* ទីផ្សារស្មាតហ្វូនឥណ្ឌាធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំ ខណៈតម្លៃទូរសព្ទបន្តកើនឡើង
* ចំណេះដឹងទូទៅ៖ រថភ្លើងក្រោមដីនៅមូស្គូ ដឹកអ្នកដំណើរជាង ៩លានដងក្នុងមួយថ្ងៃ និងមានសមត្ថភាពដឹកជញ្ជូនលើស ១៨លាននាក់

ព្រះខ័នរាជ ជួបក្រុមខ្លាំងសិង្ហបុរី ខណៈភ្នំពេញក្រោន ទទួលក្រុមមកពីហុងកុង ល្ងាចនេះក្នុងពាន ACL-2

29-10-2026 11:32

(ភ្នំពេញ)៖ ក្លិបបាល់ទាត់តំណាងកម្ពុជា ២ក្រុម នឹងត្រូវបន្ដយុទ្ធនាការប្រកួតរៀងៗខ្លួន ក្នុងពានរង្វាន់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two 2026/27 នៅល្ងាចថ្ងៃទី២៩ ខែតុលានេះ ក្នុងនោះក្លិបព្រះខ័នរាជស្វាយរៀង ត្រូវជួបក្រុមផ្ទះ Tampines Rovers FC របស់សិង្ហបុរី នៅកីឡដ្ឋាន Jalan Besar គ្រាដែលភ្នំពេញក្រោន ត្រូវស្វាគមន៍ក្រុមភ្ញៀវ Kitchee SC របស់ហុងកុង នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ប្រកួតទី៣ ក្នុងពូល G របស់ក្រុមជើងឯកលីគកំពូលកម្ពុជា ទល់នឹងក្រុមខ្លាំងសិង្ហបុរី នឹងចាប់ផ្ដើមនាម៉ោង ៥ល្ងាច ត្រូវនឹងម៉ោងនៅកម្ពុជា។ នេះគឺជាការប្រកួតដ៏សំខាន់របស់ស្វាយរៀង ក្នុងការស្វែងរកជ័យជម្នះលើកដំបូង ដើម្បីរក្សាឱកាសប្រជែងកៅអីវគ្គបន្ដ ស្របពេល Tampines Rovers ក៏ត្រូវការ ៣ពិន្ទុដូចគ្នា បន្ទាប់ពីឆ្លងកាត់ ២ប្រកួតរងបរាជ័យទាំង ២ប្រកួត ឈរបាតតារាង បន្ទាប់ពីព្រះខ័នរាជស្វាយរៀង ដែលទើបរកបាន ១ពិន្ទុ។

លោក Matthew McConkey គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតនេះពិតជាសំខាន់ខ្លាំង ដូចអ្វីដែលអ្នកគាំទ្របានដឹង ប៉ុន្ដែ Tampines Rovers FC គឺជាក្រុមដែលពិបាកស្មាននូវការរៀបចំយុទ្ធសាស្ដ្រលេង ហើយអាចធ្វើរឿងភ្ញាក់ផ្អើលគ្រប់ពេល។ ហេតុនេះ លោកនឹងព្យាយាមរៀបចំ និងធ្វើគ្រប់យ៉ាងជាមួយកូនក្រុម បន្ទាប់ពីស្នូរកញ្ចែចាប់ផ្ដើមការប្រកួត ដើម្បីដណ្ដើមពិន្ទុ និងបន្ដក្ដីសង្ឃឹមឆ្ពោះទៅមុខទៀត។

ចំណែកភ្នំពេញក្រោនវិញ នឹងត្រូវជួបក្រុម Kitchee នាវេលាម៉ោង ៧៖១៥នាទីយប់។ ជំនួបបញ្ចប់ជើងទី១ ក្នុងពូល H ត្រូវបានលោក Oleg Starynskyi គ្រូបង្វឹកក្រោន ចាត់ទុកជាការប្រកួតដ៏ល្អ ដែលក្រុមខ្លួនកំពុងទន្ទឹងរង់ចាំក្នុងការប្រកួតពានរង្វាន់អន្ដរជាតិ។ លោកទទួលស្គាល់ក្រុមខ្លាំងរបស់ហុងកុងមួយនេះ មានកីឡាករមានបទពិសោធន៍ និងទេពកោសល្យជាច្រើន តែយ៉ាងណាលោកនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យអ្នកគាំទ្រមានមោទនភាពជាថ្មី។

ក្រឡេកទៅមើលស្ថានភាពក្នុងតារាងពិន្ទុបណ្ដោះអាសន្នវិញ បច្ចុប្បន្នពូល G គឺក្លិប Machida Zevia របស់ជប៉ុន កំពុងឈរលេខ១ មាន ៦ពិន្ទុ លើក្រុម Shanghai Shenhua របស់ចិន ដែលមាន ៤ពិន្ទុ និងព្រះខ័នរាជស្វាយរៀង ឈរលេខ៣ មាន ១ពិន្ទុ គ្រាដែល Tampines Rovers មិនទាន់មានពិន្ទុរាប់នៅឡើយ។

រីឯពូល H វិញក្រុមភ្នំពេញក្រោន កំពុងធ្វើបានយ៉ាងល្អ ដោយឈរកំពូលតារាង និងរកបាន ៦ពិន្ទុពេញ ពីជ័យជម្នះ ២-១ លើក្រុម Kuching City របស់ម៉ាឡេស៊ី និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ខណៈក្រុម Kitchee ឈរលេខ២ មាន ២ពិន្ទុលើក្រុម Kuching City និង Gangwon ដែលទើបរកបាន ១ពិន្ទុស្មើគ្នា។

បន្ទាប់ពីចប់ការប្រកួតខាងលើក្រុមនីមួយៗ នឹងត្រូវត្រៀមការប្រកួតបន្ទាប់នាសប្ដាហ៍ក្រោយ ជាមួយការចាប់ផ្ដើមការប្រកួតជុំទី២ ក្នុងនោះក្លិបព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារផ្ទះទទួលក្រុម Tampines Rovers FC វិញម្ដង នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្របពេលក្រុមភ្នំពេញក្រោន នឹងត្រូវហោះទៅជួបក្រុម Kitchee នៅទឹកដីហុងកុងនាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ៕