OpenAI គ្រោងទិញបន្ទះឈីប AI របស់ Google ខណៈការប្រកួតប្រជែងក្នុងវិស័យ AI កាន់តែខ្លាំង
28-10-2026 16:37
(បរទេស)៖ ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT គ្រោងទិញបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) របស់ក្រុមហ៊ុន Google ដើម្បីបំពេញតម្រូវការកាន់តែខ្ពស់លើសមត្ថភាពគណនាសម្រាប់ AI។ កិច្ចព្រមព្រៀងដែលអាចកើតមាននេះ នឹងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ ទោះបីជាពួកគេប្រកួតប្រជែងគ្នាក្នុងវិស័យ AI និងសេវាស្វែងរកព័ត៌មានតាមអ៊ីនធឺណិតក៏ដោយ។ កាលពីសប្តាហ៍មុន OpenAI ក៏បានប្រកាសថា ខ្លួននឹងដាក់ឱ្យប្រើប្រាស់ម៉ូដែល AI កម្រិតខ្ពស់របស់ខ្លួនតាមរយៈសេវា Google Cloud ផងដែរ។ នេះបើយោងតាមសារព័ត៌មាន The Information និងចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦។
បច្ចុប្បន្ន OpenAI គឺជាអតិថិជនដ៏ធំមួយរបស់ Nvidia ដោយប្រើប្រាស់បន្ទះឈីប GPU របស់ក្រុមហ៊ុននេះ ដើម្បីបណ្តុះបណ្តាល និងដំណើរការម៉ូដែល AI។ ទោះជាយ៉ាងណា បន្ទះឈីប TPU របស់ Google កំពុងទទួលបានការចាប់អារម្មណ៍ជាជម្រើសជំនួសបន្ទះឈីប Nvidia ដោយសារក្រុមហ៊ុននានាស្វែងរកដំណោះស្រាយដែលមានតម្លៃទាបជាង។ Google បានចាប់ផ្តើមលក់បន្ទះឈីប TPU ដោយផ្ទាល់ទៅឱ្យអតិថិជនមួយចំនួននៅឆ្នាំនេះ ហើយកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដូចជា Anthropic ក៏បានជំរុញតម្រូវការផងដែរ។
ទន្ទឹមនឹងនេះ Amazon, Microsoft និង Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google គ្រោងចំណាយប្រាក់រួមគ្នារហូតដល់ ៦០០ ពាន់លានដុល្លារនៅឆ្នាំនេះ លើហេដ្ឋារចនាសម្ព័ន្ធ AI។ ទោះជាយ៉ាងណា វិនិយោគិនកំពុងចោទសួរកាន់តែខ្លាំងថា តើការចំណាយដ៏ច្រើននេះនឹងផ្តល់ផលចំណេញជាក់ស្តែងនៅពេលណា។ Alphabet រំពឹងថា នឹងចាប់ផ្តើមទទួលស្គាល់ចំណូលមួយផ្នែកតូចពីកិច្ចព្រមព្រៀងលក់បន្ទះឈីប TPU នៅចុងឆ្នាំនេះ ខណៈចំណូលភាគច្រើនត្រូវរំពឹងថានឹងទទួលស្គាល់នៅឆ្នាំ២០២៧។
ដោយឡែក កាលពីខែមិថុនា OpenAI បានបង្ហាញបន្ទះឈីប AI ផ្ទាល់ខ្លួនដំបូង ដែលរចនាឡើងដោយសហការជាមួយក្រុមហ៊ុន Broadcom ហើយគ្រោងដាក់ឱ្យប្រើប្រាស់នៅចុងឆ្នាំ២០២៦។ ផែនការនេះបង្ហាញថា OpenAI កំពុងពង្រីកជម្រើសផ្នែកបច្ចេកវិទ្យា និងប្រភពផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន ដើម្បីគាំទ្រការអភិវឌ្ឍ AI ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕










