កម្ពុជាធ្វើជាម្ចាស់ផ្ទះ! «Miss Teen Universe International» ឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ!
24-10-2026 12:17
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកយតសម្រា់លក្ខណៈអន្តរជាតិដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ «Miss Teen Universe International 2026» នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានឈានចូលដល់វគ្គពាក់កណ្ដល់ផ្ដច់ព្រ័ត្រហើយ ដោយក្នុងនោះបេក្ខនារីប្រកួតទាំងជាង ៣០ប្រទេស បានបង្ហាញសត្តភាពរបស់ខ្លួនរៀងៗខ្លួន ដោយមកជាមួយនូវឈុតតំណាងជាតិរបស់ពួកគេផងដែរ។ កម្មវិធីប្រកួតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ ក៏មានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ BTV ហើយក៏មានអ្នកគាំទ្រកញ្ញាឯកតាមបណ្ដាប្រទេសនីមួយៗ បានទៅទស្សនាការប្រកយតដោយផ្ទាល់យ៉ាងច្រើនកុះករ។
ជាការពិតនៅរយៈកាលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ កញ្ញាឯកតំណាងមកពីប្រទេសនានា បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងស្វិតស្វាញ នៅក្នុងប្រទេសកម្ពុជា ដោយបានធ្វើដំណើរទៅទស្សនាតំបន់ទេសចរណ៍ល្បីៗជាច្រើនកន្លែង ជាពិសេសបានអញ្ជើញទៅទស្សនាសម្បត្តិវប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា គឺប្រាសាទអង្គរវត្ត ក៏ដូចជាបានទស្សនានូវរបាំបុរាណជាច្រើនប្រភេទ ដែលបានបង្ហាញជូននៅក្នុងដំណើរទស្សនកិច្ច។ ក្រៅពីនោះបេក្ខនារីប្រកួតទាំងជាង ៣០ប្រទេស ក៏បានចូលរួមកម្មវិធីសប្បុរសធម៌ ដូចជាចុះជួបកុមារកំព្រា និងបងប្អូនប្រជាពលរដ្ឋខ្មែរតាមសហគមន៍នានា។
លោក អ៉ិន សុភិន អ្នកគ្រប់គ្រងកម្មវិធី «Miss Teen Universe» ប្រចាំនៅកម្ពុជាបានថ្លែងថា ការប្រកួត Miss Teen Universe International 2026 នៅកម្ពុជាឆ្នាំនេះ យើងពិតជាមានមោទកភាព និងកិត្តិយសយ៉ាងក្រៃលែង ដែលបានស្វាគមន៍កញ្ញាឯក VICTORIA KJER THEILVIG (victoriaakjaer) ដែលជាម្ចាស់មកុដ «MISS UNIVERSE 2024» ក្នុងនាមជាពិធីការិនីពិសេស (SPECIAL HOST) របស់យើង។ នេះគឺជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃកម្មវិធី Miss Teen Universe! ដែលម្ចាស់មកុដជនជាតិដាណឺម៉ាករូបនេះ បានទាក់ទាញចិត្តអ្នកគាំទ្រទូទាំងពិភពលោកទាំងមូល តាមរយៈភាពថ្លៃថ្នូរ ភាពទាក់ទាញ និងវត្តមានដ៏លេចធ្លោរបស់នាង ចូលរួមជាមួយយើងនៅក្នុងកម្មវិធី Miss Teen Universe 2026 ប្រារព្ធឡើងនៅប្រទេសកម្ពុជា។
អ្នកគ្រប់គ្រងកម្មវិធីរូបនេះបន្តថា ព្រឹត្តិការណ៍ Miss Teen Universe International 2026 នឹងក្លាយជាការចងចាំមិនអាចបំភ្លេចបាន ព្រោះនេះជាពេលវេលាប្រវត្តិសាស្ត្រ ក្រោមមានវត្តមានម្ចាស់មកុដកម្រិតពិភពលោក និងបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ វត្តមានរបស់ VICTORIA KJER THEILVIG នឹងធ្វើឱ្យកម្មវិធីលើកនេះកាន់តែពិសេសថែមមួយកម្រិតទៀត ខណៈដែលយើងរួមគ្នាលើកតម្កើងសម្រស់ ទំនុកចិត្ត ភាពជាអ្នកដឹកនាំ និងក្តីសុបិនរបស់យុវតីមកពីជុំវិញពិភពលោក។ លោកសូមស្វាគមន៍មកកាន់ Miss Teen Universe 2026, Victoria! យើងពិតជាមានកិត្តិយសណាស់ ដែលមានវត្តមានរបស់អ្នកនៅទីនេះ ជាមួយយើងទាំងអស់គ្នា។
លោក អ៉ិន សុភិន បានគូសរំលេចបន្ថែមថា ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតនេះ គឺយើងទទួលបាននូវអត្ថប្រយោជន៍ច្រើន ជាពិសេសគឺពាក់ព័ន្ធនឹងការផ្សព្វផ្សាយទេសចរណ៍ ខណៈដែលកញ្ញាឯក ដែលបានធ្វើដំណើរមកប្រទេសកម្ពុជា គឺពួកគេម្នាក់ៗបានជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ វប្បធម៌របស់ខ្មែរ ទៅកាន់ពិភពលោក ធ្វើឲ្យមានភាពទាក់ទាញ និងប្រកបដោយទំនុកចិត្ត។ ស្ទើរតែគ្រប់បេក្ខភាពដែលមកកាន់ប្រទេសកម្ពុជា គឺពួកគេនាំទាំងគ្រួសារ និងអ្នកគាំទ្រមកជាមួយ ដើម្បីបានទស្សនាស្វែងយល់ពីកម្ពុជាដោយផ្ទាល់ ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់យើងកាន់តែល្បីសុះសាយ តាមរយៈការរៀបចំព្រឹត្តិការណ៍ខ្នាតអន្តរជាតិ និងការធ្វើដំណើរទៅកាន់តំបន់ដ៏ស្រស់បំព្រងនានារបស់ប្រទេសយើង។
សម្រាប់ឆ្នាំនេះយើងបានជ្រើសរើសកញ្ញាឯក លីម ឡរ៉ា ដែលជាបេក្ខភាពមានសមត្ថភាពខ្ពស់ទាំងការនិយាយ រូបសម្រស់ ការទំនាក់ទំនង ភាសា និងការតស៊ូប្រកួតដ៏ស្វិតស្វាញ តំណាងឲ្យប្រទេសកម្ពុជា។ ជាមួយគ្នាជានេះឈុតតំណាងជាតិ គឺកម្ពុជាបានជ្រើសរើសយកឈុត «ឆៃយ៉ាំ» សម្រាប់ប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន និងអ្នកគាំទ្រ។
Miss Teen Universe គឺជាកម្មវិធីប្រកួតបវរកញ្ញាសម្រាប់យុវតី ដែលមានលក្ខណៈស្រដៀងនឹងកម្មវិធីប្រកួតបវរកញ្ញាចក្រវាឡ (Miss Universe) ដែរ ប៉ុន្តែផ្តោតលើក្រុមអាយុវ័យជំទង់។
ជាទូទៅកម្មវិធី Miss Teen Universe គឺជាវេទិកាមួយសម្រាប់យុវតីមកពីជុំវិញពិភពលោក ដើម្បីបង្ហាញពីទេពកោសល្យ ភាពស្រស់ស្អាត និងបុគ្គលិកលក្ខណៈរបស់ពួកគេ។ កម្មវិធីទាំងនេះមានគោលបំណង លើកកម្ពស់ទំនុកចិត្តលើខ្លួនឯង ការអប់រំ និងការចូលរួមក្នុងសកម្មភាពសង្គមក្នុងចំណោមយុវតី៕































