DeepSeek និង Moonshot ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ GPT-6 Astra របស់ OpenAI ដើម្បីបង្វឹកម៉ូឌែល AI ចុងក្រោយបង្អស់របស់ខ្លួន
29-10-2026 15:44
(បរទេស)៖ សារព័ត៌មាន The Information បានរាយការណ៍ថ្ងៃពុធសប្តាហ៍នេះ ដោយផ្អែកលើប្រភពដែលដឹងរឿងនេះផ្ទាល់ថា ក្រុមហ៊ុនអភិវឌ្ឍន៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឈានមុខគេរបស់ចិនគឺ DeepSeek និង Moonshot AI បានពឹងផ្អែកយ៉ាងខ្លាំងលើលទ្ធផលដែលទាញចេញពីម៉ូឌែល GPT-6 Astra ដ៏មានសមត្ថភាពរបស់ក្រុមហ៊ុន OpenAI ដើម្បីយកមកបង្វឹកម៉ូឌែល AI ជំនាន់ចុងក្រោយរបស់ពួកគេ។
បច្ចេកទេសនៃការទាញយកទិន្នន័យនេះ ដែលគេស្គាល់ថាជា «Distillation» បានក្លាយជាប្រធានបទដ៏ក្តៅគគុក និងជាចំណុចចចេសប្រកែកគ្នារវាងក្រុមហ៊ុន AI កំពូលៗ ស្របពេលដែលការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងអាមេរិក និងចិនកាន់តែមានកម្ដៅខ្លាំងឡើង។ ក្រុមហ៊ុនធំៗបានលើកឡើងថា វិធីសាស្ត្រនេះបានជួយឱ្យក្រុមហ៊ុនគូប្រជែងអាចបង្កើត និងចម្លងសមត្ថភាព AI ជឿនលឿនបានយ៉ាងរហ័ស ដោយចំណាយដើមទុនតិចតួចប៉ុណ្ណោះ។ យោងតាមប្រភពសារព័ត៌មានដដែល បានឱ្យដឹងថា ម៉ូឌែល Kimi K3.1 Pro របស់ក្រុមហ៊ុន Moonshot AI ដែលទើបតែប្រកាសចេញផ្សាយកាលពីសប្តាហ៍មុន, ម៉ូឌែល V4.1-Flash 1017 របស់ក្រុមហ៊ុន DeepSeek ដែលបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៧ ខែតុលា សុទ្ធសឹងតែបានទាញយកផលប្រយោជន៍ពីការប្រើប្រាស់បច្ចេកទេស Distillation លើម៉ូឌែល Astra របស់ OpenAI។
ពាក់ព័ន្ធនឹងរបាយការណ៍នេះ ក្រុមហ៊ុន OpenAI, DeepSeek និង Moonshot AI មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីភ្នាក់ងារព័ត៌មាន Reuters នោះទេ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៣០ ខែកញ្ញា ក្រុមហ៊ុន OpenAI បានចេញផ្សាយអត្ថបទមួយនៅលើប្លុកផ្លូវការរបស់ខ្លួនថា ខ្លួនបានរកឃើញ និងភ្ជាប់សកម្មភាពនៃការស្រង់ទិន្នន័យ (Distillation Campaign) ដែលបានចាប់ផ្តើមតាំងពីខែកក្កដា ទៅកាន់បុគ្គលមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ុន Moonshot AI។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក រួមមាន Anthropic, OpenAI និង Google តែងតែប្រកែកថា បច្ចេកទេសនេះអនុញ្ញាតឱ្យគូប្រជែងចម្លងបច្ចេកវិទ្យាបានយ៉ាងងាយ។ កាលពីដើមខែនេះ ក្រុមហ៊ុន Anthropic បានឱ្យដឹងថា វិធានការការពារថ្មីដែលខ្លួនបានដាក់ចេញ ដើម្បីទប់ស្កាត់ការចម្លងសមត្ថភាពម៉ូឌែល Claude AI បានជួយកាត់បន្ថយការលួចស្រង់ទិន្នន័យពីការវាយប្រហារបែប Distillation នេះបានរហូតដល់ពី ៩០% ទៅ ៩៩%៕










