លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក
31-10-2026 10:14
(ភ្នំពេញ)៖ លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានជំរុញកីឡាករ-កីឡាការិនីជម្រើសជាតិទាំងអស់ មិនត្រឹមផ្ដោតតែលើការប្រកួតប្រជែងមេដាយនោះទេ ប៉ុន្ដែក៏ត្រៀមចូលរួមផ្សព្វផ្សាយពីសក្ដានុពលជាតិផងដែរ ពិសេសវិស័យទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់ឆាកអន្ដរជាតិ ក្នុងនាមម្ចាស់ផ្ទះការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ ឆ្នាំ២០២៦ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤-២៩ ខែវិច្ឆិកាខាងមុខ។
នេះបើតាមការលើកឡើងក្រោយជំនួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តយ៉ាងកក់ក្ដៅដល់ក្រុមកីឡាវ៉ូវីណាមជម្រើសជាតិកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានាល្ងាចថ្ងៃទី៣០ ខែតុលា បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង ដើម្បីត្រៀមការប្រកួតប្រចាំទ្វីប ដែលនឹងមកដល់នាចុងខែនេះ។ ក្នុងនោះលោកក៏បាននាំយកឯកសណ្ឋានថ្មីឧបត្ថម្ភពី NT ផ្ដល់ជូនដល់កីឡាករ-កីឡាការិនីទាំងផងដែរ។
លោកបន្ដថា ការប្រកួតជើងឯកទ្វីបអាស៊ីនេះ គឺជាវេទិកាដ៏សំខាន់ ដែលកីឡាករ-កីឡាការិនីគ្រប់រូប ត្រូវត្រៀមលក្ខណៈឲ្យបានល្អប្រសើរ សម្រាប់ត្រៀមការប្រកួត។ ទោះបីកម្ពុជាធ្វើជាម្ចាស់ផ្ទះ តែការប្រកួតនឹងត្រូវរៀបចំប្រកបដោយគុណភាព យុត្តិធម៌ និងសាមគ្គីភាព។ ដូច្នេះកីឡាករ-កីឡាការិនីទាំងអស់ ចាំបាច់ត្រូវខិតខំឲ្យអស់ពីសមត្ថភាពដើម្បីដណ្ដើមមេដាយជូនជាតិ ក៏ដូចជាការគោរពនូវការសម្រេចចិត្តរបស់អាជ្ញាកណ្ដាល-ចៅក្រម។
ប៉ុន្ដែលើសពីការប្រកួតប្រជែងមេដាយ និងកិត្តិយសជូនជាតិ លោក អ៊ូ រតនា ក៏បានផ្ដាំផ្ញើដល់កីឡាករ-កីឡាការិនីកម្ពុជា ក្នុងនាមម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ទ្វីបនេះ មិនត្រឹមតែសម្រាប់ការបង្ហាញសមត្ថភាពកីឡានោះទេ តែថែមទាំងជាកម្លាំងចលករក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងប្រតិភូកីឡាពីបណ្តាប្រទេសនានាឲ្យមកស្គាល់ពីភាពវិជ្ជមាន និងតំបន់ទេសចរណ៍ដ៏សម្បូររបស់កម្ពុជាកាន់តែច្បាស់។ ការណ៍នេះ ក្នុងនាមអត្តពលិកជាតិ ត្រូវចូលរួមផ្សព្វផ្សាយពីវិស័យទេសចរណ៍ជាតិឲ្យបានទូលំទូលាយ តាមរយៈប្រតិភូកីឡាគ្រប់បណ្ដាប្រទេស ដែលនឹងមកប្រកួតនៅកម្ពុជា។
គួរដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកទ្វីបអាស៊ី លើកទី៦ គ្រោងនឹងរៀបចំការប្រកួតនៅវិមានពហុកីឡដ្ឋានជាតិ (អូឡាំពិក) រាជធានីភ្នំពេញ។ មកទល់ពេលនេះ ការចុះឈ្មោះត្រូវបានបិទ ហើយមានអត្តពលិកប្រមាណ ៣០០នាក់ មកពី ១៥ប្រទេស ដែលនឹងត្រូវចូលរួមការប្រកួតដ៏ធំនេះ៕












