Liverpool និងម្ចាស់ការពារជើងឯក Man City ដឹកដៃគ្នាឡើងវគ្គ ៨ក្រុម League Cup ក្រោយទម្លាក់គូប្រជែងរៀងៗខ្លួន
29-10-2026 09:50
(បរទេស)៖ ហង្សក្រហម Liverpool និងក្រុមការពារជើងឯក Manchester City បានឆ្លងចូលវគ្គ ៨ក្រុមនៃពាន League Cup 2026-27 ដូចគ្នា បន្ទាប់ពីទម្លាក់គូប្រជែង Chelsea និង Brighton នាយប់មិញនេះ។
Man City បានទម្លាក់គូប្រជែងក្នុងលីគ Brighton ដោយលទ្ធផល ៤-៣ ដោយបាល់ ១១ម៉ែត្រកាត់សេចក្តី នៅពេលប្រកួតពេញម៉ោង ៩០នាទីស្មើគ្នា ២-២ ក្នុងកីឡដ្ឋាន Etihad របស់ខ្លួននៃវគ្គ ១៦ក្រុម នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៥ម៉ឺននាក់ មុនពេល Liverpool ក៏បានយកឈ្នះតោខៀវ Chelsea ៦-៥ ដោយបាល់ប៉េណាល់ទីកាត់សេចក្តីដែរ ក្រោយលេងស្មើគ្នា ១-១ ក្នុងម៉ោងធម្មតា ដោយពុំមានថែម ១៥នាទី ២ដងនោះទេ។
វាជាការវិលមកជួបគ្នាម្តងទៀតរវាង Brighton និង City នៅពានរង្វាន់លំដាប់ទី៣ អង់គ្លេស League Cup គិតចាប់តាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០០៨ និងមានរយៈពេល ២៣ថ្ងៃផងដែរ គិតចាប់ពីក្រុមហ៊ុន Abu Dhabi Football Group បានចូលគ្រប់គ្រងក្លិបមេឃខៀវមួយនេះ។
បច្ចុប្បន្ន City ហាក់មានជំនឿជាក់ ក្នុងការការពារជើងឯក League Cup ជាបន្តទៀត នៅពេលក្រុមខ្លាំង កាំភ្លើងធំ Arsenal ដែលពួកគេបានយកឈ្នះវគ្គផ្តាច់ព្រ័ត្ររដូវកាលមុន បានហាលអាវក្រោមថ្វីជើងរបស់ Fleetwood Town កាលពីថ្ងៃអង្គារ។
ចំណែកឯ Liverpool បានយកឈ្នះ Chelsea ទាំង ៥លើកចុងក្រោយតែម្តងរាល់ពេលទាត់បាល់ប៉េណាល់ទីកាត់សេចក្តី គ្រប់កម្មវិធីប្រកួត នៅពេលអតីតកីឡាកររបស់ពួកគេ Xabi Alonso និង Jordan Henderson បានវិលទៅកាន់កីឡដ្ឋាន Anfield ជាថ្មី។
អ្នកចាត់ការទូទៅ Chelsea លោក Alonso ដែលធ្លាប់ឈ្នះពានអឺរ៉ុប UEFA Champions League 2005 ជាមួយ Liverpool បានធ្វើការផ្លាស់ប្តូរកីឡាករ ៤រូប នៅពេល Henderson បានលេងក្នុងជម្រើស ១១នាក់ដំបូង ដ្បិត Cole Palmer ជាប់បម្រាម និង Joao Pedro មានរបួស៕



