OpenAI រឹតបន្តឹងព័ត៌មានអំពីអាវុធលើ ChatGPT សម្រាប់យុវវ័យ ដើម្បីទប់ស្កាត់អំពើហិង្សា
31-10-2026 14:34
(បរទេស)៖ ក្រុមហ៊ុន OpenAI បានប្រកាសថា ខ្លួននឹងរឹតបន្តឹងការផ្តល់ព័ត៌មានពាក់ព័ន្ធនឹងអាវុធតាមរយៈ ChatGPT សម្រាប់អ្នកប្រើប្រាស់វ័យជំទង់ ទោះបីជាសំណួរហាក់ដូចជាគ្មានគ្រោះថ្នាក់ក៏ដោយ។ វិធានការនេះមានគោលបំណងបង្ការអំពើហិង្សាក្នុងពិភពពិត ខណៈក្រុមហ៊ុន AI កំពុងរងការព្រួយបារម្ភកាន់តែខ្លាំងអំពីហានិភ័យចំពោះអ្នកប្រើប្រាស់វ័យក្មេង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦។
ក្រោមវិធានការថ្មី ChatGPT នឹងរឹតបន្តឹងព័ត៌មានជាក់ស្តែងអំពីអាវុធ និងប្រព័ន្ធសន្តិសុខដែលអាចត្រូវបានយកទៅប្រើប្រាស់ខុសគោលបំណង។ សម្រាប់អ្នកប្រើប្រាស់ទាំងអស់ ប្រព័ន្ធក៏អាចបញ្ចប់ការសន្ទនាដោយស្វ័យប្រវត្តិ ប្រសិនបើរកឃើញថាពួកគេផ្តោតខ្លាំងពេកលើអំពើហិង្សា ហើយ OpenAI អាចផ្អាកគណនីជាបណ្តោះអាសន្ន ប្រសិនបើការសន្ទនាបែបនេះកើតឡើងច្រើនដង។ ក្រុមហ៊ុនក៏នឹងកាត់បន្ថយព័ត៌មានលម្អិតអំពីការវាយប្រហារទ្រង់ទ្រាយធំកន្លងមក រួមទាំងអាវុធដែលបានប្រើ និងរបៀបដែលជនល្មើសទទួលបានអាវុធទាំងនោះ។
OpenAI ក៏បានពង្រឹងប្រព័ន្ធប៉ាន់ប្រមាណអាយុ ដើម្បីបញ្ជូនអ្នកប្រើប្រាស់ដែលប្រព័ន្ធសន្និដ្ឋានថាមានអាយុក្រោម ១៨ឆ្នាំ ទៅកាន់បទពិសោធន៍ ChatGPT សម្រាប់យុវវ័យ។ ក្រុមហ៊ុនគ្រោងជូនដំណឹងដល់ឪពុកម្តាយ ប្រសិនបើគណនីរបស់កូនៗត្រូវបានផ្អាក ដោយសារការពិភាក្សាអំពីអំពើហិង្សាម្តងហើយម្តងទៀត។ វិធានការថ្មីទាំងនេះនឹងចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ហើយនឹងត្រូវកែលម្អជាបន្តបន្ទាប់។
គួរជម្រាបថា កាលពីដើមខែតុលា OpenAI បានឱ្យដឹងថា យុវវ័យប្រើប្រាស់ ChatGPT ជាមធ្យមតិចជាង ១៥នាទីក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណា របាយការណ៍របស់អង្គការមិនរកប្រាក់ចំណេញ Common Sense Media បានរកឃើញថា ChatGPT ជំនាន់សម្រាប់យុវវ័យ ជារឿយៗជូនដំណឹងដល់ឪពុកម្តាយយឺតពេល ឬមិនជូនដំណឹងទាល់តែសោះ នៅពេលកូនៗពិភាក្សាអំពីការធ្វើអត្តឃាត ការធ្វើបាបខ្លួនឯង ឬបញ្ហាបរិភោគអាហារ៕













