Spotify គ្រោងបញ្ចេញសេវាកម្ម AI កែច្នៃបទចម្រៀងនៅឆ្នាំ២០២៧ អាចគិតថ្លៃបន្ថែម ៥ដុល្លារក្នុងមួយខែ
31-10-2026 09:20
(បរទេស)៖ ក្រុមហ៊ុន Spotify គ្រោងដាក់ឱ្យដំណើរការសេវាកម្មកែច្នៃបទចម្រៀងដោយប្រើបញ្ញាសិប្បនិម្មិត (AI) នៅត្រីមាសទី១ ឆ្នាំ២០២៧ ដោយអាចប្រកាសបង្ហាញនៅអំឡុងពេលរៀបចំព្រឹត្តិការណ៍ប្រគល់ពានរង្វាន់តន្ត្រី Grammy Awards ក្នុងខែកុម្ភៈ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ដោយដកស្រង់របាយការណ៍របស់សារព័ត៌មាន Financial Times (FT)។
សេវាកម្មនេះនឹងអនុញ្ញាតឱ្យអ្នកជាវដែលបង់ប្រាក់ប្រើ AI ដើម្បីកែច្នៃបទចម្រៀងដែលមានស្រាប់ទៅជាទម្រង់ថ្មីៗ ដូចជា បំប្លែងបទចម្រៀងប្រជាប្រិយទៅជាបទភ្លេងរាំ ឬបង្កើតបទចម្រៀងដែលធ្វើឱ្យសិល្បករម្នាក់ហាក់ដូចជាច្រៀងបទរបស់សិល្បករម្នាក់ទៀត។ តាមរបាយការណ៍ Spotify កំពុងពិចារណាគិតថ្លៃបន្ថែមពី ៤ ទៅ ៥ដុល្លារក្នុងមួយខែ សម្រាប់ការប្រើប្រាស់មុខងារនេះ។
ចំពោះប្រាក់ចំណូលពីបទចម្រៀង Remix ដែលបង្កើតដោយអ្នកគាំទ្រ Spotify គ្រោងនឹងបែងចែកត្រឡប់ទៅម្ចាស់បទចម្រៀងដើមវិញ។ ចំនួនចាក់ស្តាប់បទ Remix ទាំងនោះក៏គ្រោងនឹងរាប់បញ្ចូលក្នុងតារាងចំណាត់ថ្នាក់របស់បទចម្រៀងដើមនៅលើវេទិកានេះផងដែរ។
សារព័ត៌មាន FT បានរាយការណ៍ថា Spotify បានចុះកិច្ចព្រមព្រៀងផ្តល់អាជ្ញាបណ្ណតន្ត្រីជាមួយ Universal Music Group, Merlin និងក្រុមហ៊ុនតន្ត្រីបារាំង Believe រួចហើយ។ ចំណែកការចរចាជាមួយ Sony Music និង Warner Music នៅតែបន្ត ដើម្បីឈានទៅអនុវត្តមុខងារថ្មីនេះ៕












