* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

សមាគមសិល្បករខ្មែរ ដឹកនាំសិល្បករខ្មែរប្រមាណជិត ៥០រូប ទស្សនា​​ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ដើម្បីជាការស្វែងយល់អំពីឫសគល់នៃការជួញដូររតនវត្ថុបុរាណខ្មែរ

25-10-2026 13:18

(ភ្នំពេញ)៖ សមាគមសិល្បករខ្មែរ បានដឹកនាំសិល្បករខ្មែរប្រមាណជិត ៥០រូប ទស្សនា​​ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នេះ ដើម្បីជាការស្វែងយល់អំពីឫសគល់នៃការជួញដូររតនវត្ថុបុរាណខ្មែរ ទៅកាន់ទីផ្សារងងឹតពិភពលោក និងការទាមទារត្រឡប់មកវិញ។

ដើម្បីជាការ​​ស្វែងយល់អំពីដំណើរនៃប្រវត្តិសាស្ត្រ ដំណើរនៃការបំផ្លិចបំផ្លាញយ៉ាង​អាក្រក់នៃប្រាសាទបុរាណ វត្ថុ​​បុរាណ ពិសេសពីឫសគល់នៃការជួញដូររតនវត្ថុបុរាណខ្មែរ ទៅកាន់ទីផ្សារងងឹតពិភពលោក អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគម​សិល្បករខ្មែរ បានរៀបចំ​ឱ្យសិល្បករខ្មែរប្រមាណ ​៥០រូប បាន​ចូល​ទស្សនា​ខ្សែភាពយន្តឯកសារកម្រិតអន្តរជាតិ “LOOT” ដែលលាតត្រដាងពីបញ្តាញឧក្រិដ្ឋកម្មជួញដូរវត្ថុបុរាណខ្មែរជាសកល ដោយខុសច្បាប់។

ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» គឺជាស្នាដៃផលិតរបស់ក្រុមហ៊ុន New Theory Pictures ដឹកនាំរឿងដោយលោក Don Millar ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ក្រុមការងារបច្ចេកទេស និងផលិតករខ្មែរក្នុងស្រុក ហើយ​ត្រូវបានក្រុមហ៊ុន AMS (Apsara Media Services) បង្កើតកិច្ចសហការនាំយកភាពយន្តនេះ មកចាក់បញ្ចាំងជាផ្លូវការនៅតាមរោងភាពយន្តទំនើបៗ ក្នុងប្រទេសកម្ពុជា ចាប់​តាំពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦។

ខ្សែភាពយន្តឯកសាររយៈពេល ៨៧នាទីនេះ បានបង្ហាញពីការពិតដ៏រន្ធត់នៃអតីតកាល ដែលបណ្ដាញឧក្រិដ្ឋជនបានកេងប្រវ័ញ្ច និងប្រើគ្រប់មធ្យោបាយ​រៀបចំគម្រោង​លួច​ឆ្មក់ប្លន់យករតនសម្បត្តិបុរាណពីប្រាសាទនានាក្នុងប្រទេសកម្ពុជា។ «បុរាណវត្ថុប្រឡាក់ឈាម» ទាំងនោះ ត្រូវបានលួចរត់ពន្ធឆ្លងដែនលក់​ទៅកាន់គេហដ្ឋាន របស់មហាសេដ្ឋី និងសារមន្ទីរល្បីៗនៅបស្ចិមប្រទេស ដែលពាក់ព័ន្ធនឹងបណ្ដាញរបស់ Douglas Latchford។

លោក សេត គឹមសឿន អ្នកនាំពាក្យសមាគមសិល្បករខ្មែរ បានបញ្ជាក់ថា ការរៀបចំឱ្យសិល្បករសិល្បការិនីកម្ពុជា បាន​ចូលទស្សនា​​ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» ​ដោយសារ អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករ​ខ្មែរ មើលឃើញពី​អត្ថន័យ និង​តម្លៃជាប្រវត្តិសាស្ត្រដ៏ធំធេងសម្រាប់ជាតិកម្ពុជា នៅក្នុង​ភាពយន្តស៊ើបអង្កេតមួយ​នេះ។ ភាព​យន្ត​មួយ​នេះ បានឆ្លុះបញ្ចាំង​ពីដំណើរនៃប្រវត្តិសាស្ត្រ និង​បានលាតត្រដាងពីការពិតនៃការលួចប្លន់ និងការជួញដូរវត្ថុបុរាណខ្មែររាប់មិនអស់ទៅកាន់​ទីផ្សារ​នៅ​ក្រៅប្រទេសដោយខុសច្បាប់ ក្នុងអំឡុងពេលដែលកម្ពុជា ធ្លាក់ចូលក្នុងភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍។

លោក សេត គឹមសឿន បាន​បញ្ជាក់ថា អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង មានបំណង​បំផុសឱ្យ​ប្រជាជនខ្មែរ​ចូលរួមទស្សនា​ភាព​យន្ត​នេះ​ឱ្យបានច្រើន​កុះករ ព្រោះ​ភាពយន្តឯកសារ​នេះមិនត្រឹមតែជាកំណត់​ត្រាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីកម្មដ៏រឹងមាំមួយក្នុងការគាំទ្រដល់ដំណើរការទាមទារ និងនាំយកដួងព្រលឹងដូនតា និងសម្បត្តិបេតិកភណ្ឌជាតិត្រឡប់មកមាតុភូមិវិញ។

តាមរយៈ​ភាពយន្តឯកសារមួយនេះ តាងនាមសមាគមសិល្បករខ្មែរ សូមអំពាវនាវដល់សាធារណជន​គ្រប់ទិសទី ពិសេស​យុវជន​ដែលជាអ្នកបន្ត​វេន សូមចំណាយពេល​ចូលរួមទស្សនាទាំង​អស់គ្នា ព្រោះ​តាមរយៈ​ដំណើរនៃភាព​យន្ត​ស៊ើបអង្កេតមួយ​នេះ បាន​ដាស់ស្មារតីមហាជន​ឱ្យ​យល់ពីតម្លៃនៃប្រវត្តិសាស្ត្រ ស្នាដៃបុព្វបុរស និងស្មារតីនៃការ​ស្រឡាញ់ ការពារអភិរក្ស​កេរដំណែលបេតិភណ្ឌ​របស់ជាតិ ពិសេស​បានបង្កប់នូវអត្ថន័យ​មួយ​ថា ជម្លោះផ្ទៃក្នុង​នាំដល់ការ​បំផ្លិចបំផ្លាញយ៉ាង​អាក្រក់សម្រាប់​ជាតិ។

គួរបញ្ជាក់​ផង​ដែរថា ភាពយន្តនេះក៏ទទួលបានការទទួលស្គាល់ និងជ្រើសរើសចាក់បញ្ចាំងក្នុងមហោស្រពភាពយន្តអន្តរជាតិជាច្រើនដូចជា NHK (Japan Prize, Finalist), Bali International Film Festival, Austin Film Festival, FIPADOC, Cambodia International Film Festival និងមហោស្រពភាពយន្តអន្តរជាតិល្បីៗជាច្រើនទៀតលើពិភព​លោក។ រីឯសម្រាប់សំបុត្រចូលទស្សនា ខ្សែភាពយន្តឯកសារ «LOOT: ការវិលត្រឡប់មកវិញនូវរតនសម្បត្តិវត្ថុកម្ពុជា» មានលក់នៅគ្រប់រោងភាពយន្តទាំង​អស់​នៅកម្ពុជា។

សូមជម្រាបថា ខ្សែភាពយន្តនេះបានបង្កើតឡើងដើម្បីសម្រេចបាននូវគោលបំណងសំខាន់ៗ ចំនួនពីរ៖ ទី១.ការជ្រួតជ្រាបផ្នែកវប្បធម៌ តាមរយៈការដាស់ស្មារតីសាធារណជនអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរខាងប្រវត្តិសាស្ត្រ និងមនុស្សធម៌ ពីការលួចប្លន់បេតិកភណ្ឌវប្បធម៌ ដោយភ្ជាប់រឿងរ៉ាវអតីតកាល ទៅនឹងកិច្ចខិតខំប្រឹងប្រែងទាមទារយកបុរាណវត្ថុត្រឡប់មកវិញនាពេលបច្ចុប្បន្ន និងទី២.ការផ្សព្វផ្សាយអប់រំ តាមរយៈការទាក់ទាញក្រុមគោលដៅជាក់លាក់ រួមមាន៖ សិស្ស និស្សិត ព្រះសង្ឃ និងថ្នាក់ដឹកនាំសហគមន៍ ឱ្យចូលរួមក្នុងការពិភាក្សាអំពីយុត្តិធម៌ ការទទួលខុសត្រូវ និងការថែរក្សាអត្តសញ្ញាណជាតិ៕