Kane បញ្ចប់ការទន្ទឹងរង់ចាំអស់ ២៥ឆ្នាំ ក្នុងការឈ្នះពាន Ballon 2026 របស់អង់គ្លេស បន្ទាប់ពី Owen ធ្លាប់ធ្វើបានឆ្នាំ២០០១
27-10-2026 09:36
(បរទេស)៖ ប្រធានក្រុមបច្ចុប្បន្ននៃក្រុមតោកំណាចអង់គ្លេស Harry Kane បានបញ្ចប់រយៈពេលរង់ចាំអស់ ២៥ឆ្នាំ ដើម្បីឈ្នះពានបាល់មាសឯកត្តជន បាល់មាស Ballon dÓr 2026 របស់ប្រទេសអង់គ្លេសតពី Michael Owen ដែលធ្លាប់ឈ្នះកាលពីឆ្នាំ២០០១ កន្លងទៅ។
បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ ៣៣ឆ្នាំរូបនេះ ក៏បានបំបែកកំណត់ត្រា ក្លាយជាអ្នកស៊ុតច្រើនជាងគេឱ្យក្លិបអាល្លឺម៉ង់ Bayern Munich ក្នុងរដូវកាលទី៣ របស់លោកដែរនៅក្របខណ្ឌ Bundesliga ក្រោយផ្ទេរចេញពីក្លិបក្នុងស្រុក Tottenham Hotspur រួចមក។
ទោះជាយ៉ាងណា Kane បានក្លាយជាកីឡាករអង់គ្លេសទី៥ ដែលបានដណ្តើមបានពាន Ballon dÓr បន្ទាប់ពី Stanley Matthews កាលឆ្នាំ១៩៥៦, Bobby Charlton ក្នុងឆ្នាំ១៩៦៦ និង Kevin Keegan ឈ្នះបាន ២ឆ្នាំជាប់គ្នាគឺ ១៩៧៨ និង ១៩៧៩។
ក្នុងការបោះឆ្នោតក្នុងចំណោម ៣នាក់ចុងក្រោយ ដើម្បីក្លាយជាជើងឯកពាន Ballon dÓr តពីខ្សែប្រយុទ្ធ Ousmane Dembele ដែលឈ្នះកាលឆ្នាំ២០២៥ នោះ Kane បានផ្តួល Kylian Mbappe មកពីក្លិប Real Madrid និង Lamine Yamal មកពី FC Barcelona ដែលសុទ្ធសឹងធ្វើបានល្អដូចគ្នា។
ស្នាដៃធំរបស់ Kane គឺទាត់បញ្ចូលសរុបបាន ៦១គ្រាប់ ក្នុងនោះមាន ៥១គ្រាប់ក្នុងក្លិបអាជីពសម្រាប់រដូវកាលមុន ពីការចូលលេង ៦៥ប្រកួតទាំងក្នុងក្លិប និងជម្រើសជាតិអង់គ្លេស។ រូបលោកបានក្លាយជាកីឡាករតែម្នាក់គត់ដែលទាត់បញ្ចូលទីច្រើនជាងគេក្នុង ១រដូវកាលបើប្រៀបធៀបទាំង ៥លីគកំពូលនៅអឺរ៉ុប៕



