AUPP បើកផ្លូវសិក្សាថ្នាក់អនុបណ្ឌិតនៅ Columbia Engineering តាមរយៈកម្មវិធី 4+1 ពង្រីកឱកាសសិក្សាកម្រិតពិភពលោក សម្រាប់និស្សិតកម្ពុជា (Video inside)
24-10-2026 15:57
(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានបង្កើតកិច្ចសហការសិក្សាដ៏សំខាន់មួយជាមួយសាលាវិស្វកម្ម និងវិទ្យាសាស្ត្រអនុវត្ត Fu Foundation School of Engineering and Applied Science នៃសាកលវិទ្យាល័យ Columbia នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចសហការនេះបើកផ្លូវសិក្សាបន្តថ្នាក់អនុបណ្ឌិតតាមរយៈកម្មវិធី 4+1 សម្រាប់និស្សិតដែលមានលក្ខខណ្ឌគ្រប់គ្រាន់ ដោយពង្រីកឱកាសអប់រំអន្តរជាតិដ៏មានតម្លៃសម្រាប់យុវជនកម្ពុជា។
កម្មវិធី 4+1 នេះអនុញ្ញាតឱ្យនិស្សិត AUPP បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅកម្ពុជា មុននឹងបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅ Columbia Engineering ដែលជាស្ថាប័នសិក្សាផ្នែកវិស្វកម្មដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក និងជាផ្នែកមួយនៃសាកលវិទ្យាល័យ Columbia ក្នុងក្រុម Ivy League។
និស្សិតអាចជ្រើសរើសមុខជំនាញជាច្រើនដូចជា គណិតវិទ្យាអនុវត្ត វិភាគទិន្នន័យធុរកិច្ច វិទ្យាសាស្ត្រទិន្នន័យ វិស្វកម្មហិរញ្ញវត្ថុ និងវិស្វកម្មឧស្សាហកម្មជាដើម។
តាមរយៈឱកាសនេះ និស្សិតនឹងទទួលបានចំណេះដឹងស៊ីជម្រៅ ជំនាញវិជ្ជាជីវៈ និងបទពិសោធន៍សិក្សាអន្តរជាតិ តាមរយៈការសិក្សាជាមួយសាស្ត្រាចារ្យឈានមុខ និងការកសាងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈជាសកល។
លោកសាស្ត្រាចារ្យបណ្ឌិត Soulaymane Kachani ព្រឹទ្ធបុរសនៃ Columbia Engineering បានកោតសរសើរចំពោះគំរូអប់រំរបស់ AUPP និងបានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះជាការចាប់ផ្តើមនៃទំនាក់ទំនងរយៈពេលវែង ដែលផ្អែកលើគុណតម្លៃសិក្សារួម និងការប្តេជ្ញាចិត្តចំពោះឧត្តមភាព។
AUPP បន្តបំពេញបេសកកម្មរបស់ខ្លួនក្នុងការពង្រីកឱកាសទទួលបានការអប់រំដែលមានគុណភាពខ្ពស់ និងអភិវឌ្ឍធនធានមនុស្សកម្ពុជាឱ្យមានចំណេះដឹង ជំនាញ និងសមត្ថភាពប្រកួតប្រជែងក្នុងសេដ្ឋកិច្ចសកល តាមរយៈការពង្រឹងភាពជាដៃគូជាមួយស្ថាប័នអប់រំឈានមុខគេលើពិភពលោក។
កិច្ចសហការនេះក៏ស្របតាមចក្ខុវិស័យ «វិស្វកម្មដើម្បីមនុស្សជាតិ» របស់ Columbia Engineering ផងដែរ៕





























