* ចំណេះដឹងទូទៅ៖ បុគ្គលដំបូងគេ ដែលបដិសេធទទួលពានរង្វាន់ណូបែល
* លោកបណ្ឌិត ថោង ខុន៖ មហាព្រឹត្តិការណ៍ភិមានអាកាស Kun Khmer x Fight Clubbing មុខព្រះលានជល់ដំរី សៀមរាប-អង្គរ ទាក់ទាញអ្នកទស្សនារាប់រយលាននាក់ទូទាំងពិភពលោក
* ចំណេះដឹងទូទៅ៖ ១០សាកលវិទ្យាល័យ ដែលល្អបំផុតនៅរុស្ស៊ី ឆ្នាំ២០២៦
* យល់ដឹងផ្នែកច្បាប់៖ ការងារសម្រាប់ក្មេង
* ក្រសួងអប់រំ ចាត់ទុកការប្រកួតតេក្វាន់ដូនិម្មិតជើងឯកអាស៊ាន ជាការតេស្ដមុនស៊ីហ្គេម និងត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិធំៗចំនួន ២

ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ស្ញប់ស្ញែង និងមានមោទនភាព ចំពោះប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ក្រោយសម្រេចសមិទ្ធផលជាប្រវត្តិសាស្ដ្រ ក្នុងកីឡាអាស៊ីប៉ារ៉ាហ្គេម នៅជប៉ុន

27-10-2026 09:19

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានសម្តែងនូវការស្ញប់ស្ញែង និងមោទនភាពយ៉ាងក្រៃលែង ចំពោះគណៈប្រតិភូ និងអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជាទាំងអស់ បន្ទាប់ពីបានខិតខំប្រឹងប្រែងប្រកួតលើឆាកអន្ដរជាតិ រហូតអាចសម្រេចសមិទ្ធផលជាប្រវត្តិសាស្ត្រ ជាមួយការឈ្នះមេដាយដំបូង នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ នាទីក្រុង Aichi-Nagoya នៅប្រ​ទេស​ជប៉ុនកាលពីថ្មីៗ។

ការគូសបញ្ជាក់នេះ បន្ទាប់ពីលោកឧបនាយករដ្ឋមន្ដ្រី អមដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានអញ្ជើញទទួលស្វាគមន៍ប្រតិភូ គ្រូបង្វឹក និងអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា ដែលបានត្រឡប់មកដល់មាតុភូមិវិញ នៅអាកាសយានដ្ឋានអន្ដរជាតិតេជោនាល្ងាចថ្ងៃទី២៦ ខែតុលា ក្រោយបញ្ចប់បេសកកម្មក្នុងការប្រកួតកីឡាអាស៊ីប៉ារ៉ាហ្គេម លើកទី៥ ចាប់ពីថ្ងៃទី១៨-២៤ ខែតុលា ឆ្នាំ២០២៦ កន្លងទៅ។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានសេចក្តីសប្បាយរីករាយ ស្ញប់ស្ញែង និងមានមោទនភាពចំពោះប្រតិភូប៉ារ៉ាឡាំពិកកម្ពុជាគ្រប់រូប។ ទោះបីជាលទ្ធផលនៃការប្រកួតយ៉ាងណាក្តី (ក្នុងនោះ បង វ៉ាន វ៉ុន ទទួលបានមេដាយសំរឹទ្ធក្នុងវិញ្ញាសាប្រណាំងរទេះចម្ងាយ ១០០ម៉ែត្រ) ក៏ប៉ុន្តែទាំងអស់គ្នាបានបង្ហាញពីភាពជាតំណាង និងសមត្ថភាពរបស់អត្តពលិកកម្ពុជា នៅលើឆាកអន្តរជាតិ និងនាំមកមោទនភាពជាតិសម្រាប់យើងទាំងមូល»។

ជាមួយគ្នាលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្នុងនាមអត្តពលិកទាំងអស់ បានបង្ហាញសេចក្ដីសោមនស្សរីករាយក្រៃលែង ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅ និងការយកចិត្តទុកដាក់ខ្ពស់ពីមន្ដ្រីជាន់ខ្ពស់រាជរដ្ឋាភិបាល។ ចំពោះបេសកម្មខាងលើលោកបានបញ្ជាក់ថា ជាមោទនភាពសម្រាប់កម្ពុជា ដែលបានបង្កើតប្រវត្តិសាស្ដ្រដណ្ដើមបានមេដាយដំបូង គឺមេដាយសំរឹទ្ធ ដែលរកបានដោយកីឡាករ វ៉ាន វ៉ុន ក្នុងប្រវត្តិកីឡាប៉ារ៉ាឡាំពិកកម្ពុជា បន្ទាប់ពីរង់ចាំអស់ជិត ២០ឆ្នាំ ក្នុងការចូលរួមព្រឹត្តិការណ៍ដ៏ធំប្រចាំទ្វីបនេះ។

ការឈ្នះមេដាយលើកដំបូងនេះបានធ្វើឲ្យបណ្ដាប្រទេសជាច្រើន មានការចាប់អារម្មណ៍ សាទរ និងកោតសរសើរ ជាពិសេសក្រុមប្រឹក្សាកីឡាប៉ារ៉ាឡាំពិកអាស៊ីប៉ារ៉ា ដែលបានចាត់ទុកសមិទ្ធផលនេះ គឺជាសញ្ញាណវិជ្ជមាន ឆ្ពោះទៅប្រជែងមេដាយនាព្រឹត្តិការណ៍ក្រោយៗទៀត។ លោកថា «នេះជាលើកដំបូង ដែលក្រុមប្រឹក្សាកីឡាប៉ារ៉ាឡាំពិកអាស៊ី បានប្រកាសក្នុងពិធីបិទថា ប្រទេសចំនួន២ កំពុងតែលូកជើងចូល ហើយឈានឆ្ពោះទៅប្រជែងក្នុងតំបន់អាស៊ី គឺប្រទេសកម្ពុជា និងតាហ្ស៊ីគីស្ថាន»។

កំឡុងព្រឹត្តិការណ៍ខាងលើប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ក្រោមការដឹកកនាំផ្ទាល់របស់លោក សំហេង បុរស ក៏មានជំនួបទ្វេភាគី និងបង្ហាញពីវឌ្ឍនភាពនៃការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម លើកទី៦ ព្រមទាំងបានធ្វើដំណើរទស្សនកិច្ចតាមទីលាន ដើម្បីដកស្រង់បទពិសោធន៍ត្រៀមទទួលធ្វើម្ចាស់ផ្ទះនាឆ្នាំ២០២៩។ ក្នុងនោះក្រុមប្រឹក្សាកីឡាប៉ារ៉ាឡាំពិកអាស៊ី បានឯកភាពលើបទបង្ហាញរបស់កម្ពុជា ដែលកំណត់យកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៩ ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ នេះផងដែរ។ លោក យី វាសនា បន្ថែម៕