អាជ្ញាធរគយម៉ាឡេស៊ី រឹបអូសបន្ទះឈីប AI តម្លៃជាង ១២លានដុល្លារ នៅឯអាកាសយានដ្ឋាន
28-10-2026 15:34
(កូឡាឡាំពួរ)៖ អាជ្ញាធរគយម៉ាឡេស៊ី បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ខ្លួនបានបង្ក្រាប និងរឹបអូសបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ដ៏ទំនើបៗ ដែលមានតម្លៃសរុបប្រមាណ ៤៩,៥ លានរីងហ្គីត (ជិត ១២,១១ លានដុល្លារអាមេរិក) ក្នុងខែនេះ ខណៈដែលអាជ្ញាធរបាននិងកំពុងបើកប្រតិបត្តិការស្រាវជ្រាវលើក្រុមមេខ្យល់សង្ស័យ ដែលបានរត់ពន្ធសមាសភាគពាក់កណ្តាលចម្លង (Semiconductors) កម្រិតខ្ពស់ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិចម្បងរបស់ប្រទេស។
ប្រតិបត្តិការរឹបអូសនេះបានធ្វើឡើង បន្ទាប់ពីប្រទេសម៉ាឡេស៊ី បានដាក់ចេញនូវវិធានការត្រួតពិនិត្យការនាំចេញលើការដឹកជញ្ជូនបន្ទះឈីប AI កម្រិតខ្ពស់ដែលមានប្រភពដើមពីសហរដ្ឋអាមេរិកកាលពីឆ្នាំមុន ក្រោមសម្ពាធពីខាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីទប់ស្កាត់លំហូរនៃបច្ចេកវិទ្យាទាំងនេះចូលទៅកាន់ប្រទេសចិន។
លោកស្រី Aspalila Ag Tuah នាយកដ្ឋានគយប្រចាំអាកាសយានដ្ឋានអន្តរជាតិកូឡាឡាំពួរ បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា កាលពីថ្ងៃទី ១៥ ខែតុលា អាជ្ញាធរបានរកឃើញម៉ាស៊ីនបម្រើ (Server) ចំនួន ៣០គ្រឿងដែលមានផ្ទុកបន្ទះឈីប AI ទំនើបៗ ក្នុងអំឡុងពេលចុះត្រួតពិនិត្យនៅតំបន់ពាណិជ្ជកម្មសេរី នៃអាកាសយានដ្ឋាន។
លោកស្រី Aspalila បានបន្ថែមថា តាមការស៊ើបសួរដំបូងបានបង្ហាញថា ទំនិញដែលបានដឹកជញ្ជូនចេញពីប្រទេសមួយក្នុងតំបន់អាស៊ី មានបំណងនាំចេញបន្តទៅកាន់ប្រទេសមួយផ្សេងទៀតនៅក្នុងទ្វីបជាមួយគ្នា ដែលជាសកម្មភាពតម្រូវឱ្យមានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតពាណិជ្ជកម្មត្រឹមត្រូវ។ លោកស្រីបានបញ្ជាក់ថា «ម៉ាស៊ីនបម្រើ (Servers) ទាំងនោះ ត្រូវបានប្រកាសភូតភរនៅក្នុងឯកសារថាជា «សមាសភាគអេឡិចត្រូនិក»... ហើយត្រូវ បានដឹកជញ្ជូនឆ្លងកាត់ប្រទេសម៉ាឡេស៊ី ដើម្បីជៀសវាងការរឹតបន្តឹង ឬការហាមឃាត់ក្នុងអំឡុងពេលនាំចេញបន្តទៅកាន់គោលដៅបន្ទាប់»។
ជុំវិញករណីនេះ ក្រុមហ៊ុនម៉ាឡេស៊ីមួយ ដែលបានសម្រួលដល់ការដឹកជញ្ជូនទំនិញខាងលើ ត្រូវបានអាជ្ញាធរកោះហៅឱ្យចូលខ្លួនមកសម្របសម្រួល និងជួយដល់ការស៊ើបអង្កេត។ អាជ្ញាធរគយក៏បានសង្ស័យដែរថា ការដឹកជញ្ជូននេះត្រូវបានប្រតិបត្តិការដោយបណ្តាញរត់ពន្ធដដែល ដែលធ្លាប់បានប៉ុនប៉ងរត់ពន្ធក្នុងទម្រង់ស្រដៀងគ្នានេះ ហើយត្រូវបានកម្លាំងគយបង្ក្រាបបាន កាលពីខែមិថុនាកន្លងទៅ។
លោកស្រីបានបន្តថា យ៉ាងហោចណាស់មានករណីចំនួន៥ ត្រូវបានភ្ជាប់ទៅនឹងក្រុមមេខ្យល់មួយនេះ ដោយសរុបតម្លៃបន្ទះឈីបដែលត្រូវបានរឹបអូសបានទាំងអស់មានលើសពី ១០០ លានរីងហ្គីត។ ទោះជាយ៉ាងណា លោកស្រីបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតឡើយ ដោយសារតែករណីនេះកំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេតនៅឡើយ៕












