* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ
* Farizon សម្រេចចាប់ដៃគូជាមួយ ក្រុមហ៊ុនកាពីតូល ជំរុញការធ្វើទំនើបកម្មដឹកជញ្ជូនអ្នកដំណើរដោយរថយន្តអគ្គិសនី
* Ronaldo ធ្វើបានហែតទ្រីកលើកទី៦៧ និងកើនបាន ៩៨៥គ្រាប់ ពីគោលដៅ 1K
* មជ្ឈមណ្ឌលទិន្នន័យអវកាសដំបូងរបស់ Google ដំណើរការហើយ និងអាចសរសេរកំណាព្យបានថែមទៀត
* លើសពីដណ្ដើមមេដាយ ប្រធានសហព័ន្ធវ៉ូវីណាម ជំរុញអត្តពលិកខ្លួនចូលរួមផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

AIS រៀបចំកម្មវិធី TEDxAmerican Intercon School លើកទី៣ បើកវេទិកាឱ្យយុវជនវ័យក្មេងចែករំលែកគំនិតថ្មី និងទស្សនៈច្នៃប្រឌិត

31-10-2026 14:49

(ភ្នំពេញ)៖ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានរៀបចំកម្មវិធី TEDxAmerican Intercon School លើកទី៣ ក្រោមមូលបទ «ពង្រីកទស្សនៈ៖ ភាពច្នៃប្រឌិត គំនិតថ្មី និងពិភពលោកដែលកំពុងផ្លាស់ប្តូរ» ដោយផ្តល់ឱកាសដល់យុវជនឆ្នើមវ័យក្មេងចំនួន១០រូប ដែលត្រូវបានជ្រើសរើសចេញពីបេក្ខជនជាង១៥០នាក់ ឱ្យឡើងបង្ហាញសមត្ថភាព ចែករំលែកគំនិតច្នៃប្រឌិត និងទស្សនៈរបស់ខ្លួនចំពោះបញ្ហា និងការផ្លាស់ប្តូរនានាក្នុងសង្គម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមអធិបតីភាពលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈកម្មការ លោកគ្រូ អ្នកគ្រូ វាគ្មិនកិត្តិយស មាតាបិតា និងអ្នកអាណាព្យាបាលសិស្សជាច្រើនកុះករ។

ថ្លែងក្នុងកម្មវិធីនេះ លោកស្រី រស់ យ៉ាណា បានមានប្រសាសន៍ថា កម្មវិធី TEDxAmerican Intercon School លើកទី៣ ជាវេទិកាដ៏សំខាន់មួយសម្រាប់យុវជនវ័យក្មេងក្នុងការបង្ហាញសមត្ថភាព ភាពក្លាហាន និងគំនិតច្នៃប្រឌិត ព្រមទាំងចែករំលែកទស្សនៈ និងចក្ខុវិស័យរបស់ខ្លួនចំពោះពិភពលោកដែលកំពុងផ្លាស់ប្តូរ។ លោកស្រីបានបញ្ជាក់ថា វាគ្មិនឆ្នើមវ័យក្មេងទាំង១០រូប ត្រូវបានគណៈកម្មការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ចេញពីបេក្ខជនជាង១៥០នាក់។ ការចូលរួមរបស់ពួកគេមិនត្រឹមតែជាការបង្ហាញគំនិត និងបទពិសោធផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសឱ្យអ្នកចូលរួមបានស្តាប់ និងឈ្វេងយល់ពីទស្សនៈថ្មីៗរបស់យុវជនមកពីសាលារៀនផ្សេងៗផងដែរ។

លោកស្រីបានបន្ថែមថា វិស័យអប់រំមានតួនាទីសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងជំរុញឱ្យយុវជនមានភាពក្លាហាន ចេះគិតពិចារណា និងមានសមត្ថភាពច្នៃប្រឌិត ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងសង្គម។ លោកស្រីបានលើកឡើងថា យុវជនត្រូវបន្តសិក្សាស្រាវជ្រាវ ពង្រីកចំណេះដឹង និងចែករំលែកបទពិសោធ ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាផ្សេងៗ ទាំងក្នុង
វិស័យអប់រំ បច្ចេកវិទ្យា បញ្ហាសង្គម និងជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងឱកាសដែលបច្ចេកវិទ្យាផ្តល់ជូន យុវជន ក៏ត្រូវចេះ ប្រើប្រាស់បច្ចេកវិទ្យាដោយការទទួលខុសត្រូវ និងត្រៀមខ្លួនទប់ទល់នឹងបញ្ហាប្រឈមក្នុងសម័យឌីជីថលផងដែរ។ លោកស្រីបានបន្តថា ការរៀនសូត្រជាបន្តបន្ទាប់ ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍជំនាញថ្មីៗ គឺជាកត្តាសំខាន់ដែល ជួយឱ្យយុវជនត្រៀមខ្លួនសម្រាប់អនាគត និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

វាគ្មិនទាំង១០រូប ក្នុងកម្មវិធី TEDxAmerican Intercon School លើកទី៣ នឹងលើកយកប្រធានបទចម្រុះទាក់ទងនឹងការសង្កេតមើលជីវិត បញ្ញាសិប្បនិម្មិត (AI) សុខុមាលភាពផ្លូវចិត្ត ឱកាសសម្រាប់យុវជន ព័ត៌មានមិនពិត ការបរាជ័យ ការស្រាវជ្រាវ និងការវាស់វែងភាពជោគជ័យ។

វាគ្មិនទាំង១០រូប និងប្រធានបទរបស់ពួកគេមានដូចខាងក្រោម៖

*១. សុខា អ៊ីង មកពី AIS៖ «The Art of Noticing: What If We Stop Looking for More and Start Noticing More?»
*២. ការ ចន្ទរិទ្ធី៖ «What If Cambodia’s Biggest AI Advantage Is Its Young People?»
*៣. សារឿន សុធីដានីកា មកពី Aii៖ «Are Young People Actually Okay, or Are They Just Good at Hiding It?»
*៤. ឈិញ ភាណុមា មកពី AIS៖ «Can Cambodia Create Opportunities People Don’t Need to Leave For?»
*៥. នាង អេលីវិជិតា មកពី Aii៖ «What If Success Is the Wrong Question?»
*៦. វឌ្ឍនៈ ឆេនពេជ្រ មកពី AIS Alumni៖ «Why Does Misinformation Feel More True Than the Truth?»
*៧. ហ៊ាន សុដាលីកា មកពី Aii៖ «What If Failure Is a Point of Data?»
*៨. វឌ្ឍនៈ ភិគុណកែវ មកពី AIS Alumni៖ «What Can Research Teach Us Beyond the Answer?»
*៩. ហេង គឹមសុធានី មកពីសាលារៀន សុវណ្ណភូមិ ៖ «Are We Measuring the Wrong Things?»
*១០. រី វីនស្សិន វិស្សុត មកពី East-West International School៖ «What Happens When AI Does the Homework?»

លោកស្រី រស់ យ៉ាណា បានបញ្ជាក់បន្ថែមថា TEDx ជាវេទិកាមួយដែលជំរុញការចែករំលែកគំនិត
ទស្សនៈ និងភាពច្នៃប្រឌិត ដើម្បីពង្រីកការយល់ដឹង និងផ្សព្វផ្សាយចំណេះដឹងទៅកាន់យុវជនឱ្យបានទូលំទូលាយ។ ក្នុងនាមសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រីបានបង្ហាញពី ការប្តេជ្ញាចិត្តក្នុងការបន្តរៀបចំកម្មវិធីនេះនាឆ្នាំបន្តបន្ទាប់ទៀត ដើម្បីបង្កើតឱកាសឱ្យយុវជនបានបង្ហាញសមត្ថភាព និងចែករំលែកគំនិតដែលអាចជំរុញការផ្លាស់ប្តូរជាវិជ្ជមានក្នុងសង្គម៕