UMAMI៖ កម្មវិធី (App) សង្គ្រោះអាហារដំបូងគេបង្អស់នៅកម្ពុជា ដើម្បីសេដ្ឋកិច្ច បរិស្ថាន និងស្នាមញញឹមក្នុងសង្គម
30-10-2026 21:55
(ភ្នំពេញ)៖ UMAMI ជាកម្មវិធីទូរស័ព្ទដៃ (Food Rescue App) សង្គ្រោះចំណីអាហារដំបូងគេបង្អស់នៅកម្ពុជា ត្រូវបានដាក់ឲ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី២៦ តុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ OCIC Innovation Lab Connexion ដែលមានការអញ្ជើញចូលរួមយ៉ាងកុះករពីតំណាងសមាគមភោជនីយដ្ឋានកម្ពុជា (CRA) តំណាងផ្នែកសណ្ឋាគារ ហាងកាហ្វេ ហាងនំប៉័ង ផ្សារទំនើប ផ្នែកបដិសណ្ឋារកិច្ច និងស្ថាប័នដៃគូពាក់ព័ន្ធយ៉ាងច្រើនកុះករនិងអធិកអធម។
វត្តមាន UMAMI ដែលទទួលបានពានរង្វាន់ឆ្នើម (EXCELLENCE AWARD) DIGITAL PLATFORM ពីកម្មវិធីពន្លឿនអាជីវកម្មថ្នាលឌីជីថល រដូវកាលទី៥ (DPA Cohort 5) មជ្ឈមណ្ឌលបន្តុះធុរកិច្ចថ្មីតេជោTecho Startup Center នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង Cnai Accelerator Cambodia ស្របតាមគោលនយោបាយ មុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺសេដ្ឋកិច្ច និងសង្គមឌីជីថល គឺ UMAMI ដើរតួនាទីជាស្ពានឌីជីថល តភ្ជាប់រវាងអាជីវកម្មអាហារ និងអ្នកប្រើប្រាស់ ក្នុងការសង្គ្រោះអាហារដែលមានគុណភាពខ្ពស់ សុវត្ថិភាព និងរសជាតិឆ្ងាញ់ពិសា និងជួយទ្រទ្រង់ដល់សុខភាពចំណីអាហារ ពីបណ្តាភោជនីយដ្ឋាន ហាងកាហ្វេ ហាងនំប៉័ង ផ្សារទំនើប និងសណ្ឋាគារ។ អាហារទាំងនោះ ត្រូវបានតភ្ជាប់ពីUMAMI
ទៅអតិថិជន និងលក់ជូនសាធារណជនក្នុងតម្លៃពិសេស ដោយមានការបញ្ចុះតម្លៃចាប់ពី ៤០% រហូតដល់ ៨០% ដែលជួយឲ្យអតិថិជនសន្សំសំចៃថវិកា ហើយទទួលបានអាហារ នំប៉័ង និងភេសជ្ជៈស្រស់ៗប្រចាំថ្ងៃ ព្រមទាំងចូលរួមក្នុងការកាត់បន្ថយពីការខ្ជះខ្ជាយចំណីអាហារ និងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពិសេសឧស្ម័នមេតាន ដែលជាមូលហេតុចម្បងនៃបម្រែបម្រួលអាកាសធាតុ។ បន្ថែមពីលើបេសកកម្មសង្គមមួយនេះ UMAMI មានអត្ថន័យស៊ីជម្រៅលើសពីរសជាតិអាហារថែមទៀតនោះ គឺជារសជាតិនៃក្ដីសង្ឃឹម និងការចែករំលែកផ្ដល់ស្នាមញញឹមក្នុងសង្គមជាមហាគ្រួសារខ្មែរតែមួយដ៏ស្រស់បំព្រង។
ក្រៅពីមុខងារជា App សង្គ្រោះអាហារ UMAMI ក៏មានបេសកកម្មអប់រំក្នុងការផ្លាស់ប្តូរឥរិយាបថសង្គមពីទម្លាប់ខ្ជះខ្ជាយ មកជាទម្លាប់សន្សំសំចៃក្នុងការរស់នៅនិងជំរុញឲ្យសាធារណជន អាជីវករ ព្រមទាំងយុវជនយល់ច្បាស់ពី «តម្លៃនៃគ្រាប់បាយ» និងផលប៉ះពាល់អវិជ្ជមាននៃការខ្ជះខ្ជាយអាហារ។ ដើម្បីអភិវឌ្ឍសហគមន៍ UMAMI ប្រកាន់ខ្ជាប់នូវទស្សនវិស័យថា «អាហារមួយចានដែលសល់នៅលើតុរបស់អ្នក អាចជាអាហារដ៏មានតម្លៃបំផុតសម្រាប់ជីវិតរបស់អ្នកដទៃ» បង្កើតនូវស្នាមញញឹម និងក្តីសង្ឃឹម ព្រមទាំងបង្កើតបណ្តាញស្ម័គ្រចិត្តក្នុងគោលដៅបើកឱកាសឲ្យយុវជនកម្ពុជាចូលរួមធ្វើការងារសង្គម និងរៀនសូត្រពីការគ្រប់គ្រងស្បៀងអាហារប្រកបដោយចីរភាព។
UMAMI បានបង្ហាញយ៉ាងច្បាស់ថា ការដោះស្រាយបញ្ហាសង្គម និងបរិស្ថានមិនចាំបាច់ទាមទារថវិកាមហាសាលនោះទេ ប៉ុន្តែវាផ្តើមចេញពីការផ្លាស់ប្តូរឥរិយាបថ ផ្នត់គំនិត និងការចែករំលែកនូវអ្វីដែលយើងមានស្រាប់ ដើម្បីបង្កើតជាក្តីសង្ឃឹម និងស្នាមញញឹមដ៏បរិសុទ្ធនៅក្នុងសង្គមកម្ពុជា។ កម្មវិធី (App) UMAMI គឺជាចលនាសង្គមសង្គ្រោះអាហារដើម្បីខ្លួនឯងនិងគ្រួសារ ដើម្បីសង្គមជាតិ និងដើម្បីស្នាមញញឹមក្នុងសង្គមកម្ពុជាដ៏ស្រស់បវរ៕


















