Nvidia កំពុងចរចាធានាឥណទានរាប់ពាន់លានដុល្លារ ដើម្បីជួយ Nscale សាងសង់មជ្ឈមណ្ឌលទិន្នន័យ AI សម្រាប់ Anthropic
30-10-2026 11:20
(បរទេស)៖ ក្រុមហ៊ុន Nvidia កំពុងចរចាផ្តល់ការធានាឥណទានដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារដល់ក្រុមហ៊ុន Nscale ដែលផ្តល់សេវា Cloud សម្រាប់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយឱ្យក្រុមហ៊ុននេះទទួលបានហិរញ្ញប្បទានតាមរយៈការខ្ចីប្រាក់ សម្រាប់សាងសង់មជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋ West Virginia សហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលទិន្នន័យនេះត្រូវបានរៀបចំឡើងសម្រាប់ក្រុមហ៊ុន Anthropic។ នេះបើតាមសារព័ត៌មាន The Information រាយការណ៍ដោយដកស្រង់ប្រភពដែលដឹងពីការចរចា និងត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ការធានាឥណទាននេះ នឹងជួយផ្តល់ហិរញ្ញប្បទានសម្រាប់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី និងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដែលក្រុមហ៊ុន Anthropic ដែលជាអ្នកបង្កើតកម្មវិធី AI ឈ្មោះ Claude គ្រោងនឹងប្រើប្រាស់។ កាលពីខែសីហា Anthropic បានព្រមព្រៀងចំណាយ ៤៥ពាន់លានដុល្លារ ដើម្បីជួលសមត្ថភាពគណនាពីមជ្ឈមណ្ឌលទិន្នន័យរបស់ Nscale។ លើសពីនេះ Nscale ក៏កំពុងចរចាកិច្ចព្រមព្រៀងមួយផ្សេងទៀត ដើម្បីផ្គត់ផ្គង់សមត្ថភាពគណនាសម្រាប់ AI ប្រមាណ ៤៦០មេហ្គាវ៉ាត់ដល់ Anthropic ដែលអាចមានតម្លៃប្រហែល ៤៥ពាន់លានដុល្លារ។
យ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងផ្តល់ការធានាឥណទានរបស់ Nvidia មិនទាន់ត្រូវបានចុះហត្ថលេខានៅឡើយទេ ហើយលក្ខខណ្ឌអាចនៅមានការផ្លាស់ប្តូរ។ Nvidia គឺជាអ្នកវិនិយោគមួយរបស់ Nscale ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ ចំណែក Nvidia, Nscale និង Anthropic មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយពី Reuters ទេ។
គួរជម្រាបថា ការចរចានេះកើតឡើង ខណៈក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធ AI ដូចជា CoreWeave និង Firmus ដែលសុទ្ធតែទទួលបានការគាំទ្រពី Nvidia កំពុងប្រឈមនឹងក្តីបារម្ភអំពីការប្រើប្រាស់ប្រាក់កម្ចីដ៏ច្រើន ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI៕













