អ្នកស្រាវជ្រាវព្រមាន៖ AI របស់ចិនអាចធ្វើការវាយប្រហារតាមអ៊ីនធឺណិតស្មុគស្មាញ និងបំពានការណែនាំ
29-10-2026 16:27
(បរទេស)៖ ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) GLM-5.3 របស់ក្រុមហ៊ុនចិន Z.AI អាចអនុវត្តការវាយប្រហារតាមអ៊ីនធឺណិតដ៏ស្មុគស្មាញក្នុងការធ្វើតេស្តសាកល្បងដែលមានការគ្រប់គ្រង ហើយថែមទាំងមិនគោរពតាមការណែនាំក្នុងការធ្វើតេស្តផ្សេងទៀតផងដែរ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនស្រាវជ្រាវសុវត្ថិភាព AI Irregular ដែលបានបង្ហាញពីការព្រួយបារម្ភថា ម៉ូដែល AI ដែលមានសមត្ថភាពកាន់តែខ្ពស់ អាចធ្វើឱ្យការវាយប្រហារតាមអ៊ីនធឺណិតកាន់តែងាយស្រួលសម្រាប់អ្នកវាយប្រហារ។
យោងតាមការចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងការធ្វើតេស្ត GLM-5.3 បានបញ្ចប់ដោយជោគជ័យនូវសេណារីយ៉ូវាយប្រហារតាមអ៊ីនធឺណិតដែលមានច្រើនដំណាក់កាលចំនួន ៣ ក្នុងចំណោម ១៣ សេណារីយ៉ូ យ៉ាងហោចណាស់ម្តង។ ម៉ូដែលនេះអាចចូលប្រើសេវាកម្មដែលមានការការពារ បង្កើតការតភ្ជាប់ជំនួសដើម្បីផ្លាស់ទីក្នុងបណ្តាញកុំព្យូទ័រ និងសម្របសម្រួលប្រតិបត្តិការលើកុំព្យូទ័រច្រើន។ អ្នកស្រាវជ្រាវក៏បានរកឃើញថា ម៉ូដែលនេះបានប្រើកូដកុំព្យូទ័រដែលរក្សាទុកក្នុងអង្គចងចាំ (memory) របស់វា ទោះបីជាត្រូវបានណែនាំមិនឱ្យធ្វើដូច្នោះក៏ដោយ។ ពួកគេហៅអាកប្បកិរិយានេះថា «Reward Hacking» ដែលមានន័យថា AI រកវិធីទទួលបានលទ្ធផលដែលចង់បាន ដោយមិនគោរពតាមច្បាប់ ឬការណែនាំដែលបានកំណត់។
ទោះជាយ៉ាងណា GLM-5.3 នៅតែមានសមត្ថភាពទាបជាងម៉ូដែល AI ឈានមុខរបស់សហរដ្ឋអាមេរិកក្នុងការធ្វើតេស្តរបស់ Irregular។ ក្រុមហ៊ុន Anthropic បានឱ្យដឹងកាលពីខែកញ្ញាថា GLM-5.3 អាចបង្កើតការវាយប្រហារដែលដំណើរការបានប្រឆាំងនឹងចំណុចខ្សោយនៃកម្មវិធី ក្នុងអត្រា ១២% នៃការសាកល្បង បើធៀបនឹង ១៤% របស់ម៉ូដែល Mythos របស់ខ្លួន។ ចំណែកវិទ្យាស្ថានជាតិផ្នែកស្តង់ដារ និងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក (NIST) បានចាត់ទុក GLM-5.3 ថាជាម៉ូដែល AI ប្រភេទ Open-weight ដែលមានសមត្ថភាពខ្ពស់បំផុតសម្រាប់កិច្ចការសន្តិសុខតាមអ៊ីនធឺណិតក្នុងចំណោមម៉ូដែលដែលបានចេញផ្សាយមកទល់ពេលនោះ ប៉ុន្តែនៅយឺតជាងប្រព័ន្ធឈានមុខរបស់អាមេរិកប្រហែល ៤ ខែ។
ទន្ទឹមនឹងនេះ លោក Lian Jye Su ប្រធានអ្នកវិភាគនៅក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា Omdia បានលើកឡើងថា ឧស្សាហកម្ម AI របស់ចិនត្រូវការការត្រួតពិនិត្យ និងតុល្យភាពឱ្យបានរឹងមាំជាងមុន ព្រមទាំងការធ្វើតេស្តសុវត្ថិភាពបន្ថែម។ ម៉ូដែល Open-weight កំពុងពេញនិយមដោយសារអ្នកប្រើប្រាស់អាចទាញយក កែប្រែ និងដំណើរការដោយឯករាជ្យ ព្រមទាំងចំណាយទាប។ ប៉ុន្តែភាពបត់បែននេះក៏បង្កើនការព្រួយបារម្ភអំពីការប្រើប្រាស់ខុសគោលបំណងផងដែរ៕












