ប្រធានក្រុម Xhaka ត្រូវបានអនុញ្ញាតចូលលេងនៅជម្រើសជាតិស្វីសវិញ ក្រោយស៊ើបអង្កេតបណ្ណកូវីដ-១៩
28-10-2026 12:05
(បរទេស)៖ Granit Xhaka ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លិបអង់គ្លេស ឆ្មាខ្មៅ Sunderland បានទទួលភ្លើងបៃតង ក្នុងការចូលរួមជាមួយជម្រើសជាតិស្វីសឡើងវិញ ក្រោយស្ថិតក្រោមការស៊ើបអង្កេត ករណីបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ នាពេលថ្មីៗនេះ។
នេះមានន័យថា ខ្សែបម្រើវ័យ ៣៤ឆ្នាំ រួមទាំងខ្សែប្រយុទ្ធ Breel Embolo នឹងវិលមកកាន់ជម្រើសជាតិសញ្ញាលេខបូកក្រហមនាខែវិច្ឆិកាខាងមុខ ក្នុងប្រកួតពានអឺរ៉ុប UEFA Nations 2026-2027 ជាបន្តទៀត ក្រោយខកខានកាលពីខែតុលា ឆ្នាំ២០២៦ កន្លងទៅ។
Xhaka អតីតកីឡាករ Arsenal រូបនេះ ជាម្ចាស់កំណត់ត្រាលេងបាន ១៥២ប្រកួតច្រើនជាងគេសម្រាប់ក្រុមស្វីស ដោយបានខកខានពេលស្វីស លេងទល់នឹងស្កុតឡេន ម៉ាសេដូន និងស្លូវ៉ាគី នៅអំឡុងខែតុលា ជុំវិញបទចោទប្រកាន់ថាបានប្រើប្រាស់បណ្ណវ៉ាក់សាំងក្លែងក្លាយ ក្នុងការធ្វើដំណើរទៅបរទេសកាលពីអំឡុងឆ្នាំ២០២២។
ទន្តឹមគ្នានោះដែរ ខ្សែប្រយុទ្ធ Embolo ក៏ត្រូវបានដកចេញពីជម្រើសស្វីស ក្នុងករណីដូច Xhaka កាលពីខែកញ្ញា ឆ្នាំ២០២៦ មកដែរ។
សហព័ន្ធបាល់ទាត់ស្វីស (SFV) តាមរយៈការដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC បានឱ្យដឹងកាលពីថ្ងៃអង្គារថា ទាំង Xhaka និង Embolo នឹងចូលរួមក្រុមរបស់លោក Murat Yakin បានវិញហើយសម្រាប់ការប្រកួតនៅខែក្រោយ ដែលត្រូវប្រឈមមុខនឹងស្លូវ៉េនី និងស្កុតឡេននៅពាន UNL។
បច្ចុប្បន្ន ស្វីសបានកំពុងឈរទីកំពូលតារាងនៃពូល E ជាបណ្តោះអាសន្ន ដែលត្រូវលេង ២ប្រកួតចុងក្រោយនៅ Nations League ទល់នឹងក្រុមស្លូវ៉េនី និងស្កុតឡេននាថ្ងៃទី១៣ និងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៕



