មហាព្រឹត្តិការណ៍ «GANZBERG KUN KHMER X KNOCK OUT» នាំកីឡាករជប៉ុន ៥ រូប មកប្រកួតនៅទឹកដីអង្គរ
28-10-2026 16:24
(សៀមរាប)៖ មហាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរអន្តរជាតិ «GANZBERG KUN KHMER X KNOCK OUT» ត្រៀមនឹងធ្វើឱ្យទឹកដីអង្គរមានភាពកក្រើកសាជាថ្មី ដោយនាំមកនូវការប្រកួតដ៏ជក់ចិត្តរវាងអ្នកប្រដាល់គុនខ្មែរឆ្នើម និងអ្នកប្រយុទ្ធជប៉ុនចំនួន ៥ រូប មកពីសង្វៀន KNOCK OUT ប្រទេសជប៉ុន។ ព្រឹត្តិការណ៍ដ៏ពិសេសនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ យប់តទៅ នៅទីតាំងសួនច្បារមាត់ស្ទឹង សៀមរាប-អង្គរ។
តាមរយៈកិច្ចសហការរវាងក្រុមហ៊ុន GANZBERG និងស្ថានីយទូរទស្សន៍ TOWN FULL HDTV មហាព្រឹត្តិការណ៍នេះមានគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយកីឡាគុនខ្មែរឱ្យកាន់តែទូលំទូលាយទៅកាន់ឆាកអន្តរជាតិ ព្រមទាំងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណងមិត្តភាពកីឡារវាងកម្ពុជា និងជប៉ុន។ អ្នកគាំទ្រនឹងបានទស្សនាការប្រកួតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើន រួមមាន ផានិត គុនខ្មែរ ប៉ះ Riku Otsu, ពេជ្រ សុភ័ក្ត្រ ប្រឈមមុខជាមួយ Sentoin 1st, និង ហីម គឹមរៀង ជួបជាមួយ Toji។
អ្វីដែលកាន់តែពិសេសនោះ គឺការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ទម្ងន់ ៦៧ គីឡូក្រាម រវាងអ្នកប្រដាល់ សូត្រវាសនា គុនខ្មែរ និង Taimu Hisai មកពីប្រទេសជប៉ុន ដែលជាគូប្រកួតដ៏សំខាន់មួយដែលអ្នកគាំទ្រទន្ទឹងរង់ចាំ។ ជាមួយគ្នានេះដែរ អ្នកប្រដាល់ ពេជ្រ សម្បត្តិ ក៏នឹងចូលរួមប្រកួតមិត្តភាពអន្តរជាតិជាមួយ Kanto Shimoji ផងដែរ។ ការជួបគ្នារវាងអ្នកប្រយុទ្ធនៃប្រទេសទាំងពីរ មិនត្រឹមតែជាការប្រកួតដើម្បីស្វែងរកជ័យជម្នះប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសបង្ហាញពីសមត្ថភាពរបស់អ្នកប្រដាល់គុនខ្មែរ និងផ្សព្វផ្សាយអត្តសញ្ញាណកីឡាប្រពៃណីជាតិឱ្យកាន់តែមានភាពលេចធ្លោលើឆាកអន្តរជាតិ។ កុំភ្លេចចូលរួមគាំទ្រគុនខ្មែរ និងទស្សនាមហាព្រឹត្តិការណ៍ដ៏ជក់ចិត្តនេះទាំងអស់គ្នា។







