ស្ងាត់ៗ Meta ដាក់ឱ្យប្រើកម្មវិធី AI Fashion សម្រាប់ទាក់ទាញយុវវ័យ ដែលមានឈ្មោះថា Style Sketch
30-10-2026 10:29
(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ថ្មីមួយមានឈ្មោះថា «Style Sketch »ដែលជាជំនួយការរៀបចំម៉ូដសម្លៀកបំពាក់ឆ្លាតវៃ សម្រាប់ជួយសម្រួលដល់ការផ្គូផ្គងសម្លៀកបំពាក់ប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។
យោងតាមការចុះផ្សាយព័ត៌មានបច្ចេកវិទ្យាបានឱ្យដឹងថា កម្មវិធី «Style Sketch» ត្រូវបានដាក់ឱ្យទាញយក និងប្រើប្រាស់ជាជំហានដំបូងនៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android ក្នុងប្រទេសចំនួនបីនៅតំបន់អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសឥណ្ឌូណេស៊ី សិង្ហបុរី និងថៃ។ កម្មវិធីនេះមានសមត្ថភាពភ្ជាប់ទិន្នន័យដោយផ្ទាល់ជាមួយគណនី Instagram ដើម្បីរៀបចំជា «ទូខោអាវនិម្មិត» ចេញពីរូបថតដែលអ្នកប្រើប្រាស់ធ្លាប់បានបង្ហោះ។ បន្ថែមពីនេះ អ្នកប្រើប្រាស់ក៏អាចបញ្ចូលរូបភាព ឬវីដេអូនៃសម្លៀកបំពាក់របស់ខ្លួនដោយផ្ទាល់ផងដែរ។ លក្ខណៈពិសេសចម្បងរបស់ Style Sketch គឺសមត្ថភាពក្នុងការវិភាគ និងស្នើសុំបន្សំម៉ូដសម្លៀកបំពាក់ ព្រមទាំងអនុញ្ញាតឱ្យសាកល្បងម៉ូដទាំងនោះលើរូបរាងតំណាង (Model) ដែលមានទម្រង់រាងកាយ និងពណ៌សម្បុរដូចទៅនឹងអ្នកប្រើប្រាស់ជាក់ស្តែង។
កម្មវិធីក៏មានមុខងាររៀបចំផែនការសម្លៀកបំពាក់សម្រាប់ការធ្វើដំណើរកំសាន្ត ដោយផ្អែកលើទីតាំង កាលវិភាគសកម្មភាព និងការព្យាករណ៍អាកាសធាតុនៅទីតាំងគោលដៅ ដើម្បីផ្តល់ជាអនុសាសន៍សម្លៀកបំពាក់ស័ក្តិសមបំផុតសម្រាប់ជារៀងរាល់ថ្ងៃ។
គួរជម្រាបថា ការដាក់ចេញនូវ Style Sketch គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រពង្រីកផលិតផល AI របស់ក្រុមហ៊ុន Meta ក្រោមការដឹកនាំរបស់លោក Mark Zuckerberg ក្នុងការទាញយកប្រយោជន៍ពីបច្ចេកវិទ្យា AI ដើម្បីបង្កើត និងបញ្ចេញកម្មវិធីថ្មីៗឱ្យបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់នៅលើទីផ្សារសកល៕









