* ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch
* តុលាការកូរ៉េខាងត្បូងច្រានចោលបណ្តឹងម្ចាស់រថយន្ត Tesla ៨៨នាក់ ទាមទារសងប្រាក់ថ្លៃប្រព័ន្ធ FSD

ភ្នំពេញក្រោន រក្សាកំណត់ត្រាឈ្នះ ១០០% ក្នុងជុំទី១ នៃពាន ACL-2 ក្រោយយកឈ្នះក្រុមហុងកុង Kitchee SC ២-០ ចុងម៉ោង

29-10-2026 21:57

(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន ពិតជាបានផ្ដល់ការភ្ញាក់ផ្អើលដល់អ្នកគាំទ្រ ដូចការរំពឹងទុករបស់គ្រូបង្វឹកលោក Oleg Starynskyi ដោយរក្សានូវកំណត់ត្រាឈ្នះ ១០០% បន្ទាប់ពីបន្ដយកឈ្នះក្រុមខ្លាំង Kitchee SC របស់ហុងកុង ដោយលទ្ធផល ២-០ នៅចុងម៉ោង សម្រាប់ជំនួបបញ្ចប់ជុំទី២ ក្នុងពូល H នៃពានរង្វាន់ក្លិបបាល់ទាត់កម្រិតទី២ ទ្វីបអាស៊ី AFC Champions League Two (ACL-2) 2026/27 នៅរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សម្រាប់ជំនួបដ៏តានតឹងចំពោះមុខអ្នកគាំទ្រជិត ៤ពាន់នាក់នេះ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាតាំងពីដើមវគ្គទី១ រហូតដល់ចុងវគ្គទី២ ដែលស្ទើរតែរក្សាលទ្ធផល ០-០ តែឱកាសចែកគ្នា ១ពិន្ទុ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ សារ ទី ស៊ុតបាល់ពីចម្ងាយបញ្ចូលទីយ៉ាងល្អនៅនាទី៩០ ជួយភ្នំពេញក្រោន នាំមុខ ១គ្រាប់ មុនមិត្ដរួមក្រុម Baniel Bares ស៊ុតបន្ថែមគ្រាប់ទី២ នៅនាទី៩០+៤ ជួយឲ្យក្រុមសិង្ហក្រហម ទទួលបានជ័យជម្នះ ២-០ បន្ទាប់ពីក្រុម Kitchee ព្យាយាមស្វែងរកគ្រាប់បាល់ដែរ តែធ្វើមិនបានសម្រេច។

ជ័យជម្នះដោយរក្សាបាននូវ Clean Sheet លើកដំបូងនេះ បានធ្វើឲ្យភ្នំពេញក្រោន បន្ដឈរកំពូលតារាង ដោយរកបាន ៩ពិន្ទុពេញ បន្ទាប់ពីយកឈ្នះក្រុម Kuching City របស់ម៉ាឡេស៊ី និងក្រុម Gangwon FC របស់កូរ៉េខាងត្បូង ដោយលទ្ធផល ២-១ ដូចគ្នាកាលពីថ្មីៗ។ លទ្ធផលនេះ បានធ្វើឲ្យអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យនេះ មានសង្ឃឹមខ្ពស់ក្នុងដំណើរឡើងទៅវគ្គបន្ដ ខណៈសល់ ៣ប្រកួតទៀត នៅជុំទី២ ដែលគ្រោងនឹងធ្វើការប្រកួតជាបន្ដបន្ទាប់ ចាប់ពីសប្ដាហ៍ក្រោយ៕