TRM ទម្លាយថា កូរ៉េខាងជើងជាអ្នក Hack គ្រីបតូយកលុយ ៦.៣ ពាន់លានដុល្លារ
30-10-2026 15:52
(បរទេស)៖ ក្រុមហ៊ុនវិភាគប្លុកឆេនដ៏ល្បី TRM Labs បានឱ្យដឹងថា ប្រទេសកូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយខ្នងនៃការធ្វើចោរកម្មរូបិយវត្ថុគ្រីបតូ (Cryptocurrency) ចេញពីក្រុមហ៊ុន Binance។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reurters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។
ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកមួយនេះ បានឱ្យដឹងថា ក្រុម Hackers កូរ៉េខាងជើង គឺជាអ្នកនៅពីក្រោយខ្នងនៃការលួចទិន្នន័យ និងទ្រព្យសកម្មឌីជីថលដ៏ធំសម្បើម ដែលមានតម្លៃរហូតដល់ ៦.៣ ពាន់លានដុល្លារអាមេរិក ចេញពីបណ្តាញផ្លាស់ប្តូររូបិយវត្ថុគ្រីបតូ Binance។ នៅក្នុងអត្ថបទមួយដែលបានបង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួន ក្រុមហ៊ុន TRM Labs បានបញ្ជាក់ថា «ជនរងការចោទប្រកាន់ (អ្នកវាយប្រហារ) បានផ្ទេរប្រាក់ប្រមាណ ៦.៣៦ ពាន់លានដុល្លារ ចេញពីកាបូបលុយអេឡិចត្រូនិក (Wallets) របស់ Binance នៅលើបណ្តាញប្លុកឆេនចំនួន ១០ផ្សេងគ្នា ដោយភាគច្រើននៃប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងរយៈពេលត្រឹមតែប្រមាណ ២០នាទីប៉ុណ្ណោះ»។
គួរជម្រាបថា ក្រុមហ៊ុន TRM Labs បានបន្ថែមទៀតថា «ផ្អែកលើទិន្នន័យសម្ងាត់ទាំងនៅលើបណ្តាញ (On-chain) និងក្រៅបណ្តាញ (Off-chain) យ៉ាងរឹងមាំ TRM សន្និដ្ឋានថា ការវាយប្រហារនេះ គឺជាស្នាដៃរបស់ក្រុម TraderTraitor ដែលជាអង្គភាព Hacker ឆ្នើម និងមានសមត្ថភាពខ្ពស់របស់ប្រទេសកូរ៉េខាងជើង។ យើងធ្វើការវាយតម្លៃ និងសន្និដ្ឋានបែបនេះ ដោយផ្អែកលើកម្រិតទំនុកចិត្តខ្ពស់បំផុត»៕













