១២ឆ្នាំនៃកំណែទម្រង់ការប្រឡងបាក់ឌុប! ជីប ម៉ុង នៅតែបន្តរួមចំណែកឧបត្ថម្ភថេប្លេតចំនួន ២,០៤៤គ្រឿង ដល់សិស្សនិទ្ទេស A ឆ្នាំ២០២៦
28-10-2026 16:33
(ភ្នំពេញ)៖ ក្នុងឱកាសពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រលងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ជីប ម៉ុង បានបន្តចូលរួមឧបត្ថម្ភថេប្លេតចំនួន ២,០៤៤គ្រឿង តាមរយៈសម្តេចបវរធិបតី ដើម្បីជាការលើកទឹកចិត្តដល់សិស្សនិទ្ទេស A ទូទាំងប្រទេស។
ពិធីនេះដែរ បានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC ដោយក្នុងនោះ សិស្សនិទ្ទេស A នៃការប្រឡងបាក់ឌុបមានចំនួន ២,០២២នាក់ និង សិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ចំនួន ២២នាក់។
ចាប់តាំងពីកំណែទម្រង់ការប្រឡងបាក់ឌុបនៅឆ្នាំ២០១៤ រាជរដ្ឋាភិបាលកម្ពុជា បានបន្តយកចិត្តទុកដាក់លើការពង្រឹងវិស័យអប់រំ ព្រមទាំងជួបសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ជារៀងរាល់ឆ្នាំ។ ក្នុងរយៈពេល១២ឆ្នាំមកនេះ ជីប ម៉ុង បានបន្តឧបត្ថម្ភថេប្លេត តាមរយៈរាជរដ្ឋាភិបាលកម្ពុជាដល់សិស្សនិទ្ទេស A គ្រប់ៗរូប លើកលែងឆ្នាំ២០២០ ដែលមិនមានការប្រឡងកំណត់និទ្ទេស ដោយសារវិបត្តិជំងឺកូវីដ-១៩។ គិតបញ្ចូលតាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២៦នេះ ថេប្លេត ដែល ជីប ម៉ុង បានចូលរួមឧបត្ថម្ភមានសរុបចំនួន ១៣,៥៩០គ្រឿង។
ជីប ម៉ុង បានសង្ឃឹមថា ថេប្លេត ដែលសិស្សទទួលបាននៅថ្ងៃនេះ នឹងបន្តជាប្រយោជន៍ក្នុងការសិក្សា ស្រាវជ្រាវ និងស្វែងយល់អ្វីថ្មីៗនៅថ្ងៃខាងមុខ។ នេះក៏ជាហេតុផលដែលក្រុមហ៊ុន នៅតែបន្តរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកទឹកចិត្តយុវជនខ្មែរឱ្យខិតខំរៀនសូត្រ និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន៕













