* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

រោងចក្រផលិតបន្ទះឈីបដំបូងបង្អស់របស់វៀតណាម អាចនឹងត្រូវពន្យារពេល និងប្រឈមការយឺតយ៉ាវតាមផែនការឆ្នាំ២០២៧

26-10-2026 15:22

(ហាណូយ)៖ យោងតាមប្រភពព័ត៌មានស្និទ្ធនឹងគម្រោងបានឱ្យដឹងថា ប្រទេសវៀតណាមទំនងជាមិនអាចសម្រេចគោលដៅ ក្នុងការបើកដំណើរការសាកល្បងរោងចក្រផលិតបន្ទះឈីប (Semiconductor) ដំបូងបង្អស់របស់ខ្លួននៅត្រឹមឆ្នាំ២០២៧ នោះទេ ដោយសារកិច្ចព្រមព្រៀងទិញឧបករណ៍ផលិតឈីបពីក្រុមហ៊ុនហូឡង់ ASML មិនទាន់ត្រូវរ៉ូវគ្នានៅឡើយ។

តាមរូបភាពផ្កាយរណប និងការចុះពិនិត្យផ្ទាល់បង្ហាញថា ទីតាំងសាងសង់នៅជាយក្រុងហាណូយ មិនទាន់មានសំណង់អ្វីលេចរូបរាងនៅឡើយទេ ដោយសារជួបប្រទះភាពយឺតយ៉ាវនៃនីតិវិធីថវិការដ្ឋ និងកង្វះបទពិសោធន៍របស់ក្រុមហ៊ុន Viettel លើការកសាងរោងចក្រឈីប។ ក្រុមហ៊ុន Viettel បាន និងកំពុងចរចាអស់ជាច្រើនខែជាមួយក្រុមហ៊ុន ASML ដើម្បីទិញម៉ាស៊ីនពុម្ពសៀគ្វី DUV (Deep Ultraviolet) ប៉ុន្តែរហូតមកទល់ពេលនេះ ភាគីទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងផ្លូវការណាមួយនៅឡើយទេ។ គម្រោងថវិការដ្ឋដែលមានទំហំប្រមាណ ១,៣ពាន់លានដុល្លារអាមេរិកនេះ ធ្លាប់មានផែនការផលិតឈីបបច្ចេកវិទ្យា 32-nanometre សម្រាប់ផ្គត់ផ្គង់ដល់វិស័យអាកាសចរណ៍ ទូរគមនាគមន៍ និងយានយន្ត។

ក្រុមហ៊ុន Viettel បានអះអាងថា គម្រោងនៅតែដំណើរការទៅមុខតាមដំណាក់កាល និងផែនការកំណត់ ខណៈតំណាងក្រុមហ៊ុន ASML និងក្រសួងហិរញ្ញវត្ថុវៀតណាមបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយបន្ថែម។

គួរជម្រាបថា រដ្ឋាភិបាលវៀតណាមមានគោលដៅជំរុញប្រទេសឱ្យក្លាយជាសេដ្ឋកិច្ចប្រាក់ចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៤៥ ដោយផ្តោតលើការអភិវឌ្ឍឧស្សាហកម្មពាក់កណ្តាលសម្រេច (Semiconductor)។ បច្ចុប្បន្ន វៀតណាមទទួលបានជោគជ័យលើផ្នែកដំឡើង សាកល្បង និងបិទគម្រប (ATP) ដោយមានក្រុមហ៊ុនយក្សដូចជា Intel, Amkor និង Samsung មកវិនិយោគ ប៉ុន្តែការឈានទៅដល់ការផលិតបន្ទះឈីបផ្ទាល់ (Wafer fabrication) នៅតែជាប្រឈមដ៏ធំធេង៕