* តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងម្ចាស់រថយន្ត Tesla ៨៨នាក់ ទាមទារសងប្រាក់ថ្លៃប្រព័ន្ធ FSD
* ក្រុមហ៊ុន Samsung ប្រកាសពីចំណេញខ្ពស់ត្រីមាសទី៣ ដោយសារតម្រូវការបន្ទះឈីប AI កើនឡើងខ្លាំង
* ទីផ្សារស្មាតហ្វូនឥណ្ឌាធ្លាក់ដល់កម្រិតទាបបំផុតក្នុងរយៈពេល ១០ឆ្នាំ ខណៈតម្លៃទូរសព្ទបន្តកើនឡើង
* ចំណេះដឹងទូទៅ៖ រថភ្លើងក្រោមដីនៅមូស្គូ ដឹកអ្នកដំណើរជាង ៩លានដងក្នុងមួយថ្ងៃ និងមានសមត្ថភាពដឹកជញ្ជូនលើស ១៨លាននាក់

តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងម្ចាស់រថយន្ត Tesla ៨៨នាក់ ទាមទារសងប្រាក់ថ្លៃប្រព័ន្ធ FSD

29-10-2026 14:30

(បរទេស)៖ តុលាការកណ្តាលទីក្រុងសេអ៊ូល កូរ៉េខាងត្បូង បានច្រានចោលបណ្តឹងរបស់ម្ចាស់រថយន្ត Tesla ចំនួន ៨៨នាក់ ដែលទាមទារឱ្យក្រុមហ៊ុនសងប្រាក់វិញទាំងស្រុង សម្រាប់ការទិញប្រព័ន្ធជំនួយការបើកបរ Full Self-Driving (FSD) ដោយសម្រេចថា ក្រុមហ៊ុនមិនបានបំពានកាតព្វកិច្ចតាមកិច្ចសន្យាឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦។

តុលាការបានបញ្ជាក់ថា ប្រព័ន្ធ FSD មិនបានធានាថា រថយន្តអាចបើកបរដោយស្វ័យប្រវត្តិទាំងស្រុង ដោយគ្មានការអន្តរាគមន៍ពីមនុស្សនោះទេ។ តុលាការក៏បានរកឃើញថា Tesla បានផ្តល់មុខងារមួយចំនួនរួចហើយ ខណៈការផ្តល់មុខងារបន្ថែមអាស្រ័យលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងការអនុម័តពីអាជ្ញាធរ។ អ្នកទិញក៏បានដឹងថា មុខងារមួយចំនួនអាចត្រូវការពេលវេលាយូរទើបអាចប្រើប្រាស់បាន។

លើសពីនេះ Tesla បានផ្តល់មុខងារ Autopilot និង Enhanced Autopilot រួចហើយ ហើយការធ្វើបច្ចុប្បន្នភាពកម្មវិធីថ្មីៗបានបន្ថែមសមត្ថភាពសម្គាល់ភ្លើងសញ្ញាចរាចរណ៍ ស្លាកសញ្ញាចរាចរណ៍ និងការបើកបរក្នុងទីក្រុង សម្រាប់រថយន្តម៉ូដែលចាស់ៗដែលបំពាក់កុំព្យូទ័រ Hardware 3 (HW3)។

សេចក្តីសម្រេចនេះជាជ័យជម្នះសម្រាប់ Tesla ខណៈក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាផ្លូវច្បាប់ស្រដៀងគ្នានៅប្រទេសផ្សេងៗ ជុំវិញការពន្យារពេលផ្តល់សមត្ថភាពបើកបរដោយស្វ័យប្រវត្តិ ដែលនាយកប្រតិបត្តិលោក Elon Musk ធ្លាប់សន្យាជាយូរមកហើយ។ តែយ៉ាងណា ក្រុមហ៊ុន Tesla មិនទាន់ធ្វើអត្ថាធិប្បាយភ្លាមៗលើសេចក្តីសម្រេចនេះទេ៕