ក្រុមហ៊ុន Samsung ប្រកាសពីចំណេញខ្ពស់ត្រីមាសទី៣ ដោយសារតម្រូវការបន្ទះឈីប AI កើនឡើងខ្លាំង
29-10-2026 11:37
(សេអ៊ូល)៖ ក្រុមហ៊ុន Samsung Electronics ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបចងចាំ (Memory Chip) ធំបំផុតនៅលើពិភពលោក បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួននៅក្នុងត្រីមាសទី៣ បានកើនឡើងជិត ៩ដង រហូតដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ ការកើនឡើងយ៉ាងគំហុកនេះ គឺដោយសារតែតម្រូវការដ៏រឹងមាំនៃបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) ទោះបីជាវិនិយោគិនមួយចំនួននៅតែមានការប្រុងប្រយ័ត្នចំពោះចីរភាពនៃការចំណាយលើបច្ចេកវិទ្យា AI ក៏ដោយ។
នៅក្នុងអំឡុងពេលពីខែកក្កដា ដល់ខែកញ្ញា ក្រុមហ៊ុនយក្សកូរ៉េខាងត្បូងមួយនេះ ទទួលបានប្រាក់ចំណេញប្រតិបត្តិការសរុបចំនួន ១០៧.៤ ត្រីលានវ៉ុន (ប្រហែល ៨០.០៤ ពាន់លានដុល្លារអាមេរិក) ដែលជាតួលេខស្របទៅតាមការប៉ាន់ប្រមាណមុននេះ និងបានកើនឡើងយ៉ាងខ្លាំងប្រៀបធៀបនឹងចំនួន ១២.២ ត្រីលានវ៉ុន ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដំណឹងល្អនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនគូប្រជែងក្នុងស្រុក SK Hynix បានរាយការណ៍អំពីរបាយការណ៍ហិរញ្ញវត្ថុដ៏រឹងមាំ និងបានព្យាករណ៍ពីចំណូលវិជ្ជមានកាលពីថ្ងៃពុធ។ របាយការណ៍នៃក្រុមហ៊ុនទាំងពីរបានជួយកាត់បន្ថយការព្រួយបារម្ភ របស់ទីផ្សារអំពីការថយចុះកម្ដៅនៃប្រាក់ចំណេញផ្នែកបន្ទះឈីប AI ព្រមទាំងបានញ៉ាំងឱ្យតម្លៃភាគហ៊ុនរបស់ Samsung និង SK Hynix កើនឡើងស្របគ្នាតែម្តង៕












