មជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប នឹងមានរូបរាងបែបណា? បេក្ខភាព Top 30 បង្ហាញស្នាដៃរចនាប្រជែងដណ្តើមកៅអី Top 10
31-10-2026 11:16
(ភ្នំពេញ)៖ កែប្រែផ្ទៃដីទំហំ ៨,៩ ហិកតាទៅជាមជ្ឈមណ្ឌលជិះសេះបែបខ្មែរសម័យទំនើប គឺជាវិញ្ញាសាប្រកួតប្រជែងក្នុងកម្មវិធី Heritage Through Equestrian Design Architecture Competition ដែលបើកឱកាសឱ្យស្ថាបត្យករខ្មែរ បានបញ្ចេញគំនិតរចនាថ្មីតាមរយៈប្លង់ស្ថាបត្យកម្មរបស់ខ្លួន។ ក្រោយឆ្លងកាត់ការជ្រើសរើសចេញពីស្នាដៃដាក់ប្រកួតសរុបចំនួន ៤៧ រួចមក ក្រុមបេក្ខភាព Top 30 បានឈានមកដល់វគ្គធ្វើបទបង្ហាញ ដើម្បីប្រជែងដណ្តើមកៅអី Top 10។
ក្រុមនីមួយៗមានពេល ១៥ នាទីសម្រាប់ធ្វើបទបង្ហាញ និងឆ្លើយសំណួររបស់គណៈកម្មការ ដោយប្លង់នីមួយៗ បាននាំមកនូវការបកស្រាយអត្តសញ្ញាណស្ថាបត្យកម្មខ្មែរតាមរបៀបខុសៗគ្នា។ ជាពិសេស គឹភាពស្រស់ស្អាតនៃស្ថាបត្យកម្ម ត្រូវដើរទន្ទឹមគ្នានឹងសុខុមាលភាព សុវត្ថិភាព និងបរិយាកាសកម្សាន្តរបស់ភ្ញៀវទេសចរ និងសេះផងដែរ។ ក្រោយការវាយតម្លៃពីគណកម្មការក្នុងវគ្គនេះ ក្រុមចំនួន ១០ នឹងត្រូវបានជ្រើសរើសឱ្យបន្តទៅវគ្គបន្ទាប់។
គួរបញ្ជាក់ផងដែរថា ការប្រកួតរចនា Heritage Through Equestrian Design Architecture Competition ត្រូវបានផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន ជីប ម៉ុង និង LAY GREEN សហការជាមួយសមាគមស្ថាបត្យករខ្មែរ ដើម្បីបើកឱកាសឱ្យកូនខ្មែរបានយកគំនិតរចនាថ្មីៗមកសាកល្បងលើគម្រោងសាងសង់ជាក់ស្តែង អមជាមួយប្រាក់រង្វាន់សរុប ១១,០០០ ដុល្លារ។ ក្នុងនោះ ជ័យលាភីលេខ ១ នឹងទទួលបាន ៥,០០០ ដុល្លារ, ជ័យលាភីលេខ ២ ទទួលបាន ៣,០០០ ដុល្លារ, ជ័យលាភីលេខ ៣ ចំនួន ២,០០០ ដុល្លារ, និងរង្វាន់ប្រជាប្រិយភាពចំនួន ១,០០០ ដុល្លារ៕










