CPL៖ ៤ក្រុមមិនទាន់ចាញ់ និង ២ក្រុមមិនទាន់ឈ្នះ ខណៈស្ទើរគ្រប់ប្រកួតសុទ្ធតែជក់ចិត្ត គិតត្រឹមពាក់កណ្ដាលផ្លូវនៃជុំទី១
26-10-2026 11:32
(ភ្នំពេញ)៖ ការប្រកួតជម្រើសជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០២៦/២៧ បានដំណើរការស្ទើរពាក់កណ្ដាលផ្លូវក្នុងជុំទី១ នៃដំណាក់កាលទី១ ហើយ ជាមួយស្ថានភាពការប្រកួតដ៏ជក់ចិត្ត និងស្វិតស្វាញស្ទើរគ្រប់ការប្រកួត ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ទោះបីមានក្រុមមិនទាន់ស្គាល់ចាញ់រហូតដល់ ៤ក្រុម និងមិនទាន់ស្គាល់ជ័យជម្នះចំនួន ២ក្រុមយ៉ាងណាក្ដី។
គិតត្រឹមសប្ដាហ៍ទី៥ ក្រុមមិនទាន់ស្គាល់ចាញ់សោះ សល់ត្រឹម ៤ក្រុមប៉ុណ្ណោះ រួមមានវិសាខា ណាហ្គាវើលដ៏ ព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បន្ទាប់ពីក្រុមដំរីជ័យ ISI ដង្កោសែនជ័យ បានរងបរាជ័យលើកដំបូង ទល់ក្រុមភ្ញៀវអង្គរថាយហ្គឺរ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមមិនទាន់ស្គាល់ជ័យជម្នះ សល់តែ ២ក្រុម គឺមានបឹងកេត និងកងយោធពលខេមរភូមិន្ទ បន្ទាប់ពីភ្នំពេញក្រោន និងឡាយហ្វខេត្តព្រះសីហនុ បានបញ្ចប់ពាក្យមិនដែលឈ្នះរបស់ខ្លួន។
ក្រឡេកទៅមើលលទ្ធផលការប្រកួតនីមួយៗ គិតត្រឹមពាក់កណ្ដាលផ្លូវនៃជុំទី១ នេះ គេឃើញស្ទើរគ្រប់ការប្រកួត ដែលបញ្ចប់ដោយភាពតានតឹង មិនថាក្រុមកម្រិតណាជួបគ្នានោះទេ។ ជាក់ស្ដែងក្នុងការប្រកួតសប្ដាហ៍ទី៥ កាលពីចុងសប្ដាហ៍កន្លងទៅ ជំនួបដ៏ធំរវាងវិសាខា និងព្រះខ័នរាជស្វាយរៀង បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ២-២ តែភ្នំពេញក្រោន បានយកឈ្នះទាំងលំបាកលើក្រុមបាតតារាងកងយោធពលខេមរភូមិន្ទ ដោយលទ្ធផល ២-១។
ចំណែកការប្រកួតនៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ វិញ ក្រុមអង្គរថាយហ្គឺរបានយកឈ្នះម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ ស្របពេលក្រុមឡាយហ្វខេត្តព្រះសីហនុ បានវាយបកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-១ គ្រាដែលក្រុមណាហ្គា បានយកឈ្នះបឹងកេត ២-០ នៅពហុកីឡដ្ឋានជាតិ។ លទ្ធផលនេះ ក៏ដូចជាការប្រកួតសប្ដាហ៍មុនៗ បានឆ្លុះបញ្ចាំងពីគុណភាពក្លិប និងកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ក្នុងលីគរដូវកាលនេះ។
គួរដឹងថា ឆ្លងកាត់ការប្រកួត ៥សប្ដាហ៍ វិសាខាបានកំពុងឈរកំពូលតារាង តែមាន ១៣ពិន្ទុស្មើក្រុមឈរលេខរៀងទី២ ណាហ្គា ក្រោយឆ្លងកាត់ ៥ប្រកួត ឈ្នះ ៤ និងស្មើ ១ ដូចគ្នា គ្រាដែលស្វាយរៀង បានធ្លាក់មកឈរលេខ៣ មាន ១១ពិន្ទុ ដោយ ៥ប្រកួត ឈ្នះ ៣ និងស្មើ ២។ រីឯអង្គរថាយហ្គឺរ ឈរលេខ៤ មាន ៨ពិន្ទុ លើភ្នំពេញក្រោន ឈរលេខ៥ មាន ៦ពិន្ទុ និង ISI ដង្កោសែនជ័យ ឈរលេខ៦ មាន ៥ពិន្ទុ។ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺបឹងកេត ទើបរកបាន ១ពិន្ទុប៉ុណ្ណោះ ពី ៤ប្រកួតកន្លងមក៕














