* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

SoftBank គ្រោងវិនិយោគ ៥០ពាន់លានដុល្លារនៅម៉ាឡេស៊ី ដើម្បីជំរុញវិស័យ AI និងមជ្ឈមណ្ឌលទិន្នន័យ

27-10-2026 09:16

(បរទេស)៖ ក្រុមហ៊ុនវិនិយោគជប៉ុន SoftBank Group គ្រោងវិនិយោគទឹកប្រាក់ ៥០ពាន់លានដុល្លារនៅប្រទេសម៉ាឡេស៊ី ដោយផ្តោតលើបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាថ្មីៗ និងមជ្ឈមណ្ឌលទិន្នន័យ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Bloomberg ដែលដកស្រង់សម្តីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងចុះផ្សាយបន្តដោយ CNBC នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។

លោក Anwar បានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា លោក Masayoshi Son ប្រធានក្រុមហ៊ុន SoftBank បានកំណត់ទីតាំងសម្រាប់គម្រោងវិនិយោគនៅទីក្រុង Kuching រដ្ឋ Sarawak និងតំបន់ឧបទ្វីបម៉ាឡេស៊ី បន្ទាប់ពីអ្នកទាំងពីរបានជួបប្រជុំតាមប្រព័ន្ធវីដេអូកាលពីដើមសប្តាហ៍។ ផែនការនេះស្របពេលដែលម៉ាឡេស៊ីមានគោលដៅក្លាយជា «ប្រទេស AI» នៅត្រឹមឆ្នាំ២០៣០ ដោយរដ្ឋាភិបាលកំពុងពង្រឹងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI។

កាលពីដើមខែតុលា SoftBank បានចុះកិច្ចព្រមព្រៀងក្របខណ្ឌជាមួយក្រុមហ៊ុន Grab និងក្រុមហ៊ុន Petroleum Sarawak Berhad ដើម្បីសិក្សាពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ AI និងឌីជីថលនៅរដ្ឋ Sarawak។ ក្រៅពីនេះ ម៉ាឡេស៊ីក៏បានទាក់ទាញការវិនិយោគពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Google ដែលបានប្រកាសវិនិយោគ ២ពាន់លានដុល្លារ Microsoft ចំនួន ២,២ពាន់លានដុល្លារ និង Amazon Web Services ដែលគ្រោងវិនិយោគ ៦,២ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣៨។

គួរជម្រាបថា អាជ្ញាធរអភិវឌ្ឍន៍ការវិនិយោគម៉ាឡេស៊ីបានឱ្យដឹងថា ប្រទេសនេះទាក់ទាញការវិនិយោគពាក់ព័ន្ធនឹងមជ្ឈមណ្ឌលទិន្នន័យសរុប ៣៨៥,៧ពាន់លានរីងហ្គីត (ប្រហែល ៩៤ពាន់លានដុល្លារ) ចាប់ពីឆ្នាំ២០២១ ដល់ឆមាសទី១ ឆ្នាំ២០២៦។ ទោះជាយ៉ាងណា SoftBank មិនទាន់ឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីសារព័ត៌មាន CNBC អំពីផែនការវិនិយោគនេះនៅឡើយទេ៕