Grealish កីឡាករតម្លៃខ្លួន ១០០លានផោន ត្រូវបានទម្លាក់ឈ្មោះចេញពីក្លិប ដោយសារមិនគោរពវិន័យ
30-10-2026 11:30
(បរទេស)៖ Jack Grealish អតីតខ្សែបម្រើក្លិប Aston Villa ដែលត្រូវបាន Manchester City ទិញក្នុងតម្លៃប្រមាណ ១០០លានផោនកាលឆ្នាំ២០២១ ត្រូវបានក្លិបស្ករគ្រាប់ Everton ដកឈ្មោះចេញ ក៏ព្រោះតែមិនគោរពវិន័យហ្វឹកហាត់។
លោក David Moyes អ្នកចាត់ការទូទៅ Everton បានថ្លែងប្រាប់ BBC ថា វាជាការជាសម្រេចចិត្តដកឈ្មោះ Grealish ចេញពីក្លិបបណ្តោះអាសន្ន ក្នុងប្រកួតដែលក្រុមស្ករគ្រាប់មួយនេះបានយកឈ្នះ Newcastle United ៣-១ ក្នុងពានរង្វាន់ League Cup 2026-27 ក៏ព្រោះតែ «ល្មើសវិន័យក្លិប»។
ទោះជាយ៉ាងណា Everton មិនបញ្ជាក់លំអិតអំពីបញ្ហានេះទេ គ្រាន់តែការទម្លាក់ឈ្មោះកីឡាករអង់គ្លេសរូបនេះចេញពីក្រុម អាចត្រូវបានគេសង្ស័យថា Grealish អវត្តមានពីការហ្វឹកហាត់ជុំគ្នា។
លោក Moyes បានថ្លែងថា «អ្នកប្រហែលដឹងថា ខ្ញុំមិនចង់និយាយលំអិតពីរឿងនេះទេ។ វាជាការសម្រេចទាំងស្រុងរបស់ក្លិបតែម្តង» បន្ទាប់ពី Everton បានទម្លាក់គូប្រជែងនៅ Premier League ចេញពី League Cup ត្រឹមវគ្គ ១៦ក្រុម ដើម្បីឡើងទៅប៉ះ Fleetwood Town ក្នុងវគ្គ ៨ក្រុមជាបន្តទៀត។
លោកបានគាំទ្រយ៉ាងខ្លាំងចំពោះក្លិប ដែលសម្រេចចិត្តដកឈ្មោះខ្សែបម្រើអង់គ្លេស វ័យ ៣១ឆ្នាំចេញពីក្រុម ក្នុងនាមកីឡាករខ្ចីជើងពីក្លិប Man City ដែលបានឈានមកដល់រដូវកាលចុងក្រោយជាមួយមេឃខៀវ ក្រោមកិច្ចសន្យាទទួលបានថ្លៃពលកម្ម ៣០ម៉ឺនផោន ក្នុង ១សប្តាហ៍៕



