* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត

31-10-2026 10:28

(បរទេស)៖ ផ្កាយរណបមជ្ឈមណ្ឌលទិន្នន័យអវកាសគំរូ (Prototype) ដំបូងបង្អស់របស់ក្រុមហ៊ុន Google ដែលមានឈ្មោះថា «Suncatcher» បានចាប់ផ្តើមដំណើរការ និងទាក់ទងមកកាន់ផែនដីវិញហើយ ក្រោយពីត្រូវបានបាញ់បង្ហោះរកគន្លងតារាវិថីកាលពីដើមខែនេះ រួមជាមួយយានអវកាសជាង ១០០ផ្សេងទៀត តាមរយៈរ៉ុក្កែត SpaceX Falcon 9។

ផ្កាយរណបនេះ បំពាក់ដោយបន្ទះឈីប Google Tensor Processing Units (TPUs) ចំនួនបួន និងអាចផលិតថាមពលអគ្គិសនីបានរហូតដល់ ១គីឡូវ៉ាត់ (kW)។ វាត្រូវបានបង្កើតឡើង ដើម្បីត្រួសត្រាយផ្លូវសម្រាប់បណ្តាញផ្កាយរណបហោះហើរជិតៗគ្នា នៅថ្ងៃអនាគត ដែលអាចបំពេញកិច្ចការងារទិន្នន័យធំៗ (Inference Workloads) នៅលើគន្លងតារាវិថី។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការថាមពលដ៏ច្រើនរបស់ឈីប TPU នេះ មានន័យថាវាអាចបើកដំណើរការបានត្រឹមតែប្រហែល ២០នាទីប៉ុណ្ណោះក្នុងពេលជាមួយគ្នា ដែលធ្វើឱ្យកិច្ចការទំនាក់ទំនងរវាងអវកាស និងផែនដីកាន់តែមានភាពស្មុគស្មាញ។ បន្ទាប់ពីដំណើរការត្រួតពិនិត្យប្រព័ន្ធផ្សេងៗរ បស់ផ្កាយរណបប្រហែល ៣សប្តាហ៍ យានអវកាសនេះក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមការងារ។ នៅពេលដែលវិស្វករនៅលើផែនដីបានផ្ញើសំណួរដំបូងក្នុងសប្តាហ៍នេះ ពួកគេបានសួរទៅកាន់ម៉ូដែលបញ្ញាសិប្បនិម្មិត (AI) ដែលបានផ្ទុកទុកស្រាប់នៅលើផ្កាយរណប គឺម៉ូដែល Gemma 4 របស់ក្រុមហ៊ុន Google DeepMind ឱ្យសរសេរកំណាព្យខ្លី (Haiku) អំពីការរស់នៅក្នុងលំហអាកាស។

ក្រុមហ៊ុន Google បានឱ្យដឹងថា ខ្លួនបានធ្វើតេស្តម៉ូដែលនេះ ជាមួយនឹងកំណាព្យលក្ខណៈកំប្លែងៗដែលទាក់ទងនឹងលំហអាកាស ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺក្រុមហ៊ុនបានស្នើសុំឱ្យយានអវកាសនេះរាយការណ៍អំពីលក្ខខណ្ឌបរិយាកាសជុំវិញគន្លងតារាវិថីរបស់វាផងដែរ។ អ្នកនាំពាក្យម្នាក់បានប្រាប់សារព័ត៌មាន TechCrunch ថា ផ្កាយរណបនេះកំពុងដំណើរការយ៉ាងល្អប្រសើរ។

Google បានធ្វើតេស្តយ៉ាងទូលំទូលាយរួចមកហើយលើឈីប TPU របស់ខ្លួននៅក្នុងម៉ាស៊ីនបង្កើនល្បឿនភាគល្អិត (Particle Accelerators) នៅលើផែនដី ប៉ុន្តែឥឡូវនេះពួកគេត្រូវការពិតប្រាកដថា តើផលប៉ះពាល់ពិតប្រាកដនៃវិទ្យុសកម្មនៅក្នុងលំហអាកាសមកលើ (Hardware) របស់ខ្លួន នឹងផ្ដល់លទ្ធផលយ៉ាងណាចំពោះខួរក្បាលដំណើរការ (Processor)។ ប្រសិនបើឈីប TPU នៅលើយានអវកាសនេះបង្ហាញពីសមត្ថភាពល្អ ជំហានបន្ទាប់គឺការបាញ់បង្ហោះផ្កាយរណបចំនួនពីរគ្រឿងទៀតដែលបំពាក់ដោយឈីបកម្រិតខ្ពស់នេះនៅឆ្នាំ ២០២៧។ យានអវកាសទាំងនោះនឹងគាំទ្រដល់ការផលិតថាមពលកាន់តែខ្ពស់ និងបង្ហាញពីសមត្ថភាពតភ្ជាប់អុបទិករវាងផ្កាយរណប និងផ្កាយរណប (Inter-satellite optical links)។

គួរចម្រាបថា គម្រោង Suncatcher របស់ Google គឺជាគំនិតផ្តួចផ្តើមដ៏លេចធ្លោមួយក្នុងចំណោមគម្រោងមជ្ឈមណ្ឌលទិន្នន័យក្នុងអវកាសដទៃទៀត ដែលមានផែនការប្រើប្រាស់ការតភ្ជាប់ល្បឿនលឿនរវាងផ្កាយរណប ដើម្បីទ្រទ្រង់ដល់កិច្ចការងារចែកចាយដែលស៊ីសង្វាក់គ្នា។ ចំណែកឯមជ្ឈមណ្ឌលទិន្នន័យរបស់ក្រុមហ៊ុន SpaceX ក៏ត្រូវបានគេរំពឹងថានឹងប្រើប្រាស់ការតភ្ជាប់ឡាស៊ែរដែរ ប៉ុន្តែពួកវាស្ថិតនៅក្នុងគន្លងឆ្ងាយពីគ្នាពេកក្នុងការចែករំលែកដំណើរការជាមួយគ្នាប្រកបដោយប្រសិទ្ធភាព។ ក្រុមហ៊ុនដូចជា Starcloud និង Cowboy Space រំពឹងថានឹងអនុវត្តកិច្ចការងារ Inference នេះនៅលើផ្កាយរណបនីមួយៗដាច់ដោយឡែកពីគ្នា៕