មុខងារណាវី របស់ ABA ឈ្នះពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍ឆ្នើមបំផុតប្រចាំឆ្នាំ សម្រាប់បទពិសោធថ្មីស្រឡាង ក្នុងការបម្រើសេវាអតិថិជន
28-10-2026 12:17
(ភ្នំពេញ)៖ ធនាគារ ABA បានឈ្នះពានរង្វាន់បច្ចេកវិទ្យានវានុវត្តន៍ឆ្នើមបំផុតប្រចាំឆ្នាំ នៅក្នុងកម្មវិធី Asian Innovation Excellence Awards 2026 ដោយទទួលស្គាល់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ABA ក្នុងការពង្រឹងសេវាហិរញ្ញវត្ថុតាមរយៈបច្ចេកវិទ្យា និងនវានុវត្តន៍។
ពានរង្វាន់នេះ បានទទួលស្គាល់មុខងារណាវី ដែលជា AI ជំនួយការនិម្មិតសម្រាប់សេវាធនាគាររបស់ ABA និងបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលរបស់ធនាគារ ABA ដើម្បីបង្កើនភាពងាយស្រួលសម្រាប់ការប្រើប្រាស់សេវាធនាគារ។
ជាមួយសមត្ថភាពលើសពី Chatbot ទូទៅ ណាវីបានជួយណែនាំអតិថិជន ស្វែងរកព័ត៌មាន ទទួលបានការឆ្លើយតបពាក់ព័ន្ធនឹងសេវាធនាគារ ព្រមទាំងស្វែងរកសេវាឌីជីថលយ៉ាងងាយស្រួលតាមរយៈវេទិកាដែលអាចឆ្លើយតបបានច្រើនភាសា និងមាននៅលើបណ្ដាញទំនាក់ទំនងនានារបស់ ABA ដោយកាត់បន្ថយនូវតម្រូវការទាក់ទងទៅក្រុមការងារផ្នែកបម្រើសេវាអតិថិជនដោយផ្ទាល់។
អតិថិជនអាចប្រើប្រាស់មុខងារណាវី បានលើ ABA Mobile ដោយគ្រាន់តែបើកចូលកម្មវិធី និងចុចប៊ូតុងណាវី។ ណាវី ក៏មាននៅក្នុងគេហទំព័រផ្លូវការរបស់ធនាគារ www.ababank.com ផងដែរ។ អតិថិជនអាចសួរសំណួរជាភាសាណាមួយ ដើម្បីទទួលបានការឆ្លើយតបអំពីចម្ងល់ពាក់ព័ន្ធនឹងសេវាធនាគារ។
បង្កើតឡើងសម្រាប់បរិបទកម្ពុជា ណាវី អាចឆ្លើយតបជាភាសាខ្មែរយ៉ាងស្ទាត់ជំនាញ និងប្រើបច្ចេកវិទ្យាសម្គាល់សំឡេង ដែលធ្វើឲ្យអតិថិជនខ្មែរកាន់តែងាយស្រួលប្រាស្រ័យទាក់ទង ជាមួយជំនួយការនិម្មិតបម្រើសេវាធនាគារ។
ជាលទ្ធផល ណាវី បង្ហាញសុក្រឹតភាពកម្រិត 98% ក្នុងការឆ្លើយតបសំណួររបស់អតិថិជន ដែលស្ដែងឲ្យឃើញពីសមត្ថភាពខ្ពស់របស់ជំនួយការនិម្មិតដ៏ឆ្លាតវៃនេះក្នុងការផ្តល់ព័ត៌មាន និងដោះស្រាយចម្ងល់របស់អតិថិជនប្រកបដោយប្រសិទ្ធភាព។
លោក Bekzod Ruzmetov នាយកស្រាវជ្រាវឌីជីថល ទិន្នន័យ និងបញ្ញាសិប្បនិម្មិតនៃធនាគារ ABA មានប្រសាសន៍ក្នុងឱកាសនេះថា “វិធីសាស្ត្ររបស់យើងចំពោះនវានុវត្តន៍ គឺចាប់ផ្ដើមដោយយកអតិថិជនជាចម្បង។ ដំណោះស្រាយនីមួយៗដែលយើងខ្ញុំអភិវឌ្ឍ ត្រូវបានជំរុញដោយគោលដៅដ៏សាមញ្ញមួយ ពោលគឺធ្វើយ៉ាងណាឲ្យសេវាធនាគារកាន់តែងាយស្រួល ងាយយល់ ងាយទទួលបាន កាន់តែទូលំទូលាយ ព្រមទាំងឆ្លើយតបនឹងតម្រូវការដែលបន្តកើនឡើងជាលំដាប់របស់អតិថិជន និងអាជីវកម្មដែលយើងខ្ញុំបម្រើជូន។ ខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនគ្រប់រូបសម្រាប់ទំនុកចិត្ត និងការបន្តគាំទ្រជារៀងរហូតមក និងសូមអរគុណជាអនេកដល់ក្រុមការងារពេញដោយសមត្ថភាព និងការប្ដេជ្ញាចិត្តខ្ពស់របស់ធនាគារយើង ដែលបានប្រែក្លាយគំនិតច្នៃប្រឌិត ទៅជាសមិទ្ធផលដ៏មានអត្ថន័យដើម្បីពង្រឹងបទពិសោធសេវាធនាគាររបស់អតិថិជន” ។
ពានរង្វាន់នេះ គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀត នៅក្នុងដំណើរនវានុវត្តន៍ឌីជីថលរបស់ ABA ដែលឆ្លុះបញ្ចាំងកាន់តែច្បាស់ពីការប្ដេជ្ញាចិត្តរបស់ធនាគារ ក្នុងការរួមបញ្ចូលបច្ចេកវិទ្យា AI ជាមួយនឹងដំណោះស្រាយដែលមានប្រយោជន៍ សមស្រប និងត្រូវតាមបរិបទក្នុងស្រុក ដែលធ្វើឲ្យសេវាធនាគារកាន់តែងាយស្រួល ប្រើប្រាស់និងឆ្លើយតបឆាប់រហ័ស តាមតម្រូវការអតិថិជនទូទាំងប្រទេស៕





