបូង និងមិនទាន់ដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឡើយទេ។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងតៃវ៉ាន់ក៏កំពុងស្វែងរកមធ្យោបាយកាត់បន្ថយការពឹងផ្អែកលើប្រភពផ្គត់ផ្គង់រ៉ែកម្រនិងរ៉ែសំខាន់ៗពីចិនផងដែរ។ កាលពីខែមិថុនា លោក Raymond F. Greene នាយកវិទ្យាស្ថានអាមេរិកប្រចាំតៃវ៉ាន់ បាននិយាយថា សហរដ្ឋអាមេរិកកំពុងសហការជាមួយតៃវ៉ាន់ និងដៃគូផ្សេងទៀត ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់ជំនួស បង្កើនសមត្ថភាពកែច្នៃ និងធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់មានភាពធន់ជាងមុន។
ចំណែករដ្ឋមន្ត្រីសេដ្ឋកិច្ចតៃវ៉ាន់ លោក Kung Ming-hsin បានឱ្យដឹងកាលពីខែកុម្ភៈថា រដ្ឋាភិបាលនឹងគាំទ្រវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាឧស្សាហកម្ម (ITRI) ក្នុងការអភិវឌ្ឍបច្ចេកវិទ្យារ៉ែកម្រ និងមានគម្រោងបង្កើតខ្សែសង្វាក់ផលិតកម្មសាកល្បងក្នុងរយៈពេលបីឆ្នាំ ដែលអាចបំពេញតម្រូវការរ៉ែកម្រក្នុងស្រុកបានប្រមាណ ៥០%។ មន្ត្រីអាមេរិកក៏បានបង្ហាញចំណាប់អារម្មណ៍លើការងាររបស់វិទ្យាស្ថាននេះ ដើម្បីជួយធ្វើពិពិធកម្មប្រភពផ្គត់ផ្គង់រ៉ែសំខាន់ៗផងដែរ៕










