យល់ដឹងផ្នែកច្បាប់៖ ការដាក់វិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
25-10-2026 15:12
(ភ្នំពេញ)៖ អង្គចៅក្រម សំដៅដល់ចៅក្រម និងព្រះរាជអាជ្ញា (មាត្រា ៣ នៃច្បាប់ស្ដីពី លក្ខន្ដិកៈនៃចៅក្រម និងព្រះរាជអាជ្ញា) ជាបុគ្គលដែលមានសិទ្ធិជម្រះក្ដី និងជាម្ចាស់នៃបណ្ដឹងអាជ្ញា ដែលសិទ្ធិទាំងនេះជាអំណាចរបស់តុលាការ ។ អំណាចតុលាការគ្របដណ្តប់ទៅលើរឿងក្តីទាំងអស់ រួមទាំងរឿងក្តីរដ្ឋបាលផងដែរ ដោយអំណាចនេះ ជាអំណាចឯករាជ្យមិនចំណុះឱ្យអំណាចផ្សេងនោះទេ ហើយរាល់ការជម្រះក្តីផ្តល់យុត្តិធម៌ ត្រូវធ្វើឡើងក្នុងនាមប្រជារាស្ត្រខ្មែរ ដោយចៅក្រមដែលទទួលបន្ទុករឿងក្តី។ អង្គចៅក្រមត្រូវបំពេញភារកិច្ចដោយគោរពច្បាប់យ៉ាងម៉ឺងម៉ាត់ និងឱ្យអស់ពីដួងចិត្ដ និងសម្បជញ្ញៈរបស់ខ្លួន ក្នុងការផ្តល់យុត្តិធម៌ជូនសង្គមជាតិតាមរយៈការចោទប្រកាន់ និងជម្រះក្ដី ។ ប៉ុន្តែ ចៅក្រម ឬព្រះរាជអាជ្ញា ក៏ជារូបវន្តបុគ្គលដូចបុគ្គលផ្សេងទៀតដែរ ហេតុនេះការប្រព្រឹត្តកំហុសមុខងាររបស់ខ្លួនរមែងតែងតែជៀសមិនផុត ។ ដូច្នេះ យោងតាមមាត្រា ១៣៤ថ្មី (មាត្រា ១១៥ចាស់) នៃរដ្ឋធម្មនុញ្ញ បានកំណត់បង្កើតនូវស្ថាប័នមួយគឺ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាស្ថាប័នដែលមានសមត្ថកិច្ចក្នុងការដាក់វិន័យទៅលើចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តខុស ។
តើឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី? តើការដាក់វិន័យចំពោះចៅក្រម និងព្រះរាជអាជ្ញា ត្រូវប្រព្រឹត្តទៅក្រោមលក្ខខណ្ឌអ្វីខ្លះ? ហើយការប្រព្រឹត្តទៅនៃនីតិវិធីដាក់វិន័យត្រូវធ្វើឡើងយ៉ាងដូចម្តេច? និងជាចុងក្រោយ តើលទ្ធផលពីការដាក់វិន័យ គឺដើម្បីអ្វី?
ដើម្បីយល់ដឹងឱ្យកាន់តែច្បាស់អំពី ការដាក់វិន័យរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់សប្តាហ៍នេះកម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការចែករំលែកជូនសាធារណជន សិស្ស និងនិស្សិត ដូចខាងក្រោម ៖
ការបង្កើតឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមឡើង គឺក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យ នៃអំណាចតុលាការ ដោយការសម្រេច និងលើកសេចក្ដីថ្វាយព្រះមហាក្សត្រអំពីការតែងតាំង ការផ្លាស់ប្ដូរ ការផ្ដាច់ពីមុខងារ ការដាក់ឱ្យនៅក្រៅក្របខណ្ឌ និងការលុបឈ្មោះចៅក្រមទាំងអស់ រួមទាំងការដាក់ទណ្ឌកម្មវិន័យផងដែរ ។
១. សមត្ថកិច្ចក្នុងមុខការដាក់វិន័យចៅក្រម និងព្រះរាជអាជ្ញា
យោងតាមមាត្រា ៥៤ នៃច្បាប់ស្ដីពី លក្ខន្ដិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្ដកំហុសក្នុងការបំពេញកាតព្វកិច្ចវិជ្ជាជីវៈ និងការធ្វើឱ្យប៉ះពាល់ដល់កិតិ្ដយស សីលធម៌ ស្អាតស្អំ និងសេចក្ដីថ្លៃថ្នូរប្រាសចាកពីក្រមសីលធម៌ នឹងនាំឱ្យរងនូវទណ្ឌកម្មខាងវិន័យតាមបទប្បញ្ញត្ដិនៃច្បាប់នេះ ។
ក. ចំពោះប្រធានតុលាការកំពូល ឬអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល
ក្នុងសំណុំរឿងទាក់ទងនឹងប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល ក្រុមប្រឹក្សាវិន័យត្រូវប្រជុំក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រ ឬព្រះរាជតំណាង ហើយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវចូលរួមប្រជុំក្នុងក្រុមប្រឹក្សា
វិន័យនេះ (មាត្រា ២០ កថាខណ្ឌទី២ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម) ។
ខ. ចំពោះចៅក្រម
ក្នុងមុខការដាក់វិន័យចំពោះចៅក្រម ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវប្រជុំក្រោមរូបភាពជាក្រុមប្រឹក្សាវិន័យ ក្រោមអធិបតីភាពនៃប្រធានតុលាការកំពូល (មាត្រា ២០ កថាខណ្ឌទី១ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម) ។
គ. ចំពោះព្រះរាជអាជ្ញា
ក្នុងមុខការដាក់វិន័យចំពោះព្រះរាជអាជ្ញា ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវប្រជុំក្រោមរូបភាពជាក្រុមប្រឹក្សាវិន័យ ក្រោមអធិបតីភាពនៃអគ្គព្រះរាជអាជ្ញាអមតុលាការកំពូល (មាត្រា ២០ កថាខណ្ឌទី១ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម) ។
ក្នុងករណីចំពោះចៅក្រម និងព្រះរាជអាជ្ញា ព្រះមហាក្សត្រ និងរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌មិនចូលរួមក្នុងក្រុមប្រឹក្សាវិន័យទេ ។
២. នីតិវិធី
នីតិវិធីត្រូវបានចាប់ផ្ដើមឡើងដោយការដាក់ពាក្យបណ្ដឹងនៅអគ្គលេខាធិការដ្ឋាននៃ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ឬនៅក្រសួងយុត្តិធម៌ ។ បន្ទាប់មក រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវចាត់ឱ្យពិនិត្យ និងស្រាវជ្រាវបឋមលើបណ្តឹងនេះ ដើម្បីកសាងសំណុំរឿងវិន័យ មុននឹងសម្រេចបញ្ជូនសំណុំរឿងនេះទៅក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីចាត់នីតិវិធីបន្ត ។
បន្ទាប់ពីក្រុមប្រឹក្សាវិន័យ ទទួលបានសំណុំរឿងហើយ ប្រសិនបើយល់ឃើញថាជាការចាំបាច់ ប្រធានក្រុមប្រឹក្សាវិន័យអាចចាត់ឱ្យមានការស្រាវជ្រាវបន្ថែមដោយប្រើយន្តការក្រុមអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ។ ប្រធានក្រុមប្រឹក្សាវិន័យ ធ្វើការកោះប្រជុំក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ហើយត្រូវបញ្ជូនសំណុំរឿងនេះទៅសមាជិកទាំងអស់ យ៉ាងតិច ១០ ថ្ងៃ មុនថ្ងៃប្រជុំ ។ ចៅក្រម ឬព្រះរាជអាជ្ញា ដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ មានសិទ្ធិដឹងអំពីបទវិន័យដែលចោទប្រកាន់មកលើខ្លួន និងមានសិទ្ធិការពារខ្លួនដោយខ្លួនឯង ឬមានជំនួយពីមេធាវីនៅចំពោះមុខក្រុមប្រឹក្សាវិន័យ ។ ការប្រជុំរបស់ក្រុមប្រឹក្សាវិន័យត្រូវធ្វើជាអសាធារណៈ ហើយសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងបុគ្គលដែលចូលរួមប្រជុំត្រូវរក្សាការសម្ងាត់នៃអង្គប្រជុំ ។
ក្នុងករណីរកឃើញកំហុស ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមសម្រេចដាក់ទណ្ឌកម្មវិន័យ (ដូចមានចែងក្នុងច្បាប់ ស្តីពី លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា) ហើយសេចក្តីសម្រេចនេះត្រូវមានសំអាងហេតុ និងសំអាងច្បាប់គ្រប់គ្រាន់ និងច្បាស់លាស់អំពីមូលហេតុនៃការចោទប្រកាន់ទៅលើចៅក្រម ឬព្រះរាជអាជ្ញា ។ សេចក្តីសម្រេចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ ក្នុងករណីទណ្ឌកម្មវិន័យថ្នាក់ទី២ ត្រូវបានប្រកាស ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវលើកសេចក្តីស្នើថ្វាយព្រះមហាក្សត្រអំពីកិច្ចការនេះ ដូចមានចែងក្នុងមាត្រា ២៣ ២៤ ២៥ និង២៦ នៃច្បាប់ស្ដីពី ការរៀបចំ និងការប្រព្រឹត្ដទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម។
៣. ទណ្ឌកម្មវិន័យ
យោងតាមមាត្រា ៥៥ នៃច្បាប់ស្តីពី លក្ខន្តិកៈនៃចៅក្រម និងព្រះរាជអាជ្ញា ទណ្ឌកម្មវិន័យត្រូវបានបែងចែកជា ២ (ពីរ) ថ្នាក់គឺ ទណ្ឌកម្មថ្នាក់ទី១ និងទណ្ឌកម្មថ្នាក់ទី២ ។ ការបែងចែកទណ្ឌកម្មវិន័យជាពីរថ្នាក់គឺ ក្នុងគោលបំណងដាក់ទណ្ឌកម្មទៅតាមកម្រិតនៃកំហុសដែលចៅក្រម និងព្រះរាជអាជ្ញាបានប្រព្រឹត្ត ។
ក. ទណ្ឌកម្មថ្នាក់ទី១
ទណ្ឌកម្មថ្នាក់ទី១ គឺជាការដាក់វិន័យកម្រិតទាប ចំពោះចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តកំហុសវិន័យដូចជា ការស្តីបន្ទោសដោយផ្ទាល់មាត់ ការស្តីបន្ទោសដោយចុះក្នុងសំណុំលិខិតផ្ទាល់ខ្លួន និងការផ្អាកមិនឱ្យចុះឈ្មោះក្នុងតារាងដំឡើងថ្នាក់ ឬឋានន្តរសក្តិមួយរយៈ តែមិនត្រូវឱ្យលើសពី ០២ (ពីរ) ឆ្នាំទេ ឬលុបចេញពីតារាងដំឡើងថ្នាក់ ឬឋានន្តរសក្តិ ក្នុងករណីដែលមានចុះឈ្មោះរួចហើយ ។
ខ. ទណ្ឌកម្មថ្នាក់ទី២
ទណ្ឌកម្មថ្នាក់ទី២ គឺជាការដាក់វិន័យកម្រិតថ្នាក់ខ្ពស់ ចំពោះចៅក្រម ឬព្រះរាជអាជ្ញាដែលបានប្រព្រឹត្តកំហុសវិន័យណាមួយ ហើយទំហំនៃកំហុសមានលក្ខណៈធ្ងន់ធ្ងរ ។ ទណ្ឌកម្មថ្នាក់ទី២ រួមមានដូចជា ការផ្លាស់ដោយបង្ខំ ការព្យួរការងារមិនឱ្យមានប្រាក់បៀវត្ស ក្នុងរយៈពេលមិនលើសពី ០១ (មួយ) ឆ្នាំ ការបន្ថយមួយថ្នាក់ ឬច្រើនថ្នាក់ ឬបន្ថយឋានន្តរសក្តិ ការដាក់ឱ្យចូលនិវត្តន៍ដោយបង្ខំ ការបញ្ឈប់ពីមុខងារដោយបង្ខំ និងការបណ្តេញចេញពីក្របខណ្ឌ ។ ចំពោះទណ្ឌកម្មថ្នាក់ទី២ នេះត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ បន្ទាប់ពីមានការសម្រេចពីឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
សរុបជារួមឃើញថា ការសម្រេចដាក់វិន័យចំពោះចៅក្រម ឬព្រះរាជអាជ្ញា ដែលបានប្រព្រឹត្តកំហុស គឺឆ្លងកាត់នីតិវិធី និងការស៊ើបអង្កេតជាច្រើនពីសំណាក់មន្ត្រីមានសមត្ថកិច្ច គឺឧត្តមក្រមប្រឹក្សានៃអង្គចៅក្រម។ ការរឹតបន្តឹងចំពោះវិជ្ជាជីវៈចៅក្រម គឺដើម្បីធានាកុំឱ្យចៅក្រម ឬព្រះរាជអាជ្ញាប្រព្រឹត្តកំហុស ព្រមទាំងរក្សានូវភាពយុត្តិធម៌ជូនប្រជារាស្ត្រខ្មែរ និងការសម្រេចសេចក្តីដោយពុំមានភាពលំអៀង ជាមួយនឹងការអនុវត្តនីតិវិធីប្រកបដោយទំនួលខុសត្រូវ និងពុំមានការធ្វេសប្រហែស ឬខ្ជីខ្ជា ឬពុំយកចិត្តទុកដាក់ជាដើម។
រៀបរៀងដោយ៖ លោកមេធាវី បូរិន្ទ ឬទ្ធិរាជ និងលោក ណុប ឧត្ដម ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារ ស៊ីអាយស៊ី (CIC) លេខ ១២៦៥ ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ / ០៧៨ ២៧២ ៧៨៥ អ៊ីមែល៖ [email protected] គេហទំព័រ៖ www.cicfirm.com, ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm៕



